ភ្នំពេញៈដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​និង​ជា​នាយករដ្ឋមន្ត្រី នៃ​សា​ធារណ​រដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែមករា ឆ្នាំ​២០២២ បានបញ្ចប់​ដោយ​ជោគជ័យ​ដែល​លទ្ធផល​ទទួលបាន​គឺ​មជ្ឈដ្ឋាន​នានា​មិន​នឹកស្មាន​ដល់​។ មិន​នឹកស្មាន និង​អាច​ខុសពី​ការរំពឹងទុក​របស់​ក្រុម​ជន​អគតិ​មួយចំនួន ព្រោះ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នេះ គឺ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បញ្ជាក់ជូន​ប្រធាន​អាស៊ាន​ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានប្រកាស​បទ​ឈប់​បាញ់​គ្នា​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ទាំងអស់ ក្នុង​រយៈពេលប្រាំខែរហូតដល់​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២ និង​បានសម្រេច​ពន្យារ​បទ​ឈប់​បាញ់​គ្នា​បន្ថែមទៀតរហូតដល់​ចុងឆ្នាំ​២០២២​។

​ការប្រកាស​បទ​ឈប់​បាញ់​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​នេះ ត្រូវ​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​។ នេះ​ជាការ​ចាប់ផ្តើម​ដ៏​វិជ្ជមាន និង​ជាការ​បោះជំហាន​ទៅមុខ​របស់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការនាំ​ប្រទេស​មី​យ៉ាន់​ម៉ា​វិល​ទៅរក​ប្រក្រតីភាព​វិញ និង​ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​មិនឱ្យ​ជីវិត​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ទាំង​យោធា​និង​ទាំង​ប្រជាពលរដ្ឋ​ធម្មតា កុំឱ្យ​បន្ត​បាត់បង់​ជីវិត របួសស្នាម និរាស​ព្រាត់ប្រាស់ រត់ចោល​ផ្ទះសម្បែង​ដោយសារតែ​ការបាញ់​ប្រយុទ្ធ​គ្នា​រវាង​ភាគី​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​។

​ការប្រកាស​បទ​ឈប់​បាញ់​គ្នា​ពី​រដ្ឋាភិបាលយោធា​នេះ​គឺជា​លទ្ធផល​មួយ​ដ៏​សំខាន់ ហើយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យទទួល​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាជន បញ្ឈប់​រាល់​អំពើហិង្សា និង​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ខ្ពស់បំផុត ដែល​ទង្វើ​ទាំងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង និង​បើកផ្លូវ​ឱ្យមាន​កិច្ចសន្ទនា​ប្រកបដោយ​ស្មារតី​ស្ថាបនា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ស​ន្ថិ​ភាព​យូរអង្វែង និង​ការអភិវឌ្ឍ​ជាតិ​។ ក្នុងន័យនេះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ បាន​ស្វាគមន៍​ការចូលរួម​របស់​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់​ជាមួយ​អង្គការ ប្រដាប់អាវុធ​ជនជាតិភាគតិច​។​

​ការប្រកាស​បទ​ឈប់​បាញ់​គ្នា​ដោយ​ផ្តើម​ពី​រដ្ឋាភិបាល និង​ត្រូវការ​ចាំបាច់​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នេះ គឺជា​ចំណុច​សំខាន់ នៅក្នុង​ដំណើរការ​ស្វែងរក​សុខ​សន្តិភាព ព្រោះថា តាម​បទពិសោធ​នៅលើ​ពិភពលោក សង្គ្រាម​មិនអាច​បញ្ចប់​ដោយ​ចុង​កាណុង​បានឡើយ គឺ​ត្រូវ​ឈរលើ​មូលដ្ឋាន​នៃ​ការចរចា​និង​ពិភាក្សា​​គ្នា​រក​ដំណោះស្រាយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្គាល់​ច្បាស់ និង​មាន​បទ ពិសោធ​យ៉ាង​ជ្រាលជ្រៅ​លើ​កិច្ចការ​នេះ ព្រោះ​សម្តេច​បានចាប់ផ្តើម​សង្គ្រោះ​ជាតិ​និង​ប្រជាជន​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន និង​បាន​ដឹកនាំ​ការចរចា ក្នុងការ​ស្វែងរក​សន្តិ​ភាព​ជូន​កម្ពុជា ហើយ​អ្វីដែល​ពិភពលោក​ទទួលស្គាល់​នោះ​គឺ​សម្តេច​តេ​ជោ​ជា​ស្ថាបនិក​នៃ​សន្តិភាព​កម្ពុជា តាមរយៈ​ការដាក់​ចុះ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដើម្បី​បញ្ចប់សង្គ្រាម​នាំយក​សុខសន្តិភាព​ពេញលេញ ឯកភាព​ជាតិ ឯកភាព​ទឹកដី​សម្រាប់​ជាតិ​និង​ប្រជាជន​កម្ពុជា និង​ធ្វើឱ្យ​កម្ពុ​ជាមាន​រដ្ឋធម្មនុញ្ញ​តែមួយ មាន​រាជរដ្ឋាភិបាល​តែមួយ មាន​កងកម្លាំងប្រដាប់អាវុធ​តែមួយ​ដែល​មិន​ធ្លាប់មាន​សោះ​រយៈពេល​ជាង ៥០០ ឆ្នាំ​ចុងក្រោយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​និង​ជា​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហភាព​​មី​យ៉ាន់​ម៉ា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចែករំលែក​អំពី​ភាពជោគជ័យ​នៃ​គោលនយោបាយ ឈ្នះ​-​ឈ្នះ​របស់​កម្ពុជា ដែល​សម្រេចបាន​នូវ​ការផ្សះផ្សា​ជាតិ សន្តិភាព​យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​។ សម្តេច​តេ​ជោ​ក៏បាន​សង្កត់ធ្ងន់ថា តាម​បទពិសោធ និង​មេរៀន​ដែល​កម្ពុជា​ទទួលបាន​ពី​ដំណើរការ​សន្តិភាព​, សន្តិភាព​ពេញលេញ និង​ការបង្រួបបង្រួម​ជាតិ​មិនអាច​សម្រេច​បានទេ ប្រសិនបើ​គ្មាន​ការចូលរួម និង​ការ​ព្រមព្រៀងគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ក្នុង​ស្មារតី​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ បាន​ធានា​ការសម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មី​យ៉ាន់​ម៉ា និង​ការជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច ដោយ​ពិចារណា​ទៅលើ​ស្ថានការណ៍​ជាក់ស្តែង​នៅ​មី​យ៉ាន់​ម៉ា​។​

​គ្រប់ភាគី​ទាំងអស់​ចាំបាច់​ត្រូវ​ចូលរួម​គោរព​បទ​ឈប់​បាញ់​គ្នា​នេះ​ព្រោះ​ជាការ​ចូលរួម​ការពារ​អាយុ ជីវិត​មនុស្ស និង​មិន​បង្កឱ្យមាន​ការឈឺចាប់ និង​ការ​សងសឹក​គ្នា​។ ការថែរក្សា​បាន​នូវ​បទ​ឈប់​បាញ់​គ្នា​នេះ នឹងធ្វើ​មូលដ្ឋានគ្រឹះ​នៃ​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ការផ្សះផ្សារ​បង្រួបបង្រួម​ជាតិ និង​ការកសាង​ឯក ភាព​ជាតិ​កាន់​តែមាន​ភាពរឹងមាំ ហើយ​អាច​នឹង​ផ្តល់ឱ្យ​គ្រប់ភាគី​ទាំងអស់​អង្គុយ​ក្នុង​តុ​ចរចា​រួមគ្នា​បង្កើត​ការ យោគយល់​គ្នា ដើម្បី​រក​ដំណោះស្រាយ​ពេញលេញ​លើ​ជម្លោះ​កើតឡើង​។ នរណា​ដែល​ប្រឆាំងនឹង​បទ​ឈប់​បាញ់​នេះ គឺជា​ការបំផ្លាញ​អាយុជីវិត​មនុស្ស និង​ជាការ​បង្ហាញ​ពី​ចេតនា​នៃ​ការចិញ្ចឹម​ជម្លោះ​នៅ​មី​យ៉ាន់​ម៉ា និង​ជាការ​កេងចំណេញ​ផ្នែក​នយោបាយ​សម្រាប់​ផលប្រយោជន៍ និង​កំពុងតែ​រុញច្រាន​ប្រទេស​មី​យ៉ាន់​ម៉ា ឱ្យចូល ទៅក្នុង​ភ្នក់ភ្លើង​សង្គ្រាមស៊ីវិល​ពេញទំហឹង ដែល​មហន្តរាយ​នៃ​ការស្លាប់​បាត់បង់​ជីវិត​មនុស្ស ក្នុងនោះ​មាន ស្ត្រី​និង​កុមារ​កាន់តែច្រើន​។
​ ​
​ជាមួយគ្នានេះដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក៏បាន​ទទួល​ភាពជោគជ័យ​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ជា ពិសេស​ប្រជាជន​ដែល​កំពុង​ត្រូវការ​ជំនួយ​បំផុត ថ្នាក់ដឹកនាំ​កម្ពុជា និង​មី​យ៉ាន់​ម៉ា បាន​គាំទ្រ​ឱ្យមាន​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ រួមមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា អគ្គលេខាធិការ​អាស៊ាន តំណាង​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) និង​ក្រុមការងារ​ថ្នាក់ជាតិ​ដើម្បី​សម្រប​សម្រួលការ​ផ្តល់ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌​និង​គ្រប់គ្រង​គ្រោះមហន្តរាយ សង្គម​កាកបាទក្រហម​មី​យ៉ាន់​ម៉ា និង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ដែល​ពាក់ព័ន្ធ​។ ភាគី​ទាំងពីរ​បានទទួល​ស្គាល់​នូវ​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុងការ​បង្កើតឱ្យមាន​យន្តការ និង​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប ដើម្បី​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ស្រប​ជាមួយនឹង​ការផ្ដល់​ជំនួយ​មនុស្សធម៌​ឱ្យមាន​ប្រសិទ្ធភាព​ដល់​ប្រជាជន​ដែល​ត្រូវការ​បំផុត ដោយ​គ្មាន​ការរើសអើង ដោយហេតុថា គ្មាន​អ្វីដែល​សំខាន់​ជាង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នោះឡើយ​។​
​ ​
​ជំនួយ​មនុស្សធម៌​គឺជា​តម្រូវ​ការចាំបាច់​បំផុត​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​រត់​ភៀសខ្លួន និង​ប្រជាពលរដ្ឋ​ដទៃទៀត​។ គ្រប់ភាគី​ទាំងអស់​មិនត្រូវ​បំផ្លាញ​កិច្ចខិតខំ​ប្រឹងប្រែង​នេះឡើយ ព្រោះ​ពលរដ្ឋ​ដែល​ងាយ​រង គ្រោះ​កំពុង​ដង្ហោយ​ស្វែងរក​ជំនួយ​។ ប្រសិនបើ​ជន​ទាំងឡាយណា​ប្រឆាំងនឹង​ការផ្តល់​ជំនួយ​មនុស្សធម៌​នេះ នោះ​អ្នក​ទាំងនោះ​គឺជា​អ្នក​ដែល​ចង់ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​ដោយ​អត់បាយ និង​ថ្នាំសង្កូវ​ព្យាបាល ដែល​នេះ​គឺជា​ការធ្វើឱ្យ​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​រងគ្រោះ​ទ្វេដង​គឺ​រងគ្រោះ​ទាំង​ជម្លោះ​ប្រដាប់អាវុធ និង​ការ​អត់​អាហារ និង​គ្មាន​ថ្នាំសង្កូវ​។​

​តាមរយៈ​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ គឺជា​ការ​ផ្តល់នូវ​ក្តីសង្ឃឹម​ថ្មី​ដល់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា ហើយ​រំពឹងថា​ពិភពលោក​នឹង​អបអរសាទរ​និង​ចូលរួម​គោរព​លទ្ធផល​ផ្លែផ្កា​នេះ​ដើម្បី​បន្តដំណើរ​ដ៏​វែងឆ្ងាយ​បន្ថែមទៀត​ក្នុង​ការនាំ​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅរក​ប្រក្រតីភាព​ឡើងវិញ និង​ធ្វើឱ្យ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មាន​សាមគ្គីភាព​ខ្ពស់ ព្រមទាំង​រក្សាបាន​នូវ​គោលការណ៍​កង់​សង់​ស៊ី​ស និង​គោលការណ៍​អាស៊ាន ១០ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ភាព​រឹង មាំ​របស់​ប្រជាជាតិ​មួយ​នេះ​។ សូម​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ផ្តួច​ផ្តើមគំនិត​ដ៏​មានតម្លៃ​សម្រាប់​ការកសាង​សន្តិភាព ការផ្សះផ្សា​ជាតិ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​៕

ដោយៈ​ចៅ​ចាក់ស្មុក​
​រាជធានី​ភ្នំពេញ ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២២