ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អ្នក​រៀបចំ​កម្មវិធី​អូឡាំពិក​បានប្រកាសថា អ្នកដឹកនាំ​រឿង​ជនជាតិ​ចិន​ល្បី​រន្ទឺ​លោក ចាង យី​មូ​ដែលជា​អ្នក​រៀបចំ​ពិធី​បើក​ដ៏​អស្ចារ្យ​នៃ​កីឡា​អូឡាំពិក​រដូវ​​ក្តៅ​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ ២០០៨ នឹង​ទទួលយក​តួនាទី​នេះ​ឡើង​វិញ​សម្រាប់​ការប្រកួត​អូឡាំពិក​រដូវរងា​នៅ​ខែ​ក្រោយ​នៅក្នុង​រដ្ឋធានី​ប៉េកាំង​។​

​លោក​ចាង​អាយុ ៧១ ឆ្នាំ​បាន​សន្យាថា​នឹង​បង្ហាញ “​ភាព​ច្នៃប្រឌិត​ថ្មី​ទាំង​ស្រុង​” ខណៈ​ទទួល​ស្គាល់​ថា​ជំងឺ​រាតត្បាត​ជា​សកល​និង​អាកាសធាតុ​ត្រជាក់​នឹង​រឹតត្បិត​ទំហំ​នៃ​ពិធី​បើក​បើ​ប្រៀបធៀប​ទៅនឹង ១៤ ឆ្នាំ​មុន​នៅ​ពេល​ដែល​អ្នក​សម្តែង ១៥.០០០ នាក់​បាន​ចូលរួម​។​

​លោក​ចាង​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ស៊ីន​ហួរ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​៧​មករា​ថា​”​ភាពសាមញ្ញ​ដូច​នៅក្នុង​ខ្សែភាពយន្ត​សិល្បៈ​ក្បាច់គុន​គឺ​ប្រៀប​បី​​ដូចជា​ដាវ​របស់​គ្រូ​យ៉ាង​អ៊ីចឹង​។ វា​មើលទៅ​ហាក់ដូចជា​ការចាក់​ដ៏​សាមញ្ញ​មួយ ប៉ុន្តែ​មាន​អំណាច​ចេស្តា​ណាស់​”​។​

​អ្នកដឹកនាំ​រឿងបុរាណ​ចិន​ដូចជា​រឿង Red Sorghum រឿង Raise the Red Lantern និង​រឿង​ក្បាច់គុន​ល្បីៗ​ដូចជា​Hero និង House of Flying Daggers បាន​និយាយថា អ្នក​សម្តែង​ប្រហែល ៣.០០០ នាក់​នឹង​ចូលរួម​។​

​លោក​ចាង​បាន​និយាយថា ការសម្តែង​បើកឆាក​នឹង​បង្ហាញ​នូវ “​គំនិត​ក៏​ក្លាហាន​” សម្រាប់​ការបំភ្លឺ​ភ្លើង​គុប​អូឡាំពិក ដែល​នឹង​មាន​គំនិត​ថ្មីៗ​ជាច្រើន​ដូចជា “​ការការពារ​បរិស្ថាន និង​ការបំភាយ​កាបូន​ទាប​” ។​

​លោក​មិន​បាន​ផ្តល់​តម្រុយ​អ្វី​ផ្សេង​ទៀត​ទេ ប៉ុន្តែ​ទូរទស្សន៍​រដ្ឋ CGTN បាន​ដកស្រង់​សម្តី​លោក​ចាង​ដាច់ដោយឡែក​ពី​គ្នា​មួយ ដោយ​និយាយថា ខ្លឹមសារ​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ក៏​នឹង​បង្ហាញ​នៅក្នុង​ផ្ទាំងទស្សនីយភាព​បើកឆាក​អូឡាំពិក​ដែរ​។

​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ថ្ងៃទី ៤-២០ ខែ​កុម្ភៈ គឺ​ប្រព្រឹត្តទៅ​ស្របពេល​ជាមួយនឹង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​របស់​ចិន​៕

លោក ចាង យី​មូ​នឹង​រៀបចំ​ពិធី​បើក​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​ខែ​ក្រោយ​នេះ​