ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានមេដាយ ១២ គ្រឿង លើ ៨ វិញ្ញាសា ដែលនេះជាការប្រជែងបាន មេដាយនាំមុខគេ ជាបណ្ដោះអាសន្ន នៅថ្ងៃបើកឆាក នៃព្រឹត្តិការណ៍ ការប្រកួតកីឡា ហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងអបអរសាទរ ពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលកីឡាហែលទឹក បាត់ដំបង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។
ព្រឹត្តិការណ៍នេះ បានរៀបចំដោយសហព័ន្ធខ្មែរ កីឡាហែលទឹក ប្រើប្រាស់ថវិកា ឧបត្ថម្ភ ដោយក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ក្លិបហែលទឹក ក្រសួងសាធា រណការ និងដឹកជញ្ជូន ដណ្តើមបានមេដាយ ១២ គ្រឿង ក្នុងនោះ មេដាយមាស ៥ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ក្លិបហែលទឹកក្រសួងមហាផ្ទៃ ដណ្តើម បានមេដាយ ៦ គ្រឿង រួមមាន មេដាយមាស ២ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង ក្លិបហែលទឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយ ៥ គ្រឿង រួមមាន មេដាយមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ៣ គ្រឿង និងក្លិបហែលទឹក ក្រសួងព័ត៌មាន ទទួលបានមេដាយប្រាក់ ១ គ្រឿង។
អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានប្រាប់ពីខេត្តបាត់ ដំបង មកថាៈ ការប្រកួតជើងឯកឆ្នាំនេះ យើងធ្វើនៅមណ្ឌលកីឡាហែលទឹក បាត់ដំបង ដើម្បីផ្សព្វផ្សាយឲ្យប្រជាជន និងសិស្សានុសិស្ស ខេត្តបាត់ដំបង បានជ្រាប ពី ប្រភេទកីឡាហែលទឹក និងបង្កើនធនធានមនុស្ស សម្រាប់ខេត្តមួយនេះ។
ការប្រកួត មានក្រុមកីឡាករ កីឡាការិនី និងគណៈប្រតិភូ គ្រូបង្វឹក ចូលរួម ១២៣ នាក់ ក្នុងនោះ កីឡាករចំនួន ៧៤ នាក់ កីឡាការិនី ៣៨ នាក់ និងគ្រូបង្វឹក ១១ នាក់ មកពី ៦ ក្លិប រួមមាន ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌ មាន ក្លិបហែលទឹកនាគរាជ ខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន។
លោកបានបន្តថាៈ ដោយមានការសហការ រវាងសហព័ន្ធខ្មែរ កីឡាហែលទឹក និង គណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជា ក្នុងនោះ យើងក៏ធ្វើការប្រកួតកីឡា ជនពិការជើងឯកថ្នាក់ជាតិ ២០២២ ដើម្បីជ្រើសរើសពួកគាត់ ចូលរួមជាមួយ ក្រុមជម្រើសជាតិ ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕/V