ដោយ:ម៉េងឆៃ / ភ្នំពេញ:ទោះបីជាឆ្នាំនេះ កូវីដ១៩ បានរារាំងមិនឲ្យគណបក្សប្រជាជនកម្ពុជា រៀបចំមិទ្ទិញ ជួបជុំប្រារព្ធពិធីអបអរសាទរទិវារម្លឹកខួបជ័យជម្នះ ៧មករា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែស្មារតី និងការចងចាំនូវថ្ងៃជាប្រវត្តសាស្ត្រ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជាកម្ពុជាយើង នៅតែស្ថិតក្នុងការចងចាំ ដែលជាសច្ចធម៌ប្រវត្តិសាស្ត្រ។

ការជួបជុំតាមមូលដ្ឋាន ឬជាក្រុមតូចៗ នៅបន្តធ្វើ ខណៈដែលនៅតាមហ្វេសប៊ុក ក៏បានចូលរួមអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្រ្តនេះ។ ក៏មានអ្នកប្តូររូបប្រូហ្វាល់តាមហ្វេសប៊ុក ដើម្បីរម្លឹកដល់ថ្ងៃ៧មករា ដែលជាថ្ងៃជ័យជម្នះ ផ្តួលរំលំរបបខ្មែរក្រហមដ៏ឃោរឃៅ។

ដើម្បីរម្លឹកដល់ថ្ងៃ៧មករា ព្រះសង្ឃ ៤៣ អង្គ យុវជន និងប្រជាពលរដ្ឋ ជាច្រើន សមាធិ ផ្សាយមេត្តាធម៌ សុំសេចក្តីសុខ និងឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ប៉ុល ពត។ ពិធីជួបជុំនោះ បានធ្វើឡើង នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

ក្រៅពីឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ប៉ុល ពត ព្រះសង្ឃ និងក្រុមយុវជន ក៏បានបណ្តុះបញ្ញា ស្មារតី និងការត្រិះរិះពិចារណា ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាការពារសុខសន្តិភាព សិទ្ធិសេរីភាព ជំរុញលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងរួមគ្នា ជាធ្លុងមួយ ក្នុងការប្រឆាំងដាច់ខាតនូវការវិលត្រឡប់ជាថ្មីម្តងទៀតនូវរបបដ៏ឃោរឃៅ ដោយសំដៅធ្វើឱ្យប្រជាជនរស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល សុវត្ថិភាព វិបុលភាព និងមានជីវភាពរស់នៅកាន់តែល្អប្រសើរ។

ឆ្លងកាត់រយៈពេល ៤៣ឆ្នាំ បន្ទាប់ពីត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ មាតុភូមិកម្ពុជា ជាទីស្នេហានៃយើង បានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជន ដែលបានពុះពារជម្នះរាល់ការលំបាកស្មុគស្មាញគ្រប់បែបយ៉ាង បង្កើតបានសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
ប្រជាជាតិមួយ ដែលរងការសម្លាប់រង្គាល កម្លាំងជាតិមួយ ដែលត្រូវខ្សោះខ្សោយ រីងស្ងួត ប៉ុន្តែ ៤៣ឆ្នាំ ក្រោយមក កម្ពុជាបានងើបឈរវិញយ៉ាងត្រដែត ប្រកបដោយមោទកភាពជាមួយនឹងវឌ្ឍនភាពលើគ្រប់វិស័យ បានធ្វើឲ្យមនុស្សមានសម្បជញ្ញៈទាំងឡាយ មើលឃើញច្បាស់នូវថាមពលរបស់ប្រជាជនកម្ពុជា ក្នុងការកសាង និងការពារមាតុភូមិរបស់ខ្លួន ស័ក្តិសមជាអ្នកបន្តមរតកពីបុព្វបុរសសម័យមហានគរ ដែលបានកសាងទឹកដី និងវប្បធម៌ អរិយធម៌អង្គរដ៏រុងរឿង។

យ៉ាងណាក៏ដោយ អត្ថន័យ ៧មករា នៅតែមានជនអគតិមួយចំនួន យល់ខុស ដោយចាត់ទុកថា ជាថ្ងៃ ដែលកងទ័ពវៀតណាម ចូលឈ្លានពានទឹកដីកម្ពុជា។ ប៉ុន្តែសំណួរ សួរថា បើគ្មានការជួយពីកងទ័ពវៀតណាម តើមានប្រជាជនកម្ពុជាប៉ុន្មានលាននាក់ទៀត ត្រូវខ្មែរក្រហម កាប់សម្លាប់? បើគិតត្រឹមតែ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ រាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម ក្រោមការដឹកនាំរបស់ប៉ុលពត បានសម្លាប់ខ្មែរជាតិសាសន៍ឯង អស់ប្រមាណ ២លាននាក់ទៅហើយ។

ដូច្នេះក្រោមការដឹកនាំចលនារំដោះជាតិពីឥស្សរជន ជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយមានជំនួយពីកងទ័ពវៀតណាមផង ទើបរបបខ្មែរក្រហម ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ ៧មករា ប្រៀបដូចជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតជីវិតពីការកាប់សម្លាប់របស់ខ្មែរក្រហម ហើយខិតខំកសាងប្រទេសពីចំណុចសូន្យឡើងវិញ។

៤៣ឆ្នាំមកនេះ ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសប្រជាជនវ័យក្មេង កាន់តែយល់ជ្រួតជ្រាបច្បាស់អំពីប្រវត្តិ និងអត្ថន័យជាប្រវត្តិសាស្ត្រនៃទិវាជ័យជម្នះ ៧ មករា ព្រមទាំងសមិទ្ធផលធំៗ ដែលប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល សម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ការចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានៃជ័យជម្នះ ៧ មករា ក៏ត្រូវបានថែរក្សា ពូនជ្រុំ រាល់សមិទ្ធផលនៃសង្គមជាតិ ហើយបន្តចូលរួមយ៉ាងសកម្ម ក្នុងការកសាង និងការពារមាតុភូមិឲ្យបានស្ថិតស្ថេរ រឹងមាំ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ មានអត្ថន័យយ៉ាងធំធេង និងជ្រាលជ្រៅបំផុត សម្រាប់ការស្ថិតស្ថិរ គង់វង្ស និងរីកចម្រើនរបស់ជាតិយើង មកដល់បច្ចុប្បន្ន ក៏ដូចត ទៅអនាគតយូរអង្វែង។ ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧ មករា ស្ថិតស្ថិរជានិច្ច ក្នុងដួងវិញ្ញាណរបស់ប្រជាជាតិយើងម្នាក់ៗ ដែលបានប្រែក្លាយជាកម្លាំងពិតដ៏ខ្លាំងក្លា ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់។

សមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់ លើគ្រប់វិស័យ ដែលប្រជាជនកម្ពុជា សម្រេចបានរយៈពេល ៤៣ឆ្នាំនេះ គឺជាសក្ខីភាពជាក់ស្តែង ដែលបញ្ជាក់ច្បាស់ថា ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជា បាន និងកំពុងធ្វើដំណើរទៅមុខ តាមទិសដៅដ៏ត្រឹមត្រូវ ហើយកាន់តែពង្រីកបាននូវភាពអំណោយផលឱ្យប្រជាជនយើង បន្តឈានទៅសម្រេចជោគជ័យកាន់តែធំធេងថែមទៀត ក្នុងការកសាង និងការពារមាតុភូមិ។

ព្រមជាមួយនេះ គប្បីចងចាំថា រាល់សមិទ្ធផល ដែលយើងសម្រេចបាន គឺបានមកដោយផ្តើមពីការយកឤយុជីវិត ធ្វើជាដើមទុន និងពីពលិកម្មដ៏ធំធេង មិនឤចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងជនរួមជាតិយើងរាប់លាននាក់។ ហេតុនេះ យើងទាំងអស់គ្នា ត្រូវប្តេជ្ញាថែរក្សារាល់សមិទ្ធផលដ៏ថ្លៃថ្លានេះ ឱ្យគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយ មកបំផ្លាញទៅវិញបាន ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។

យើងត្រូវរួមគ្នាការពារឱ្យបានដាច់ខាតនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ ហើយប្តេជ្ញាបន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆ្ពោះទៅកាន់ចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្លាយជាអរិយប្រទេសជឿនលឿនមួយ ក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពេលមុនទៀតឡើយ៕សរន