ដោយៈ មុនីរ័ត្ន-ទេព កង្រី / ភ្នំពេញៈ តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែមករា នេះ បានសម្រេចឃុំខ្លួន មនុស្សចំនួន ប្រាំ នាក់ ពាក់ព័ន្ធការញុះញង់ ឲ្យប្រជាពលរដ្ឋ តវ៉ាទាមទារដី នៅតំបន់ ៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងប្រឆាំងទៅនឹង អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
មនុស្សទាំង ប្រាំនាក់ ជាប់ចោទពីបទញុះញង់ អោយប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និង ដឹកជញ្ជូនអាវុធខុសច្បាប់។
សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន ប្រាំ នាក់ ទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ។
មនុស្សទាំង ប្រាំ នាក់ ត្រូវបានសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែ មករា ឆ្នាំ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយ និងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មនុស្សចំនួន ប្រាំ នាក់ ដែលឃាត់ខ្លួន រួមមានៈ ១. ឈ្មោះ សាំង ចាន់ថន ហៅសាំង សុង ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅទីក្រុងភ្នំពេញ , ២. ឈ្មោះ អុក ប៉ារ៉ាឌី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅទីក្រុងភ្នំពេញ , ៣. ឈ្មោះ ប្រាក់ សង្ហា ភេទប្រុស អាយុ ២៣ ឆ្នាំរស់នៅទីក្រុងភ្នំពេញ មានតួនាទី ជាតៃកុងឡាន , ៤. ឈ្មោះ គង់ តារា ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិពាមទន្លា ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង ៥. ឈ្មោះ កែវ ហួរ (ឃុំខ្លួននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២) ។
ប្រភពដដែល បានបន្តថាៈ សមត្ថកិច្ច បានដកហូតមធ្យោបាយ រួមមាន រថយន្ត មួយគ្រឿង ម៉ាក Lexus Lx450 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q 7993 ទូរស័ព្ទចំនួន ៨ គ្រឿង laptop មួយគ្រឿង អាវុធខ្លីមួយដើមម៉ាក ប៉ារ៉ា ផលិតនៅ ប្រទេសកូរ៉េ គ្រាប់ចំនួន ១២ គ្រាប់ ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំងនោះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត៕/V