ប្រែសម្រួលៈវាសនា/តូក្យូ៖ សហរដ្ឋអាម៉េរិកបានយល់ព្រមដាក់វិធានការប្រឆាំងកូវីដ១៩តឹងរ៉ឹងឡើងនៅតាមមូលដ្ឋានរបស់ខ្លួននៅជប៉ុន នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអូគីស៊ីដា កាលពីថ្ងៃអាទិត្យទី០៩មករា ចំពេលមានការព្រួយបារម្ភថាការផ្ទុះជំងឺឆ្លងនេះនៅក្នុងមូលដ្ឋានយោធាអាម៉េរិកបង្កការឆ្លងរាលដាលនៅក្នុងសហគមន៍មូលដ្ឋាន។
លោកគីស៊ីដា បាននិយាយដូច្នេះក្នុងកម្មវិធីពិភាក្សាមួយនៅក្នុងទូរទស្សន៍NHK។លោកបាននិយាយថា« យើងបានយល់ព្រមជាមួយអាម៉េរិកជាគោលការណ៍ថា ដំណើរចេញក្រៅកម្សាន្តមិនចាំបាច់គួរត្រូវគ្រប់គ្រងនិងហាមប្រាម»។
សូមបញ្ជាក់ថា ជប៉ុនបានធ្វើការរឹតត្បិតប្រឆាំងកូវីដ១៩ឡើងវិញនៅ៣តំបន់ដែលទទួលដាក់ទាហានអាម៉េរិក បន្ទាប់ពីអភិបាលតំបន់ទាំងបីបានស្នើចាត់វិធានការតឹងរ៉ឹងឡើងក្រោយពីឃើញកំណើននៃការឆ្លងវីរុសអូមីក្រុង។
លោកគីស៊ីដា បាននិយាយថា ជប៉ុនបានស្នើសុំអោយអាម៉េរិកដោះស្រាយការព្រួយបារម្ភនេះនៅជំនួបមួយរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរកាលពីថ្ងៃសុក្រមុន
ជប៉ុនបានបញ្ឈប់ការចូលរបស់អ្នកដំណើរបរទេសស្ទើរទាំងអស់នៅចុងខែវិច្ឆិកាក្រោយពីអង្គការសុខភាពពិភពលោកចាត់ទុកអូមីក្រុងជាវីរុសគួរអោយព្រួយបារម្ភ។
ក្នុងពេលជាមួយគ្នា កងកម្លាំងអាម៉េរិកនៅកូរ៉េខាងត្បូងក៏បានបង្កើនការព្រមានអំពីកូវីដ១៩ក្រោយពីកងទាហានរបស់ខ្លួនឆ្លងច្រើនបំផុតចំនួន៦៨២នាក់ក្នុងពេលមួយសប្តាហ៍ទោះជាពួកគេជាង៩០ភាគរយបានចាក់វ៉ាក់សាំងពេញលេញ។ឥឡូវ ពួកគេត្រូវហាមមិនអោយចេញទៅស៊ីផឹកនៅតាមភោជនីយដ្ឋាននៅក្រៅបន្ទាយនិងចូលផ្សារដែលបិទជិត បារ ក្លឹប សាលហាត់ប្រាណ ឧទ្យានកម្សាន្តរោងកុនរោងមហោស្រពនិងកន្លែងម៉ាស្សា។
មេបញ្ជាការរបស់គេបានបន្ថែមថា ការធ្វើដំណើរទៅកាន់រដ្ឋធានៅសេអ៊ូលក៏ត្រូវហាមឃាត់ លើកលែងតែភារកិច្ចផ្លូវការ ឬអ្នកត្រូវទៅធ្វើការនៅទីនោះ ការទិញស្បៀងនិងសេវាសាសនា។
កាលពីថ្ហៃសៅរ៍ កូរ៉េខាងត្បូងបានរាយការណ៍ចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនដែលមាន គឺប្រមាណ៧.៨០០នាក់ បន្ទាប់ពីប្រទេសនេះបន្ធូរបន្ថយវិធានការគម្លាតសង្គមនិងងាកមកអនុវត្តគំរោង«រស់នៅជាមួយកូវីដ១៩»កាលពីខែវិច្ឆិកា ៕
ទាហានអាម៉េរិកនៅកូរ៉េខាងត្បូង ឥឡូវត្រូវហាមមិនអោយចេញទៅស៊ីផឹកនៅតាមភោជនីយដ្ឋាននៅក្រៅបន្ទាយ ហាមចូលផ្សារដែលបិទជិត បារ ក្លឹប សាលហាត់ប្រាណ ឧទ្យានកម្សាន្ត រោងកុនរោងមហោស្រពនិងកន្លែងម៉ាស្សា រួមទាំងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលលើកលែងតែ ភារកិច្ចផ្លូវការ