​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ឃ្លីប​វីដេអូ​ត្រជាក់​ចុងដៃចុងជើ​ង​មួយ​បាន​បង្ហាញ​ពី​របៀប​ដែល​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​ប៊ិះ​ធ្លាក់​ពី​ច្រាំង​ថ្មភ្នំ​កម្ពស់ ១០០ ម៉ែត្រ​ក្នុងប្រទេស​ចិន​បន្ទាប់​ពី​អ្នក​​បើកបរ​ជឿ​តាម​ព័ត៌មាន​ផ្កាយរណប នាំ​រថយន្ត​ឡើង​ទៅ​ដល់​លើ​ផ្លូវ​តូច​ចង្អៀត​មួយ​នៅ​លើ​ចង្កេះ​ភ្នំ​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ១ ខែ​មករា​នៅ​ជិត​ទីក្រុង​ចាង​ជី​ក្នុង​ខេត្ត​សាន​ស៊ី​ភាគ​ខាងជើង​ប្រទេស​ចិន​។​

​មន្ត្រី​មូលដ្ឋាន​បាន​និយាយថា អ្នកបើកបរ​បាន​បន្ត​ដំណើរ​តាម​ផ្លូវ​ភ្នំ​តូចចង្អៀត​នេះ ដោយសារ​គាត់​មើល​តាម​ព័ត៌មាន​ពី​ផ្កាយរណប​។​

​ទោះយ៉ាងណា ដោយសារ​ផ្លូវ​កាន់តែ​ចង្អៀត​ទៅៗ អ្នកបើកបរ​ក៏​សម្រេចចិត្ត​ចុះ​ពីលើ​ភ្នំ​វិញ ប៉ុន្តែ​មិន​អាច​បត់​រថយន្ត​ថយ​ក្រោយ​បាន​។​ផ្ទុយទៅវិញ គាត់​បានចាប់ផ្តើម​ថយ​ឡាន ដោយ​ម្ខាង​គឺ​ទល់មុខ​ជញ្ជាំង​​ថ្មភ្នំ​និង​ម្ខាង​ទៀត​គឺ​បែរ​ទល់នឹង​ច្រាំង​ថ្មភ្នំ​។​

​កង់​មួយ​របស់​រថយន្ត​បាន​រអិល​ធ្លាក់​ពីលើ​ផ្លូវ បណ្តាលឱ្យ​រថយន្ត​សំយុង​ចុះ​ពី​ច្រាំង​ថ្មភ្នំ​យ៉ាង​គ្រោះថ្នាក់​បំផុត​។​

​អ្នកបើកបរ​និង​អ្នកដំណើរ​ម្នាក់​បាន​លោត​គេចចេញ​ពី​កាប៊ីន​រថយន្ត មុន​ពេល​ក្រុម​សង្គ្រោះ​ជួយ​ទាញ​រថយន្ត​មក​ទី​សុវត្ថិភាព​វិញ​៕

​រថយន្ត​កុងតឺន័រ​ប៊ិះ​ធ្លាក់​ពី​ច្រាំង​ថ្មភ្នំ​នៅ​ទីក្រុង​ចាង​ជី​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១​មករា​២០២២