ដោយ:មុនីរ័ត្ន/ភ្នំពេញ​ :​លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានមានប្រសាសន៍នៅថ្ងៃទី៩ ខែមករានេះថា មុនដំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា លោកបានរំពឹងរួចជាស្រេចទៅហើយថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានជោគជ័យ។

លោកបានប្រាប់រស្មីកម្ពុជាថាគឺដូចការរំពឹងសម្តេចតេជោបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដោយទទួលបានជោគជ័យយ៉ាងធំធេង​ និងជាការបេីកផ្លវឈានដល់ដំណេីរបន្តក្នុងការដោះស្រាយវិបត្តិផ្ទៃក្នុងនៅមីយ៉ាន់ម៉ា​ ដេីម្បីឈានទៅបញ្ចប់ជាស្ថាពរ​។ ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា​បានប្រកាសឈប់បាញ់រយ:ពេល​ ១ឆ្នាំ​ នេះជាជោគជ័យមួយដ៏ធំដែលធ្វេីឪ្យប្រជាពលរដ្ឋនិងទាហានរួចផុតពីគ្រោះថ្នាក់។ ថ្នាក់ដឹកនាំភូមាបានយល់ព្រមទទួលប្រេសិតពិសេសរបស់អាស៊ាន។​ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចបានតែងតាំងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាប្រេសិតពិសេសរបស់អាស៊ាន ដេីម្បីជួបប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា​ ដេីម្បីពិភាក្សាជាប្រញាប់អំពីការផ្តល់ជំនួយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងតែជួបការខ្វះខាតស្បៀងអាហារ ខ្វះជម្រក ជួបការលំបាកទទួលជំនួយ។ នេះជាឱកាសមួយអាចឲ្យសហគមន៍អាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ អាចនឹងផ្តល់ជំនួយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាបាន នេះជាជោគជ័យធំធេងណាស់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា នេះគឺជាជោគជ័យមួយដ៏ធំក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ជោគជ័យនេះក៏វាអាចបន្តឈានទៅរកដំណោះស្រាយវិបត្តិផ្ទៃក្នុងនៅមីយ៉ាន់ម៉ា ក៏អាចឈានទៅបញ្ចប់ជាស្ថាពរបានដែរ។តាំងពីដំបូងឡើយលោកតែងតែបាន​លើកឡើងថា ស្ថានការណ៍នៅមីយ៉ាន់ម៉ាវាមិនដូចទាំងស្រុងនៅកម្ពុជាមែន ក៏ប៉ុន្តែវាស្រដៀងៗទៅនឹងស្ថានការណ៍នៅកម្ពុជាកាលពីប៉ុន្មានទសវត្សមកនេះ។
ពាក់ព័ន្ធបញ្ហានេះ លោកជឿជាក់លើសម្តេចតេជោ ហ៊ុន សែន មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដោះស្រាយជម្លោះនៅក្នុងប្រទេសកម្ពុជា ហើយសម្តេចយកបទពិសោធន៍នេះដើម្បីទៅជួយដោះស្រាយបញ្ហាជម្លោះនៅមីយ៉ាន់ម៉ា។ ជា​ពិសេសគោលនយោបាយឈ្នះឈ្នះ ដែលគ្រប់ភាគីគឺឈ្នះទាំងអស់គ្នា ដោយមិនអាចមានភាគីណាមួយឈ្នះទាំងស្រុង ភាគីណាមួយចាញ់ទាំង​ស្រុង ដែលមិនអាចទទួលយកបាននោះទេ៕សរន