ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​យោងទៅលើ​គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់​អ្នកស្រី ទ្រី ដា​ណា​កាលពី​ថ្ងៃទី​៦​ខែ មករា​ឆ្នាំ​២០២២​បាន​បង្ហោះ​នូវ​សារ​ដ៏​វែង​អន្លាយ​ក្នុងនោះ​ក៏មាន​ពាក្យ​សូមទោស​ចំពោះ​ការប្រើ​ពាក្យ​ព្នង​ចុងស្រុក​ផងដែរ​។​

​អ្នកស្រី​បានសរសេរថា​ខ្ញុំ​ទើប​ទំនេរ​ដៃ បាន​មើល និង​យល់​ពី​រឿងនេះ​! ខ្ញុំ​មិន​ធ្លាប់​មើលងាយ​អ្នកណា ជាតិ​សាសន៍​ណា​ទេ មានតែ​ការគោរព​ស្រលាញ់ និង​ផ្ដល់​ស្នាមញញឹម​ជូន​ពួក​គាត​។​ប៉ុន្តែ​ការនិយាយ​ពេល​ខឹង តែងមាន​លើសលួស ឬ​កំហុស​មួយពេល ដោយសារ​ពេលនោះ​នាង​ខ្ញុំ​មិនបាន​និយាយ​សំដៅលើ​ពួកគាត់​ទេ គឺ​សំដៅលើ​អតីត​ប្ដី​នាង​ខ្ញុំ​ប៉ុណ្ណោះ ដោយសារ​ខឹង​ពេក នាង​ខ្ញុំ​សុំទោស ចំពោះ​ការប្រើ​ពាក្យ​ព្នង​ចុងស្រុក​។ តែ​ការនិយាយ​នោះ មិនមាន​ចេតនា ប្រមាថមើលងាយ​លើ​បងប្អូន​ជនជាតិ​ពូ​នង​ទេ​។

​នាង​ខ្ញុំ​គោរព​ស្រលាញ់ ចូលចិត្ត​វប្ប​ធ​ម៍​បងប្អូន​ជនជាតិដើម​ភាគតិច​។ ខ្ញុំ​ស្រលាញ់​ទឹកដី​មណ្ឌលគិរី ហើយ​ថែមទាំង​ទិញ​ដី​សង់ផ្ទះ​នៅ​ទីនោះ​ឆាប់ៗ​ផង (​កំពុង​សង់​)
​បងប្អូន​សាក​ចូល​មើល​ក្នុង​ផេ​កនាង​ខ្ញុំ​បន្តិច​ទៅ​មើល នាង​ខ្ញុំ​ធ្វើបុណ្យ មិនដែល​រើសអើង​ជាតិ​សាសន៍ ឬ​អ្នកណា មកពីណា​នោះទេ​។ នាង​ខ្ញុំ​សូម​សំណូមពរ កុំអោយ​មានការ​រើស​អើ​ស​ជាតិ​សាសន៍ ជាពិសេស​គោរព​ស្រលាញ់​ជនរួមជាតិ លើ​ទឹកដី​ខ្មែរ​តែមួយ​។​

​នាង​ខ្ញុំ​សុំទោស​ផង មួយរយៈ​នេះ រវល់​ខ្លាំង ទើប​មិនបាន​តាមដាន​រឿងនេះ តែ​ឥឡូវ​យល់​ពី​ទឹកចិត្ត​របស់​បងប្អូន​ជនជាតិ​ពូ​នង​ហើយ គាត់​គ្រាន់តែ​ចង់អោយ​ឈប់​ប្រើពាក្យ​មិនល្អ​ទៀត​ប៉ុណ្ណោះ​។ស្រលាញ់​បងប្អូន​ជនជាតិ​ពូ​នង និង​បងប្អូន​ជនជាតិដើម​ភាគតិច​ទាំងអស់គ្នា​ណាស់​ណ​ព្វ​ចិត្ត​អើយ ហើយ​ចាំ​ទទួល​ផង តិច​ទៀត ផ្ទះ​នៅ​មណ្ឌលគិរី​ធ្វើ​រួច ចែ​ដា​ណា​ទៅ​នៅ​នោះដែរ​ហើយ សុំ​សាក​ម្ហូប​ឆ្ងាញ់ៗ​ផង​។​

​សូមបញ្ជាក់ថា​អ្នកស្រី ទ្រី ដា​ណា​បាន​រង​នូវ​ការប្តឹង​ពី​ពលរដ្ឋ​សហគមន៍​ជនជាតិដើម​កាលពី​ថ្ងៃទី​៣​ខែមករា ថា​បាន​ជេរប្រមាថ​និង​មើលងាយ​ជា​សាធារណៈ​ដល់​ជនជាតិដើម​ព្នង​។​នៅក្នុង​ពាក្យបណ្តឹង​សហគមន៍​ទាំង​១២​នាក់​បាន​ប្តឹង​ទាមទារ​ឱ្យ​អ្នកស្រី ទ្រី ដា​ណា​៖
១.​សូមឱ្យ​សូមទោស​ជា​សា​ធា​រណះ​ដល់​ជនជាតិដើម​ព្នង​
២.​សូមឱ្យ​បង់ប្រាក់​ពិន័យ​ចំនួន​១០​លាន​រៀល​
៣.​សូមឱ្យ​សងជំងឺចិត្ត​២០​ម៉ឺន​ដុល្លារ​

​នៅ​ថ្ងៃទី​៧​ខែមករា​នេះ​រស្មី​កម្ពុជា​ពុំទាន់​ទទួលបាន​ការបញ្ជា​ក់ណា​មួយ​ពី​សហគមន៍​ជនជាតិដើម​ព្នង​នៅឡើយ​នោះទេ​៕​សរន​