ប្រែសម្រួលៈវាសនា/អ៊ីស្លាម៉ាបាត(ស៊ីនហួរ)៖ នៅពេលប៉ាគីស្ថានជួបការធ្លាក់ព្រិលទឹកកកនិងការធ្លាក់ភ្លៀងខ្លាំងជាលើកដំបូងប្រចាំឆ្នាំថ្មី ប្រទេសនេះបានរាយការណ៍អ្នកស្លាប់៤១នាក់ នៅពេលរាប់រយនាក់ទៀតត្រូវបានជម្លៀស។
មន្ត្រីម្នាក់មកពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃអាទិត្យនេះថា មនុស្សជាង៤០នាក់បានស្លាប់និងរាប់សិបនាក់រងរបួសនៅក្នុងគ្រោះថ្នាក់ផ្សេងៗគ្នា ទាក់ទងនឹងការធ្លាក់ភ្លៀងនិងអាកាសធាតុត្រជាក់ខ្លាំងចាប់តាំងពីថ្ងៃសុក្រមក។
រូបភាពបញ្ចេញដោយផ្នែកសេវាទំនាក់ទំនងសាធារណៈ បានបង្ហាញទាហានប៉ាគីស្ថានធ្វើការសង្គ្រោះនៅទីប្រជុំជន មួររី ខាងជើងប៉ាគីស្ថាន កាលពីថ្ងៃ៨មករានៅពេលរថយន្តទេសចរប្រមាណ១ពាន់ជាប់ក្នុងព្រិលទឹកកកនាំអោយអ្នកដំណើរត្រជាក់និងអត់អាហារដល់ស្លាប់ជាងម្ភៃនាក់
ក្នុងហេតុការណ៍អាក្រក់មួយ មនុស្ស២២នាក់ រួមមានកូនក្មេង៩នាក់ បានកកស្លាប់នៅក្នុងរថយន្តរបស់គេដែលស្ទះជាប់លើដងផ្លូវដែលធ្លាក់ព្រិលខ្លាំងនៅតំបន៉ទីប្រជុំជនមួររី នៅពេលមនុស្សរាប់ម៉ឺននាក់សំរុកទៅកាន់តំបន់ទេសចរណ៍នេះដើម្បីមើលការធ្លាក់ព្រិលខ្លាំងមិនធម្មតា។
រថយន្តទេសចរណ៍ប្រមាណ១.០០០បានជាប់នៅមួររីនៅពេលអាជ្ញាធរបើកប្រតិបត្តិការសង្គ្រោះមនុស្សជាប់ក្នុងរថយន្ត ដោយប្រជាជនមូលដ្ឋានជួយជាស្បៀងនិងភួយដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់។
មនុស្សប្រមាណ២០នាក់ទៀតត្រូវបានស្លាប់នៅផ្នែកផ្សេងៗទៀតនៃប៉ាគីស្ថានដោយសារអាកាសធាតុអាក្រក់។នៅក្នុងខេត្ត ឃីប៊ឺ ប៉ាក់ទុនក្វា មនុស្ស៩នាក់បានស្លាប់និង១០នាក់ទៀតរបួសនៅឧបទ្ទវហេតុពាកើព័ន្ធនឹងទឹកភ្លៀងកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍។
ការធ្លាក់ភ្លៀងខ្លាំងក៏បានឆក់យកជីវិតមនុស្ស១១នាក់នៅក្នុងខេត្តពុនចាប់និងប៉ាឡូជីស្ថាន។
ការធ្លាក់ភ្លៀងនិងព្រិលខ្លាំងក៏បង្កការរំខានការធ្វើដំណើរនៅពាសពេញប៉ាគីស្ថាន។ជើងហោះហើរជាង២០ទៅនិងមកទីក្រុងឡាហ័រត្រូវបានលុបចោល ឬបង្វែរគោលដៅនៅពេលរថភ្លើងត្រូវបានពន្យារពេលរាប់ម៉ោង៕