ប្រែ​សម្រួលៈ​វាសនា​/​កូ​ផេន​ហា​ហ្គិន​៖ អង្គការ​សុខភាព​ពិភពលោក​(WHO)​កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​កុំអោយ​ចាត់ទុក​ជំងឺ​កូវី​ដ​១៩​ជា​ជំងឺឆ្លង​ធម្មតា​ដូច​ផ្តាសាយ ដោយ​បញ្ជាក់​ថា​ការឆ្លង​រាលដាល​នៃ​​វីរុស​អូ​មី​ក្រុង​នៅ​មិនទាន់​នៅ​នឹងនរ​ទេ​។​

​ប្រតិកម្ម​របស់​WHO​កើត​ឡើង​ក្រោយ​ពី​នាយករដ្ឋមន្ត្រី​អេស្បាញ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា វា​ដល់​ពេល​ផ្លាស់ប្តូរ​របៀប​តាមដាន​ការវិវត្តន៍​របស់កូ​វីដ​១៩ ហើយ​ប្រើ​វិធីសាស្ត្រ​ស្រដៀង​គ្នា​នឹង​របៀប​​តាមដាន​ផ្តាសាយ ដោយសារ​កំរិត​សម្លាប់​មនុស្ស​របស់​វា​ធ្លាក់ចុះ​។​ប្រការ​នេះ​គួរ​ចាត់ទុក​វីរុស​នេះ​ជា​«​ជំងឺឆ្លង​»​ជាជាង​«​ជំងឺឆ្លង​រាតត្បាត​សកល​»​មួយ​។​

​មន្ត្រីជាន់ខ្ពស់​ខាង​គ្រាអាសន្ន​ប្រចាំ​អឺរ៉ុប បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា «​យើង​នៅ​មាន​ភាពមិនប្រាកដប្រជា​ដ៏​ធំ និង​វីរុស​មួយ​ដែល​វិវត្ត​លឿន​ណាស់ និង​បង្ក​ការ​ប្រឈម​ថ្មីៗ​។​យើង​ពិតជា​មិនទាន់​​ដល់​ចំណុច​ដែល​អាច​ហៅ​វា​ថា​ជា​ជំងឺឆ្លង​ធម្មតា​មួយ​ទេ​»​។​

​ក្នុងពេល​ជាមួយគ្នា ពួក​អ្នកជំនាញការ​WHO​បាន​ព្រមាន​ថា ការចាក់ដូស​ជំរុញ​ដោយ​ប្រើ​វ៉ាក់សាំង​កូ​វីដ​១៩​ដើម​មិន​ជា​យុទ្ធសាស្ត្រ​អាច​សំរេច​បាន​មួយ​ទេ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​លេច​​ឡើង​ថ្មីៗ​និង​បាន​អំពាវនាវ​អោយ​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ថ្មី​ដែល​ប្រសើរ​ជាង​ក្នុង​ការប្រឆាំង​ការឆ្លង​។​

​ក្រុម​អ្នកជំនាញ​ដែល​ធ្វើការ​ខាង​វ៉ាក់សាំង​កូវី​ដ​១៩ បាន​និយាយថា​ការចាក់ដូស​ជំរុញ​ថ្មី​ដោយ​ប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​ដែល​កំពុង​មាន​នៅ​ពេល​វីរុស​ពូជ​ថ្មីៗ​លេចឡើង វា​មិន​ជា​វិធី​ល្អ​បំផុត​ក្នុង​ការប្រយុទ្ធ​​នឹង​ជំងឺឆ្លង​រាតត្បាត​នេះ​ទេ​។​

​ក្រុម​ទីប្រឹក្សា​បច្ចេកទេស​របស់​WHO​ស្តីពី​សមាសភាព​ផ្សំ​វ៉ាក់សាំង​កូវី​ដ​១៩​ហៅថា​TAG-Co-VAC បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យុទ្ធសាស្ត្រ​វ៉ាក់សាំង​ផ្អែក​លើ​ដូស​ជំរុញ​នៃ​វ៉ាក់សាំង​ដើម ​ទំនងជា​មិន​សមស្រប ឬ​មាន​ចីរភាព​ទេ​»​។​

​វា​បាន​និយាយថា ទិន្នន័យ​ដំបូងៗ​បានបង្ហាញ​ថា វ៉ាក់សាំង​ដែល​កំពុង​មាន មាន​ប្រសិទ្ធភាព​ទាប​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​ចេញ​រោគសញ្ញា​ក្នុងចំណោម​អ្នក​ឆ្លង​អូ​មី​ក្រុង តែ​វា​ជួយ​ការពារ​មិនអោយ​​កើត​ជំងឺ​ធ្ងន់​។​

​ក្រុម​នេះ​បាន​ណែនាំ​អោយ​បង្កើត​វ៉ាក់សាំង​ដែល​មិន​ត្រឹមតែ​ការពារ​មនុស្ស​ទល់នឹង​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ តែ​ក៏​ការ​រាំង​ការឆ្លង​និង​ការចម្លង​នៅ​កន្លែង​ដំបូង​អោយ​កាន់តែ​ប្រសើរឡើង​៕

​ពួក​អ្នកជំនាញ​ថា វ៉ាក់សាំង​កូវី​ដ​១៩​ថ្មី​ត្រូវ​ផ្តោត​លើ​ការបង្ការ​ការឆ្លង​និង​ចម្លង​

​និយ័ត​ករ​អឺរ៉ុប​ព្រមាន​ថា ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ញឹកញយ​ពេក​អាច​បង្ក​ផល​អាក្រក់​ដល់​ប្រព័ន្ធ​សាំ​រាងកាយ​ទៅវិញ និង​មិន​អាច​ប្រើការ​បាន​