ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ម៉ាស៊ីន​កម្តៅ​ដំណើរការ​ខុស​ប្រក្រតី​មួយ​បាន​បង្កឱ្យមាន​អគ្គិភ័យ​ឆាបឆេះ​អគារ​ផ្ទះល្វែង​នៅ​សង្កាត់​ប្រុនស៍​នៃ​ក្រុង​ញូវយ៉ក​ជាមួយ​ផ្សែងខ្មៅ​ក្រាស់ឃ្មឹក ដោយ​សម្លាប់​មនុស្ស ១៩ នាក់​ក្នុងនោះ​មាន​កុមារ ៩ នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​៩​មករា ។​

​ស្នងការ​អគ្គិភ័យ​លោក ដា​នី​ញែល នី​ហ្គ្រោ បាន​និយាយថា ភ្លើង​ឆេះ “​បាន​ចាប់ផ្តើម​ចេញពី​ម៉ាស៊ីនកម្តៅ​អគ្គិសនី​ដំណើរការ​ខុស​ប្រក្រតី​” នៅក្នុង​ផ្ទះល្វែង​មួយកន្លែង​ដែល​លាតសន្ធឹង​លើ​ជាន់​ទី​ពីរ​និង​​ទី​បី​នៃ​អគារ ១៩ ជាន់​។ លោក​នី​ហ្គ្រោ​បាន​និយាយថា ទ្វារ​ផ្ទះល្វែង​បាន​បើកចំហ​ជាហេតុ​អនុញ្ញាត​ឱ្យ​ផ្សែងហុយ​ពេញ​អគារ​។​

​អ្នកស្រុក​ខ្លះ​ជាប់​ក្នុង​អគារ​របស់​ពួកគេ​បាន​វាយ​បំបែក​បង្អួច​ដើម្បី​ឱ្យមាន​ខ្យល់​ដកដង្ហើម​និង​ស្រវា​យក​ក្រណាត់​សើម​មក​ញាត់​ក្រោម​ទ្វារ​។ បុរស​ម្នាក់ ដែល​ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ពន្លត់​អគ្គិភ័យ បាន​និយាយថា គាត់​លែង​ខ្វល់​ពី​ការប្រកាសអាសន្ន​ដោយសារតែ​ការប្រកាសអាសន្ន​មិន​ពិត​បាន​កើតឡើង​ញឹកញាប់​ពេក​។​

​លោក​នី​ហ្គ្រោ​និយាយថា អ្នកស្រុក​មួយចំនួន “​មិន​អាច​គេច​ចេញ​បានទេ ដោយសារ​តែ​បរិមាណ​នៃ​ផ្សែង​ច្រើនពេក​”​។ លោក​និយាយ​ទៀត​ថា អ្នក​ពន្លត់​អគ្គិភ័យ​បាន​រក​ឃើញ​ជនរងគ្រោះ​នៅ​គ្រប់​ជាន់ ហើយ​ប្រញាប់​យក​ពួកគេ​ចេញ​ដើម្បី​សង្គ្រោះ​ចលនា​បេះដូង​និង​ផ្លូវដង្ហើម ដោយ​ហៅ​រឿង​នេះ​ថា “​មិន​ធ្លាប់​មាន​ពីមុនមក​”​។​

​លោក ស្តេ​ហ្វាន រីង​ហ្គែល ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​អភិបាលក្រុង អេ​រិក អា​ដាំ បាន​និយាយថា កុមារ ដែល​ត្រូវបាន​សម្លាប់ មាន​អាយុ ១៦ ឆ្នាំ​ចុះក្រោម​។ លោក​អា​ដាំ​បាន​និយាយថា​អ្នក​រស់នៅ​ក្នុង​​អគារ​ភាគច្រើន​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ហ្គាំ​ប៊ីនៅ​អាហ្វ្រិក​ខាងលិច ហើយ​មាន​សហគមន៍​មូស្លីម​ដ៏​ធំ​មួយ​នៅ​ទីនោះ​។​

​លោក​រីង​ហ្គែល​និយាយ​ថា​មនុស្ស ១៣ នាក់​នៅ​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ សរុបមក មនុស្ស​ជាង​៥០​នាក់​បាន​រងរបួស​។​លោក​នី​ហ្គ្រោ​និយាយ​ថា​ជនរងគ្រោះ​ភា​គ​ច្រើនបាន​ស្រូប​ផ្សែង​​ចូល​សួត​យ៉ាងធ្ងន់ធ្ងរ​។ លោក​អា​ដាំ​បាន​ហៅ​ចំនួន​អ្នកស្លាប់​ថា “​គួរឱ្យ​រន្ធត់​”៕

​ក្រុម​សង្គ្រោះ​កំពុង​ធ្វើការ​នៅ​អគារ​ផ្ទះល្វែង​នៅ​សង្កាត់​ប្រុនស៍ ដែល​រង​ការឆាបឆេះ​ដ៏​ប្រល័យ​កាលពី​ថ្ងៃអាទិត្យ​