ដោយៈមុនីរ័ត្ន/ភ្នំពេញៈនៅក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំឥស្លាមទូទាំងខេត្តព្រះសីហនុ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងពីប្រទេសកម្ពុជាដែលបានបង្កើតសង្គមពហុវប្បធម៌មួយដ៏ល្អ។ ជាមួយគ្នានេះ កម្ពុជា បានកំពុងផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងផ្តល់ភាពកក់ក្តៅ ដល់អ្នកកាន់ជំនឿសាសនានានានៅកម្ពុជា ក្នុងក្របខ័ណ្ឌនៃប្រជាជនកម្ពុជា ដែលរួមរស់ក្នុងម្លប់សន្តិភាព។

លោក សាយ សំអាល់ បានបន្ថែមថាគោលនយោបាយសង្គមពហុវប្បធម៌ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំឲ្យអ្នកគោរពប្រតិបត្តិសាសនានៅកម្ពុជា ដែលរួមមានសាសនាព្រះពុទ្ធ សាសនារបស់រដ្ឋ និងឥស្លាមសាសនា ក៏ដូចជាសាសនាគ្រឹស្គ បានរស់នៅសុខដុមបនីយកម្ម ជាមួយគ្នានិងបានចូលរួមចំណេកឲ្យសង្គមកម្ពុជាមានការរីកចម្រើន។

បន្ថែមពីនេះ លោកក៏មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុឲ្យក្លាយជាខេត្តគំរូសេដ្ឋកិច្ចពហុបំណង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធសំអាតទឹកកខ្វក់ ការរៀបចំទីក្រុងបានល្អ ស្អាត ហើយមានព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលជាសក្តានុពលសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងរួមចំណែកផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននិងទៅអនាគត។

ជាមួយគ្នានេះលោកបានជំរុញប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដោយបដិសេធចោលនូវការអូសទាញរបស់អ្នកនយោបាយមួយចំនួន ដែលប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់៕សរន