ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ ដូច្នេះ​លោកអ្នក​ត្រូវ​ចេះ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ពេលវេលា​ជា​មាសប្រាក់ ធ្វើ​ច្រើន​បាន​ច្រើន​។​ចូរ​កុំ​មានចិត្ត​លោភលន់​ដោយ​ចង់​មាន ចង់​បានឱ្យ​ហួសប្រមាណ​ពេក ប្រយ័ត្ន​បែរជា​កើតរឿង​រាវ​អាច​ខាតបង់​លាភសក្ការៈ​វិញ​។​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​គឺ​ប្រៀបដូចជា​ដាក់ចុះ​ដុះ​តាម​ដៃ​ដូច្នេះ​ដែរ​។​
​ចំពោះ​គូ​ស្នេហា​ប្តី​ប្រពន្ធ​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​គ្រាន់​គាប់ប្រសើរ និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ដែល​ធ្វើឱ្យ​លេចចេញ​ជា​បាតុភាព​ច្រើន​បន្តិច ពិសេស​ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ ចូរ​ចេះ​ធ្វើ​ដោយ​សន្សឹមៗ​កុំ​បំបោល​ទើប​អាច​ឈានដល់​គោលដៅ​បាន​។​លោកអ្នក​អាច​ជួប​គូប្រជែង​ចេញមក​តតាំង ដូច្នេះ​ត្រូវ​ត្រៀម​រៀបចំ​ជើង​ព្រួល​ទុក​សម្រាប់​ទប់ទល់​ជាមុន​ទើប​មិន​បរាជ័យ​។​
ក្នុង​ពេលនេះ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​ចំណង​ស្នេហ៍​អាច​គង់វង្ស​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​នានា​បាន​សាបរលាប​បាត់ស្រមោល​អស់រលីង​ទៅវិញ​នោះ ទើប​លោកអ្នក​រស់នៅ​ប្រកបដោយ​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ និង បើ​ចង់​ផ្តើម​ការងារ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​និង​អាច​កើប​ផល​កម្រៃ​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អ​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហា​និយាយស្តី​អ្វី​ត្រូវ​ចេះ​ប្រយ័ត្ន​មាត់ក បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​លើ​អ្នកដទៃ​តិច​ឬ​ច្រើន អាច​បង្ក​ជា​ទំនាស​វិវាទ​ឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​តោង​តែ​ចងចាំ​ថា កុំ​រកបាន​ដោយ​តានតឹង តែ​ចាយ​ធូរ​ឱ្យសោះ​ប្រយ័ត្ន​ជួប​បញ្ហា​ខ្វះ​ថវិការ​ទៅ​ពឹងពាក់​អ្នកដទៃ​គេ​ប្រមាថមើលងាយ និង​ស្រួល​មិន​ស្រួល​កើតជា​ទំនាស់​វិវាទ​ថែមទៀត​។​ការប្រកប​ការងារ បើ​លោក​អ្នកមាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ឃើញថា​ផ្តល់​ផល​ល្អ​ច្រើន​បន្តិច​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​។​
ចំពោះ​គូ​ស្នេហា​ដែល​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ក្នុង​រយៈពេល​នេះ​អាច​ពិគ្រោះ​ពិភាក្សា​រឿង​រៀប​អាពាហ៍ពិពាហ៍​បាន​ហើយ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​។​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ជាពិសេស​ចំពោះ​អ្នក​ដែល​ប្រកបការងារ​នៅ​ទី​ខ្ពស់ៗ​តោង​តែ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​គ្រោះ​រអិល របូតដៃជើង​នាំឱ្យ​រងរបួស​ឬ​រហូតដល់​អាច​ក្ស័យ​អាយុសង្ខារ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់របរ​បន្តិច​។
ចំពោះ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​សូម្បីតែ​ស្វាមីភរិយា​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​អុជអាល​នាំ​កើត​តែ​ជម្លោះ​វិវាទ​ឡើង​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រែង​ជួប​គ្រោះ​ចាញ់បោក​គេ ពិសេស​ទាំង​មនុស្ស​ពី​ចម្ងាយ​ឬ​សូម្បីតែ​មនុស្ស​ខ្ចាត់ព្រាត់​ក្តី​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ទោះ​លោកអ្នក​ធ្វើ​អ្វីមួយ​អាច​ទទួលផល​សម្រេច​ស​ម​បំណង​ស្ទើរ​ទាំងអស់ និង​ព្រមទាំង​ញាតិសន្តាន​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​ទោះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​បើ​មានការ​តាំងចិត្ត​ល្អ​នោះ​ឃើញថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ច្រើន​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុងការ​ស្វែងរក​បំផុត​៕

 

​ឆ្នាំរកា​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ដំណើរ​ជីវិត​មាន​ភាព​រកាំចិត្ត និង​ចង់​ពឹងពាក់​អ្នកដទៃ​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​សោះឡើយ​។​ក្នុងថ្ងៃនេះ​សន្ទុះ​នៃ​ល្បឿន​កិច្ចការងារ​ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ខ្សែទឹក​ពោលគឺ​ងាយ​ធាក់​ថយក្រោយ​និង​ពិបាក​រុលទៅមុខ ដូច្នេះ​ទាល់តែ​ប្រឹងប្រែង​បន្តិច​ទើប​មិន​នៅ​ទ្រឹង​មួយកន្លែង ។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រួសារ ឬ សូម្បីតែ​កន្លែងធ្វើការ​ងារ​ក្តី​ចូរ​ចេះ​អត់ឱន​និង​ចេះ​យោគយល់​អ​ព្យា​ស្រ័យ​ឱ្យ​គ្នា​ទើបបាន​សុខ​យូរអង្វែង ។​ដោយឡែក​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​លេចធ្លោ​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ពិបាក​រកប្រាក់​ចំណូល​ខ្លាំង​ដែរ ហើយ​ពិសេស​ងាយ​មានរឿង​រាវ​ចូលលុកលុយ​ថែមទៀត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ហាក់​ពុំ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​មិនអាច​ប្រថុយប្រថាន​ចំពោះ​កិច្ចការ​សំខាន់ ឬ​ទិញ​អ្វី​មិន​ច្បាស់លាស់​ឡើយ​ពីព្រោះថា​ងាយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​ណាស់​។​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​ផល​លំបាក​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​ចំណូល​មិន​ច្រើន តែ​ក៏មាន​ភាព​សុខដុម​ល្អ​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀត​ទាត់​សោះឡើយ​៕