ដោយៈ រិទ្ធិសែន / ពោធិ៍សាត់ៈ ក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់ សហរដ្ឋអាមេរិក ដែលបានសម្រេចចិត្ត បណ្តាក់ទុនវិនិយោគ រោងចក្របង្គុំ និងតម្លើងរថយន្ត ហ្វត គឺប្រភេទ Ford Ranger និង Ford Everest បច្ចុប្បន្ន បាននឹងកំពុងដំណើរការ សាងសង់ជិតរួចរាល់ ជាស្ថាពរហើយ ហើយ រោងចក្រនេះ នឹងចាប់ដំណើរការ ខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសា ២០២២ ឆាប់ៗខាងមុខហើយ នៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកក្រគរ នៃខេត្តពោធិ៍សាត់។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងឱកាសដែលលោក និងលោក ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាល ជាមួយប្អូនៗ ក្មួយសិស្សានុសិស្ស ថ្នាក់ទី១២ ដែលទើបបញ្ចប់ ការប្រឡងសញ្ញាបត្រទុតិយភូមិ ចំនួន ៩២៣ នាក់ មកពីស្រុកក្រគរ និងស្រុកកណ្តៀង កាលពីថ្ងៃទី៧ មករា កន្លងទៅថ្មីៗនេះ នៅបរិវេណស្ថានីយ៍ ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (Solar Farm) របស់ក្រុមហ៊ុន SchneiTec Co.,Ltd ស្ថិតក្នុងភូមិអន្សរ ក្តាម ឃុំស្នាអន្សា ស្រុកក្រគរ នៃខេត្តពោធិ៍សាត់។
លោក កែវ រតនៈ បានថ្លែងឱ្យដឹងថាៈ បើតាមផែនការមិនប្រែប្រួល តាមរយៈការខិតខំ ប្រឹងប្រែង រយៈពេលជាង ៥ ឆ្នាំកន្លងមកនេះ ជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ គឺ រថយន្ត Ford សហរដ្ឋអាមេរិក ប្រភេទ Ford ទាំង Pick-Up ទាំង Station Wagon ឬ Ford SUV នឹងចាប់ផ្តើមផលិត ក្នុងអំឡុងខែមេសា ២០២២ មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ របស់យើង ។
លោក កែវ រតនៈ បានបញ្ជាក់បន្ថែមថាៈ ឥឡូវនេះ យើងកំពុងតែខិតខំទាក់ទាញ ពួកគេ ឱ្យអូសយកដៃគូ សហការរបស់គេបន្ថែមទៀត ដើម្បីផលិតគ្រឿងបង្គុំ ក្នុងទឹកដី នៃស្រុកក្រគរ ដែលទាំងនេះ គឺជាផែនការមេ របស់ស្រុកក្រគរ ស្រុកកណ្តៀង និយាយជារួម និងនិយាយដោយឡែក គឺសម្រាប់ខេត្តពោធិ៍សាត់ យើងផ្ទាល់តែម្តង ហើយយើងនឹងចាប់ផ្តើម ដាក់សម្ពោធជាបន្តបន្ទាប់ ក្រោយពីស្ថានភាពកូវីដ ១៩ បានធូរស្បើយ។
សូមបញ្ជាក់ថា សម្រាប់រថយន្ត Ford ប្រភេទ Ford Renger និង Ford Everest ត្រូវបានទទួលសិទ្ធិ ស្របច្បាប់ក្នុងស្រុក ពីក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ទៅលើការផលិត ចែកចាយ លក់ និងសេវាកម្ម ។
បច្ចុប្បន្ន រោងចក្រនេះ បាននឹងកំពុងដំណើរ សាងសង់ជិត រួចរាល់ហើយ នៅលើផ្ទៃដី ប្រមាណជាង ៤ ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បន្ទាប់ពីរោងចក្រសាងសង់ រួចរាល់ហើយនោះ រោងចក្រនេះ អាចមានលទ្ធភាព ស្រូបយកកម្លាំងពលកម្ម ប្រមាណ ៥០០ នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងស្រុកផងដែរ។
ក្រៅតែពីរោងចក្របង្គុំ និងតម្លើងរថយន្ត Ford ក៏នៅមានការបោះទុនវិនិយោគ នៅក្នុងតំបន់នេះ រួចជាស្រេច នូវរោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូរ និងរោងចក្រផលិតខ្សែកាបិ៍្លផងដែរ។
នេះដោយសារការខិតខំប្រឹងប្រែង ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេស លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ ស្រុកក្រគរ និងស្រុកកណ្តៀង ផ្ទាល់តែម្តង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលសម្តេច បានធ្វើឱ្យមាតុប្រទេសរបស់យើង មានសុខសន្តិភាព ពេញលេញ មកទល់សព្វថ្ងៃ និងមានការអភិវឌ្ឍ រីកចម្រើន ជាលំដាប់៕/V