ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩- ៧ មករា ២០២២) គឺជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ដែល​បាន​ស្រោចស្រង់​កម្ពុជា ឲ្យ​ងើប​ចេញពី​ថ្លុកឈាម គំនរ​ភ្នំ​ឆ្អឹង និង ទឹកភ្នែក ហើយ​បាន​រួបរួមគ្នា​កសាង និង​ស្តារ​ប្រទេស បោះជំហាន រីកចម្រើន​ឡើង ជា​បន្តបន្ទាប់ រហូតមកដល់​សព្វថ្ងៃ​នេះ​។ ស្មារតី​៧​មករា បានធ្វើ​ឲ្យ ប្រជាជន មាន​មោទន ភាព យ៉ាង​ជ្រាលជ្រៅ ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​រាជរដ្ឋាភិបាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេចបាន ក្នុង​រយៈពេល ៤៣ ឆ្នាំ​កន្លងទៅនេះ ហើយ​បាន​សម្របសម្រួល ជួយ​ដោះស្រាយ​វិបត្តិ នៅ​ប្រទេស មី​យ៉ាន់​ម៉ា និង​ក្នុង​គោលដៅ ដើម្បី​ពង្រឹង​ដល់​មិត្តភាព របស់​អាស៊ាន ផងដែរ​។​

​នេះ​ជាការ​លើកឡើង ដោយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នៅក្នុង ឱកាស​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ ថ្នាក់ដឹកនាំ​ឥស្លាម ទូទាំង​ខេត្ត ព្រះសីហនុ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២២​។

​លោក សាយ សំ​អាល់ បាន​បន្ថែមថាៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​គន្លឹះ​ដ៏​សំខាន់​មួយ ក្នុងការ​ត្រួស ត្រាយផ្លូវ ទៅរក​ដំណោះស្រាយ បញ្ហា​វិបត្តិ ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ហើយនឹង​នាំយក សមាជិក​អាស៊ាន​ទាំង ១០ ប្រទេស ឲ្យ​រួមគ្នា​ឡើងវិញ​។ លោក បាន​ចាត់ទុកថា សម្តេច ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មានបទពិសោធន៍ យ៉ាងជ្រៅ​ជ្រះ អំពី​ដំណោះ ស្រាយ ស្វែងរក​សន្តិភាព និង​ការបញ្ចប់​សង្គ្រាម នៅ​កម្ពុជា កាលពី​ជាង ៤០ ឆ្នាំ កន្លងទៅ​។

​លោក សាយ សំ​អាល់ បានបញ្ជាក់​បន្ថែមថាៈ សម្តេច​តេ​ជោ បានជ្រើសរើស​យក​ថ្ងៃ ៧ មករា ឆ្នាំ​២០២២ សម្រាប់​ការចូលរួម ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា នៅក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ សម្តេច​តេ​ជោ បាន​ដឹកនាំ​កម្ពុជា ពី​គំនរ​ផេះផង់ ថ្លុកឈាម គំនរ​ឆ្អឹង​និង​ទឹកភ្នែក បង្កដោយ​របប​កម្ពុជា ប្រជាធិបតេយ្យ នៃ​បន​ប្រល័យ​ពូ​ជា​សាសន៍ ប៉ុល ពត ចាប់ពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ហើយ​បាន​កសាង​ប្រទេស នាំយក​នូវ​សន្តិភាព និង​ស្ថេរភាព​នយោបាយ ពេញលេញ និង​ការអភិវឌ្ឍ​រីកចម្រើន ដូច​បច្ចុប្បន្ននេះ​។

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ជាមួយ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ជាន់ខ្ពស់ មីន អ៊ុង​ឡាំង នាយករដ្ឋមន្ត្រី ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​សម្របសម្រួល ដោះស្រាយ​បញ្ហា នៅ​ប្រទេស​នេះ ដែលជា​លទ្ធផល មេដឹកនាំ​មី​យ៉ាន់​ម៉ា បានសម្រេច ពន្យារពេល បទ​ឈប់​បាញ់ រហូតដល់​ចុងឆ្នាំ​២០២២ ហើយ បាន​អំពាវនាវ ដល់​ភាគី ពាក់ព័ន្ធ​ទាំងអស់​បញ្ឈប់​អំពើហិង្សា​។ បន្ថែម​ពីនេះ មេដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា គាំទ្រ​ឲ្យ​មាន​កិច្ចប្រជុំ ដើម្បី​សម្របសម្រួល ដល់​ការ​ផ្ដល់ជំនួយ ព្រមទាំង​ធានា និង​សម្របសម្រួល ដល់​ដំណើរ​ទស្សនកិច្ច​របស់ ប្រេសិត​ពិសេស ប្រធាន​អាស៊ាន ឆ្នាំ​២០២២ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​បាន​ជួប​ភាគី ពាក់ព័ន្ធ​ទាំងអស់ ផងដែរ​៕/V​