ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ កំណាត់​ផ្លូវជាតិ​លេខ ៥ ប្រភេទ​ហាយ​វេ ៤ គន្លង ពី​ខេត្តបាត់ដំបង ភ្ជាប់​ទៅ​ខេត្តបន្ទាយមានជ័យ ចាប់ផ្តើម​បើកសម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី ១០ ខែមករា ស្អែក​នេះ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុងឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សមិទ្ធផល​ថ្មី សន្លាង​នេះ​។ កញ្ចប់​ផ្លូវ​ប្រភេទ​ផ្លូវ​ហាយ​វេ ដែល​ត​ភ្ជាប់​ពី​ភូមិសាស្ត្រ ខេត្តបាត់ដំបង ទៅកាន់​ព្រំប្រទល់ ខេត្តបន្ទាយមានជ័យ មាន​ប្រវែង ៥២ គីឡូម៉ែត្រ នៃ​កញ្ចប់​រួម សរុប​មាន​ប្រវែង​ចំនួន ៣៦៦ គីឡូម៉ែត្រ​។​

​កំណាត់​ផ្លូវភ្លោះ មាន​សួន​កណ្តាល ទ្រូងផ្លូវ​ខាងលើ ចរាចរណ៍​បាន ៤ គន្លង ដោយ​គន្លង​ផ្លូវ ២ ទៅ និង ២ គន្លង​ផ្លូវ​មក ។ កំណាត់​ផ្លូវ​កញ្ចប់​ទី​១ ពី​ខេត្តបាត់ដំបង ទៅដល់​ព្រំប្រទល់ ខេត្តបន្ទាយមានជ័យ​នេះ មាន​ប្រវែង ៥២ គីឡូម៉ែត្រ និង​ទទឹងផ្លូវ ក្នុង​តំបន់​ជនបទ ចំនួន ២៣ ម៉ែត្រ និង ២៨ ម៉ែត្រ សម្រាប់​ទីប្រជុំជន ប្រើប្រាស់​ថវិកា ចំនួន ១៦០ លាន​ដុល្លារ​។
​នៅក្នុង​ចំណោម​កញ្ចប់​កំណាត់​ផ្លូវ​ផ្សេងទៀត ចេញពី​ចំណុច​ព្រែក​ក្តាម រហូតដល់ ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រើប្រាស់​ទំហំ​សាច់ប្រាក់ សរុប​ប្រមាណ​ជា ៥០០ លាន​ដុល្លារ ។​

​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង នូវ​កំណាត់​ផ្លូវជាតិ​លេខ ៥ នេះ ជា​គម្រោង​ក្រោម​កម្ចី ឥណទាន​សម្បទាន ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ ជប៉ុន ប្រចាំ​កម្ពុជា (JICA) ។

​កំណាត់​ផ្លូវភ្លោះ នេះ​ទៀតសោត វា​ជា​របៀង​សេដ្ឋកិច្ច ដ៏​មាន​សក្ដានុពល សម្រាប់ ការប្រកួតប្រជែង ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភា​រកម្ម វិនិយោគ និង​សេដ្ឋកិច្ច នៃ​មហា​អនុតំបន់​មេគង្គ (GMS) ដែល​ត​ភ្ជាប់​រវាង បាងកក​-​ភ្នំពេញ​-​ហូជីមិញ ផងដែរ ៕/V