ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai Motor Group កំពុង​សុបិន​ធំ​អំពី​អនាគត ដែល​មនុស្ស​នៅក្នុង​ពិភព​និម្មិត Metaverse អាច​គ្រប់គ្រង​រ៉ូបូត ដែល​អាច​បំពេញ​ភារកិច្ច​សម្រាប់​ពួកគេ​នៅ​គ្រប់​ទីតាំង​នៅក្នុង​ពិភពលោក​ពិត​។​

Metaverse គឺជា​គំនិត​ដែល​សំដៅ​ទៅលើ​បណ្តាញ​ពិភព​និម្មិត 3D ដែល​ផ្តោត​លើ​ការភ្ជាប់​ទំនាក់ទំនង​សង្គម និង​ត្រូវ​គេ​ហៅថា​ជា​អ៊ី​ន​ធឺ​ណេត​ជំនាន់​ក្រោយ​។​

​កាលពី​ថ្ងៃ​ពុធ ទី​៥ ខែ​មករា នៅឯ​ពិព័រណ៍ CES 2022​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ឡាសវេ​ហ្គាស ប្រធាន​ក្រុមហ៊ុន Hyundai លោក សុង ចាង​យឹន បាន​និយាយថា ភាពជឿនលឿន​នៃ​ឧបករណ៍​ចាប់​សញ្ញា អាំង​វឺ​ត​ទ័រ និង​បញ្ញា​សិប្ប​និមិត្ត (AI)​នឹង​ក្លាយជា​អ្នកជំរុញ​កម្លាំង​សម្រាប់​រ៉ូបូត​ទាំងនោះ ដែល​គេ​ស្គាល់​ផង​ដែរ​ថា Avatar ដែល​គ្រប់គ្រង​ដោយ​គណនី​អ្នកប្រើប្រាស់​នៅក្នុង​ពិភព Metaverse ។​

​លោក សុង ចាង​យឹន បាន​និយាយថា “​ឧបមា​ថា​ឥឡូវ​នេះ​ខ្ញុំ​កំពុង​ស្ថិត​នៅក្នុង​កម្មវិធី CES នាពេល​អនាគត​នៅ​ទីក្រុង​ឡាសវេ​ហ្គាស​។ ជាមួយនឹង​រ៉ូបូត​រូបវន្ត​របស់ខ្ញុំ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ខ្ញុំ​អាច​​ឱប​និង​ឱ្យ​ចំណី​ឆ្កែ​របស់​ខ្ញុំ ហើយ​ទទួលបាន​នូវ​គ្រប់​អារម្មណ៍​ដូច​បាន​នៅក្បែរ​ឆ្កែ​របស់​ខ្ញុំ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​យ៉ាង​អ៊ីចឹង​ដែរ​”​។​

​កម្មវិធី​ផ្សេងទៀត​រួម​មាន​ការបញ្ជូន​រ៉ូបូត Avatar​ដើម្បី​អនុវត្ត​ការថែទាំ​ប្រព័ន្ធ​ឬ​ជួសជុល​នៅក្នុង​តំបន់​វិទ្យុសកម្ម​នៃ​រោងចក្រ​ថាមពល ឬ​បេសកកម្ម​ស្វែងរក​និង​ជួយសង្គ្រោះ​បន្ទាប់ពី​ការរញ្ជួយ​ដី​។​

​ក្រុមហ៊ុន Hyundai ដែល​ទិញ​យក​ក្រុមហ៊ុន​រ៉ូបូត Boston Dynamics ក្នុង​ឆ្នាំ ២០២១ បាន​និយាយថា ឆ្កែ​រ៉ូបូត Spot​របស់​ខ្លួន​ថែមទាំង​អាច​ប្រើ​ដើម្បី​នាំ​យក​បទពិសោធន៍​នៃ​ការរុករក​​ទីតាំង​ដូច​នៅលើ​ផ្ទៃ​ភព​ព្រះ​អង្គារ​មក​ផែនដី​តាមរយៈ Metaverse​។​

​នេះ​នឹង​ដំណើរការ​ដោយ​ប្រើ​ទិន្នន័យ​និង​រូបភាព​ដែល​ប្រមូលបាន​ដោយ​រ៉ូបូត ដើម្បី​ចម្លង​ពី​អារម្មណ៍​នៃ​ខ្យល់​ឬ​ការ​ប៉ះ​ភាព​ត្រជាក់​នៃ​ថ្ម​អវកាស​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​លើ​ផែនដី​។​

​ក្រុមហ៊ុន Hyundai បាន​និយាយថា ការ​ផ្តោតអារម្មណ៍​របស់​ខ្លួន​លើ​រ៉ូបូត​និង Metaverse នៅ​ឆ្នាំ​នេះ គឺជា​ផ្នែក​នៃ​គំនិត​ថ្មី​មួយ​ដែល​គេ​ហៅថា Metamobility ដែល​ស្រប​នឹង​ភាពខ្លាំង​ជា​ប្រពៃណី​របស់ខ្លួន​ក្នុង​ផ្នែក​បច្ចេកវិជ្ជា​ចល័ត​ទី​ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​៕

រូបភាព​សិល្បៈ​បង្ហាញ​ពិភព​និម្មិត ដែល​ប្រមើល​មើល​ឃើញ​ដោយ​ក្រុមហ៊ុន Hyundai​