​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ពិព័រណ៍​បច្ចេកវិជ្ជា CES នៅ​ទីក្រុង​ឡាសវេ​ហ្គាស​បាន​បិទ​កម្មវិធី​ប្រចាំ​ឆ្នាំ ២០២២​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ទី​៧​មករា​ជាមួយនឹង​ទស្សនិកជន​​ចូលរួម​មាន​ការថយចុះ​យ៉ាងច្រើន​ក្នុងពេល​កំពុង​មាន​ករណី​កូវី​ដ​កើនឡើង​យ៉ាង​ខ្លាំង​។​

​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំៗ​ដូចជា Amazon និង Google បាន​នៅ​ឆ្ងាយ​ពី​ពិព័រណ៍​នេះ​ដោយសារ​ហានិភ័យ​នៃ​មេរោគ​កូរ៉ូណា ប៉ុន្តែ​ក្រុមហ៊ុន​ធំ​តូច​ជាង ២.២០០​ដែល​ចូលរួម​នៅ​តែ​ដាក់​ក្តីសង្ឃឹម​របស់​​ពួកគេ​សម្រាប់​រឿង​ធំ​បន្ទាប់​។​

​ខាងក្រោម​នេះ​គឺជា​ការបង្ហាញ​ត្រួសៗ​មួយចំនួន​ពី​ពិព័រណ៍ ៖

– គ្រប់គ្រង​ចិត្ត​មនុស្ស​បាន​?

​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​ដំបូង​របស់​បារាំង Wisear កំពុង​ធ្វើការ​លើ​បច្ចេក​វិជ្ជា​ដែល​អាច​ចាប់​សញ្ញា​ដែល​ភ្ជាប់​រវាង​ខួរក្បាល​និង​សាច់ដុំ​ជាក់លាក់​ដើម្បី​ប្រើ​ពួក​វា​ឱ្យ​បញ្ជា​ដំណើរការ​ឧបករណ៍​​ដែល​បាន​ត​ភ្ជាប់​។​

​លោក យ៉ា​ស៊ីន អាឈី​អាក់ សហ​ស្ថាបនិក​ក្រុមហ៊ុន Wisear បាន​និយាយថា “​ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ យើង​បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​នូវ​ថាមពល​ឌីជីថល​នៅ​ជុំវិញ​ខ្លួន​យើង ប៉ុន្តែ​យើង​នៅតែ​ប្រើ​ឧបករណ៍​ដដែល ដូចជា​ក្តារ​ចុច ម៉ៅ អេក្រង់​ថាច់​” ដើម្បី​ធ្វើ​អន្តរ​កម្ម​ជាមួយ​ម៉ាស៊ីន​។​

​លោក​បាន​បន្ថែមថា “​ការគ្រប់គ្រង​ដោយ​សំឡេង​បាន​មកដល់ ប៉ុន្តែ​វា​យឺត ហើយ​វា​មិនមែន​ដំណើរការ​ស្រួល​ជានិច្ច​នោះទេ​។ ដូច្នេះ​យើង​ចង់​បង្កើត​ផ្ទៃ Interface មួយ​ដែល​រួម​បញ្ចូល​គ្នា​និង​​មាន​ភាពងាយស្រួល​ក្នុង​ការប្រើ​”​។​

​ក្នុងដំណាក់កាល​នេះ ក្រុមការងារ​របស់​គាត់​បាន​ភ្ជាប់​ប្រព័ន្ធ​នេះ​ជាមួយនឹង​កាស​ស្តាប់​ត្រចៀក ដែល​អាច​សម្គាល់​ចលនា​ថ្គាម​របស់​អ្នកប្រើប្រាស់​។​

​អ្នក​ប្រើ​អាច​ផ្អាក​ការចាក់​តន្ត្រី​នៅ​លើ​ទូរស័ព្ទដៃ​របស់​ពួកគេ ហើយ​បន្ទាប់មក​ចាប់ផ្តើម​វា​ឡើងវិញ​ដោយ​គ្រាន់តែ​ធ្វើ​កាយវិការ​ថ្គាម​ក្នុង​ចលនា​ដូច​ទំពារ​ស្ករ​កៅស៊ូ​។​

– ឆ្កែ​រ៉ូបូត​ចេះ​រាំ​

​ឆ្កែ​រ៉ូបូត Boston Dynamics ដូច​ក្នុង​រឿង “Black Mirror” បាន​ត្រឡប់​មក​វិញ​ហើយ ដែល​លើក​នេះ​ពួកវា​នឹង​ចូល​ទៅ​ពិភពលោក​និម្មិត​ក្នុង​អ៊ី​ន​ធឺ​ណេត ឬ Metaverse​។​

​ក្រុមហ៊ុន Hyundai បាន​ទិញ​យក​ក្រុមហ៊ុន​ផលិត​មនុស្ស​យន្តកា​លពី​ឆ្នាំមុន ដោយ​លើក​ជា​សំណួរ​ថា​តើ​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង​ប្រហែលជា​គ្រោង​ផលិត​រ៉ូ​បូតឬ​យ៉ាងណា​។​

​ឆ្កែ​រ៉ូ​បូតជើង​បួន​ពណ៌​លឿង​បាន​ធ្វើ​ក្បាច់​រាំ​តាម​ក្រុម BTS ជា​ប្រចាំ​នៅ​ស្តង់​លក់​ដូរ​របស់ Hyundai សម្រាប់​ឱ្យ​ហ្វូងមនុស្ស​ចូល​មក​ថតរូប​ក្បាច់​រាំ​របស់​វា​។​

​ប៉ុន្តែ​ការសម្តែង​របស់​វា​ក៏​បាន​រួមបញ្ចូល​នូវ​គំនូរជីវចល​បង្ហាញ​ចក្ខុវិស័យ​សម្រាប់​ការប្រើប្រាស់​ឆ្កែ​រ៉ូបូត​នេះ​ធ្វើ​ជា​ភ្នែក​និង​ត្រចៀក​នៅលើ​ភព​ព្រះ​អង្គារ​ផងដែរ​សម្រាប់​មនុស្ស​ដែល​បន្ទាប់មក​នឹង​អាច​ជួប​បទពិសោធន៍​ដូច​មែនទែន​នៅលើ​ភព​ក្រហម​នៅក្នុង​ភពផែនដី​។​

​លោក ចាង សុង ប្រធាន​ក្រុមហ៊ុន Hyundai Motor Group បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​គំនិត​នៅ​ពីក្រោយ​ការដើរ​ឆ្លង​ភព​បែប​និម្មិត​នេះ​គឺថា លំហ ពេលវេលា និង​ចម្ងាយ​នឹង​ក្លាយទៅជា​រឿង​មិន​ពាក់ព័ន្ធ​គ្នា​ទៀត​នោះ​ទេ​”​។​

“​តាមរយៈ​ការភ្ជាប់​រ៉ូបូត​ទៅ​នឹង​ពិភព Metaverse យើង​នឹង​អាច​ផ្លាស់​ទី​ដោយ​សេរី​រវាង​ពិភព​ពិត​និង​ពិភព​និម្មិត​”​។​

– កង់​ជិះ​លើ​ទឹកកក​

​ស្គី​នៅខាងមុខ រថពាសដែក​នៅ​ខាងក្រោយ ដៃចង្កូត កៅអី​ពូក ហើយ​សំខាន់​បំផុត​គឺ​អាគុយ ៖ MoonBikes គឺជា​កង់​ជិះ​លើ​ទឹកកក​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដំបូង​គេ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ថ្មីថ្មោង​មួយ ដែល​បង្កើត​វា​។​

​លោក នី​កូឡាស មួ​រ៉ុន ស្ថាបនិក​ក្រុមហ៊ុន​បារាំង MoonBikes បាន​និយាយថា “​វា​ដើរ​ដោយ​អគ្គិសនី​និង​មាន​សំឡេង​ស្ងាត់ ដូច្នេះ​វា​មិន​រំខាន​ដល់​អតិថិជន​ទេ ហើយ​វា​ការពារ​បរិស្ថាន​”​។​

​កង់​នេះ​មាន​តម្លៃ​ប្រហែល ៨.៥០០ ដុល្លារ​សម្រាប់​ការបញ្ជាទិញ​ទុក​មុន​នៅ​សហរដ្ឋ​អាម៉េរិក​។​

– ទូក​បើក​ស្វ័យប្រវត្តិ​

​ក្រុមហ៊ុន Hyundai បាន​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួន​ហៅថា ទូក “​បើកបរ​ដោយ​ស្វ័យប្រវត្តិ​” ដំបូង​គេ ដែល​បំពាក់​ដោយ​កាមេរ៉ា ឧបករណ៍​ចាប់​សញ្ញា​បាន​ជ្រៅ និង​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត (AI)​។​

​លោក ដូ​-​យឹង លីម ជា​នាយក​ក្រុមហ៊ុន Avikus ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Hyundai Heavy Industries បាន​និយាយថា “​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិជ្ជា​រុករក​ស្វ័យប្រវត្តិ​សម្រាប់​ទូក​កម្សាន្ត អ្នកប្រើប្រាស់​អាច​កាត់បន្ថយ​ពេលវេលា​ដែល​ត្រូវការ​សម្រាប់​ការបើកបរ​និង​ការចត ក៏ដូចជា​ហានិភ័យ​នៃ​គ្រោះថ្នាក់​ផ្សេងៗ​ក្នុង​អំឡុងពេល​ធ្វើ​ប្រតិបត្តិការ​”​។

​ទូក​កាលពី​ឆ្នាំ ២០២១ បាន​ធ្វើដំណើរ​ចម្ងាយ ១០ គីឡូម៉ែត្រ​ជាមួយនឹង​អ្នកដំណើរ ១២ នាក់​នៅ​លើ​នោះ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ហើយ​ក្រុមហ៊ុន Hyundai បាន​ប្រកាស​ពី​ការត្រៀម​លក្ខណៈ​សម្រាប់​ផលិត​នាវា​ធំ​ជាមួយនឹង​បច្ចេកវិជ្ជា​ដូចគ្នានេះ​៕