ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០២២ កងទ័ព អាវស នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចេញដំណើរទៅកាន់ សមរភូមិ ចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ នៅខេត្តសៀមរាប ដែលជា ការអនុវត្តន៍ តាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤។
ពិធីជូនដំណើនេះ បានប្រព្រឹត្តទៅ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមវត្ដមានលោក ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថាៈ ថ្ងៃនេះ កងទ័ពអាវស នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ យើងត្រូវចេញដំណើរទៅកាន់ សមរភូមិប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ដែលត្រូវចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដូសទី៣ ដែលជាដូសជំរុញ នៅចំនួន ៣ ឃុំ គឺឃុំមានជ័យ ឃុំត្រពាំងធំ និងឃុំកំពង់ភ្លុក ដើម្បីការពារការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិត ប្រជាជនយើង។
ទន្ទឹមនឹងនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៍បានសំណូមពរដល់ក្រុម ការងារយើងទាំងអស់ ត្រូវប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារខ្លួន កុំឲ្យមានការឆ្លងជំងឺ កូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ចូលក្នុងខ្លួនយើងម្នាក់ៗ ដោយត្រូវអនុវត្តន៍ ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេសបំផុត ការអនុវត្តន៍ វិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោកឧត្ដមសេនីយ៍ទោសោម ស៊ុន ក៏បានណែនាំដល់ក្រុមការងារ និងក្រុមគ្រូពេទ្យ ទាំងអស់ ត្រូវសហការឲ្យបានល្អ ជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្នុងការបំពេញបេសកកម្ម ក្នុងសមរភូមិប្រយុទ្ធ ប្រឆាំងមេរោគកូវីដ១៩ ដែលថ្នាក់លើ បានប្រគល់ ឲ្យទទួលបានជោគជ័យ និងសុវត្ថិភាព ជូនប្រជាជន ដែលបានអញ្ជើញមក ចាក់វ៉ាក់សាំងដូសទី៣ នេះ ឲ្យបានគ្រប់ៗគ្នា។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់បរិក្ខារពេទ្យ សម្រាប់ការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ សម្រាប់ឧបត្ថម្ភ ដល់ការដោះស្រាយជីវភាព ហូបចុកប្រចាំថ្ងៃ បន្ថែមលើគោលរបប កំណត់ និងបានចាត់តាំងក្រុមគ្រូពេទ្យ យកសំណាកធ្វើតេស្ដរហ័ស រកអង់ទីហ្សែន កូវីដ-១៩ ជូនក្រុមការងារ និងក្រុមគ្រូពេទ្យទាំងអស់ ដែលត្រូវចេញបេសកកម្ម ដោយលទ្ធផលនៃការធ្វើតេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ គឺអវិជ្ជមានទាំងអស់គ្នា នៅមុនពេលចេញដំណើរ៕/V