ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​៧​ខែមករា​នេះ សម្តេច​បាន​សរសេរ​ងា នៅ​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២​នេះ​គឺជា​ខួប​លើក​ទី ៤៣​ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២២) ដែល​ប្រទេស​កម្ពុជា​ក៏ដូចជា​ពលរដ្ឋ​ទូទាំងប្រទេស ត្រូវបាន​សង្គ្រោះ រំដោះ​ចេញផុត​ពីរ​បប​ប្រល័យពូជសាសន៍ (​កម្ពុជា​ប្រជាធិបតេយ្យ​) ដ៏​ខ្មៅ​ងងឹត​ដែល​បាន​ដឹកនាំ​ប្រទេស​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៧៩ បានធ្វើឱ្យ​បាត់បង់​អាយុជីវិត​ពលរដ្ឋ​ស្លូតត្រង់​រាប់លាន​នាក់ ប្រទេសជាតិ​ទាំងមូល​បាន​វិនាស​ខ្ទេចខ្ទី​សឹង​គ្មាន​សល់​។​

​សម្តេច​បាន​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ឆ្ងាយ​ជិត បាន​រំដោះ​ប្រទេសជាតិ​និង​អាយុជីវិត​ពលរដ្ឋ នៅ​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩​។ ៧​មករា​ឆ្នាំ​១៩៧៩ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ចាត់ទុកថា​ជា​ថ្ងៃកំណើត​ទី​២​របស់ខ្លួន​។ គ្មាន​៧​មករា​ឆ្នាំ​១៩៧៩​គឺ​គ្មាន​ថ្ងៃ​នេះឡើយ​។ នៅក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ ប្រទេសជាតិ​ទាំងមូល​បាន​ផ្តើមកសាង អភិវឌ្ឍន៍ មាន​សុខសន្តិភាព រីកចម្រើន​គ្រប់​វិស័យ​មកដល់​សព្វថ្ងៃ​។

​កម្ពុជា​បច្ចុប្បន្ន មាន​កិត្យានុភាព និង​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ​និង​បាន​កំពុង​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការចូលរួម​កសាង​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សាមគ្គីភាព របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​និង​អន្តរជាតិ​តាមរយៈ​វេទិកា​អន្តរជាតិ​ជាច្រើន ទាំង​នៅ​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ដូចជា​នៅ​ឆ្នាំ​២០២២​នេះ សភា​កម្ពុជា​ជា​ប្រធាន​អន្តរ​សភា​អាស៊ាន (AIPA) ចំណែក​រាជរដ្ឋាភិបាល​ជា​ប្រធាន​អាស៊ាន​(ASAEN) ជាដើម​នោះ​។​

​សម្តេច​ចក្រី​បានបញ្ចប់​សំណេរ​នេះ​ដោយ​បញ្ជាក់ថា នៅក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី ៤៣ ថ្ងៃជ័យ​ជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យ​ស្មារតី​ថ្ងៃ​រំដោះជាតិ​នេះ ស្ថិតនៅក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង មហា​គ្រួសារ​ខ្មែរ​ស្ថិតនៅ​ជា​អមតៈ​ក្រោម​ម្លប់​សុខសន្តិភាព​ជា​រៀងរហូត​តទៅ​៕