ដោយ:សរិទ្ធ/ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តធុនធំក្រុមហ៊ុន L.M.H បើកបុកពីក្រោយ និងកិនកាលពីវេលាម៉ោង ៨:៥០ យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅចំណុចខាងកើតស្តុបចូលបឹងតាម៉ាត តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១I ៨៦៣៥ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំរបស់ក្រុមហ៊ុន L. M. H ក្បាលពណ៌ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ ៣A ១៦៧៩ ធ្វើដំណើរមកពីក្រោយហើយបុកនិងកិនម៉ូតូបណ្តាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់ ភ្លាមនោះតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។
ក្រោយកើត ហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕