ដោយៈ ប​.​ខុន / ភ្នំពេញៈ ផល​នេសាទ​ទឹកសាប ចាប់បាន​នៅលើ​ដែន​នេសាទ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង ឆ្នាំ​២០២១ មានការ​ថយចុះ ដោយសារ​ទឹក​ឡើង​យឺត​ពេល និង​មាន​កម្ពស់​ទាប តែ​ផល​ត្រី​ចាប់បាន នៅតាម​វាលស្រែ មានការ​កើនឡើង និង​បង្កង​ចាប់បាន ដោយ​ការនេសាទ​គ្រួសារ ក៏មាន​ចំនួន​កើនឡើង គួរកត់សម្គាល់​ដែរ នៅក្នុង​ឆ្នាំ​២០២១ កន្លងទៅនេះ​។​

​លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តព្រៃវែង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២២​ថាៈ ផល​នេសាទ​ដែល​ចាប់បាន លើ​ដែន​នេសាទ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង ឆ្នាំ​២០២១ បាន​ចំនួន ១៨.៧៣០ តោន បើ​ប្រៀបធៀប ទៅនឹង​ឆ្នាំ​២០២០ មានការ​ថយចុះ​ចំនួន ប្រមាណ​ជា ៨០០ តោន ដោយសារ​កត្តា ទឹក​ជន់​ឡើង​យឺត​ពេល និង​កម្ពស់​ទាប​ជាង​ឆ្នាំ​២០២០​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ផល​ចាប់​នៅតាម គន្លង​ដាយ ធ្វើ​អាជីវកម្ម​ត្រី​លេញ បាន​ចំនួន ២៨ តោន ក្នុងនេះ មាន​បង្កង​ចំនួន ០,០៦ តោន​, ដាយ​បង្កង​ចាប់បាន​ត្រី ចំនួន ២២ តោន ក្នុងនេះ​មាន​បង្កង ចំនួន ០,៣៣ តោន ការនេសាទ​គ្រួសារ ក្នុង​ដែន​នេសាទ ចាប់បាន​ចំនួន ៩.១១០ តោន ក្នុងនេះ មាន​បង្កង ចំនួន ៩,០៦ តោន និង​ការនេសាទ​គ្រួសារ ក្នុង​វាលស្រែ ចាប់បាន​ចំនួន ៩.៥៧០ តោន ក្នុងនេះ មាន​បង្កង​ចំនួន ៩,៤៥ តោន​។​

​លោក អូន​ស៊ី​ណាត បានបញ្ជាក់​ថាៈ ត្រី​ចាប់បាន​នៅតាម​គន្លង​ដាយ និង​ដែន​នេសាទ ថយចុះ តែ​ត្រី​ចាប់បាន​នៅតាម​វាលស្រែ មានការ​កើនឡើង តិចតួច និង បង្កង ក៏ ចាប់បាន​ច្រើន ជាង​ឆ្នាំមុន​ដែរ​។ បង្កង​ចាប់បាន​សរុប មាន​ចំនួន​ប្រមាណ ៩,៤៥ តោន​។ ផល​ត្រី​ថយចុះ​នេះ ដោយសារ​កត្តា​ទឹក​ជន់​ឡើង​យឺត​ពេល និង​មាន​កម្ពស់ ទាប​៕/V​