ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅថ្ងៃទី១០ ខែមករាឆ្នាំ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានឹងអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណមានប្រវែងជាង៨៤.៧៤ គីឡូម៉ែត្រដែលបានចំណាយថវិកាអស់ជាង១៦០ លានដុល្លារដែលជាផ្លូវអាស៊ានហាយវេលេខ ១(AH1) ។

 

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា កំណាត់ផ្លូវពីបាត់ដំបង មកក្រុងសិរីសោភ័ណ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះគឺជាកំណាត់ផ្លូវទី១ ក្នុងចំណោមកំណាត់ផ្លូវទាំង៣នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥នេះចាប់ផ្តើមពីព្រែកក្តាមស្រុកពញាឮខេត្តកណ្តាលរហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានឱ្យដឹងថាកំណាត់ផ្លូវទាំង៣នេះរួមមាន៖កំណាត់ទី១ស្ថិតនៅភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ)មានប្រវែង ៨៤,៧៤គីឡូម៉ែត្របានបញ្ចប់ការងារសាងសង់ជាស្ថាពរ១០០%,កំណាត់ទី២ស្ថិតភាគខាងត្បូង(ព្រែកក្តាម-ធ្លាម្អម)មានប្រវែង១៣៥,២៥គីឡូម៉ែត្រសាង សង់សម្រេចបានប្រមាណ៦៤%គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២និងកំណាត់ទី៣ស្ថិតនៅភាគកណ្តាល(ធ្លាម្អម-បាត់ដំបងនិងសិរីសោភ័ណ-ប៉ោយប៉ែត)មានប្រវែង ១៤៦,០៤ គីឡូម៉ែត្រដែលកំណាត់ធ្លាម្អម-បាត់ដំបងសម្រេចបានប្រមាណ៥៥%និងកំណាត់សិរីសោភ័ណ-ប៉ោយប៉ែតកំពុងរៀប ចំនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ ។

កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណគឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC)មានកម្រាស់១៥សង់ទីម៉ែត្រ។ កំណាត់ផ្លូវនេះត្រូវបានពង្រីកទំហំផ្លូវមេដែលមានស្រាប់ប្រវែង៥១,៤៨គីឡូម៉ែត្រទទឹងមានប្រវែង២៣ម៉ែត្រ មាន៤គន្លង (គន្លងនីមួយៗមានទទឹង ៣,៥០ម៉ែត្រនិងមាន២គន្លងទៅនិង២គន្លងមក)ចិញ្ចើមផ្លូវ មានទទឹង៣ម៉ែត្រ(សងខាង)និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាលមានទទឹង៣ម៉ែត្រផងដែរ។

កំណាត់ផ្លូវនេះបានសាងសង់ផ្លូវវាងក្រុង២ខ្សែប្រវែងសរុប ៣៣,២៦ គីឡូម៉ែត្រ​(ផ្លូវវាងក្រុងបាត់ដំបងប្រវែង២៣,៩២គីឡូម៉ែត្រនិងផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ) ក្នុងនោះសាងសង់ស្ពានថ្មីចំនួន២កន្លែង (លើផ្លូវវាង) ពង្រីកនិងជួសជុលស្ពានដែលមានស្រាប់ចំនួន១០កន្លែង(លើផ្លូវមេ)។ គម្រោងនេះបាន រួមបញ្ចូលទាំងការងារដាក់លូប្រអប់ចំនួន ៧៦កន្លែង និងលូមូលតាមបណ្តោយផ្លូវចំនួន ១១៣កន្លែង ព្រមទាំងបំពាក់ភ្លើងបំភ្លឺ LED នៅតាមផ្លូវប្រសព្វ។

គម្រោងនេះបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៨ បានប្រើប្រាស់រយៈពេល សាងសង់ចំនួន ៥៥ខែនិងបានបញ្ចប់ជាស្ថាពរនៅក្នុងខែកញ្ញាឆ្នាំ២០២១ដោយចំណាយថវិកាសរុបប្រមាណ១៦៥.៧៨លានដុល្លារអាមេ រិករួមជាមួយនឹងថវិកាបដិ ភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់បោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការបានគូសបញ្ជាក់ថាផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្តស្ថាប័ននិងប្រជាជននៃខេត្តបាត់ដំបងខេត្តបន្ទាយ មានជ័យនិងបណ្តាខេត្តជាប់ព្រំប្រទល់គ្នាហើយក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត(ព្រំដែនកម្ពុជា -ថៃ) ដោយឆ្លងកាត់ខេត្តចំនួន៥ រួមមាន៖ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ។ផ្លូវជាតិលេខ៥ នេះគឺជាផ្នែកមួយនៃផ្លូវអាស៊ាន ហាយវ៉េលេខ១(AH1) ដែលបានតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកកនិងទីក្រុង ហូជីមិញនិងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពលនិង ការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និង សេដ្ឋកិច្ចរបស់អាស៊ានក៏ដូចជាមហាអនុតំបន់មេគង្គ(GMS)ផងដែរ៕