ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អ្នក​ថ្វាយបង្គំ​ប៉ុន្មាន​សិប​នាក់ ដែល​ស្លៀកពាក់​តែ​ប៉ឹង​និង​រ៉ូប​ងូតទឹក​ជាមួយ​នឹងក្រ​ណាត់​ជួតក្បាល និង​ម៉ាស់ បាន​ចុះ​ត្រាំ​ក្នុង​ទឹកកក​ជា​ផ្នែក​មួយ​នៃ​ពិធី​ប្រពៃណី​​ក្នុង​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​មករា ដែល​ក្នុងនោះ​ពួកគេ​ក៏​បាន​បន់ស្រន់​សុំ​ឱ្យ​ឆាប់​ចប់​ជំងឺ​រាតត្បាត​ផងដែរ​។​

​ស្ត្រី​បីនាក់​ដែល​ស្លៀកពាក់​រ៉ូប​ស​និង​បុរស​មួយចំនួន​ដែល​ស្លៀក​ប៉ឹង បាន​ស្រែក ទះដៃ និង​បន់ស្រន់​មុន​ពេល​ងូត​ក្នុង​ទឹក​ត្រជាក់ ដែល​ត្រាំ​ដុំ​ទឹកកក ជា​ផ្នែក​នៃ​ពិធី​សាសនា​ស៊ីន​តូ​នៅ​ទី​សក្ការៈ​ថេប​ពូ​ហ្ស៊ូ អ៊ី​ណា​រី​។​

​ឈុត​ឆាក​ស្រដៀង​គ្នា​នេះ​បាន​កើតឡើង​កាលពី​ឆ្នាំមុន​ក្នុងអំឡុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​បាន​កាត់បន្ថយ​ចំនួន​អ្នកចូលរួម​យ៉ាង​ច្រើន​ដោយសារតែ​ស្ថានភាព​ជំងឺ​កូវី​ដ​។​

​នេះ​ប្រៀបធៀប​ទៅ​នឹង​អ្នកចូលរួម​ជាង​១០០​នាក់​នៅ​ដើមឆ្នាំ ២០២០ មុន​ពេល​មេរោគ​កូរ៉ូណា​ក្លាយ​ជា​វិបត្តិសកល​។​

​ពិធី​នេះ​ធ្វើឡើង​ក្នុងអំឡុង​ខែត្រជាក់​បំផុត​នៃ​ឆ្នាំ​នៅ​ទីក្រុង​តូ​ក្យូ ដែល​សីតុណ្ហភាព​ជា​មធ្យម​ស្ថិតនៅ​ចន្លោះ​ទាប​បំផុត ៣ អង្សា​សេ និង​ខ្ពស់បំផុត​ត្រឹម ៩ អង្សា​សេ​។​

​ត្រូវ​គេ​ស្គាល់​ថា​បុណ្យ មី​សូ​ជី (Misogi) ពិធី​នេះ​រួម​មាន​ការលាង​សម្អាត​រាងកាយ​ទាំងមូល​សម្រាប់​គោលបំណង​នៃ​ការ​បន្សុទ្ធ​អំពើ​បាប​។​

​ប្រារព្ធ​ឡើង​នៅ​អាទិត្យ​ទី​ពីរ​ដើម​ឆ្នាំ​នីមួយៗ ព្រឹត្តិការណ៍​នេះ​បាន​បន្ថែម​ប្រធានបទ “​ទប់ស្កាត់​ជំងឺ​រាតត្បាត​”​។​

​អ្នកចូលរួម​ឈ្មោះ យូ​ស៊ី​កូ ស៊ី​បា​ដា បាន​និយាយ​បន្ទាប់​ពី​បញ្ចប់​ពិធី​មី​សូ​ជី ថា “​ខ្ញុំ​សង្ឃឹមថា​ឆាប់ៗ​នេះ​ពិភពលោក​និង​ជំងឺ​រាតត្បាត​នឹង​មាន​ភាពស្ងប់ស្ងាត់ ហើយ​មនុស្ស​គ្រប់គ្នា​នឹង​អាច​ផ្លាស់​ទី​ដោយ​សេរី​”៕

មនុស្ស​ប៉ុន្មាន​សិប​នាក់​ចូលរួម​ពិធីបុណ្យ​មី​សូ​ជី ដែល​ប្រធានបទ​ឆ្នាំ​នេះ​គឺ​បន់​ឱ្យ​ឆាប់​ចប់​កូវី​ដ​