​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ តារា​ទូរទស្សន៍​នាង គីម កា​ដា​សៀន និង​វីរបុរស​ប្រដាល់ ផ្ល​យ មេ​វេឌ័រ កំពុង​ប្រឈមមុខ​នឹង​ពាក្យបណ្តឹង​ដែល​ចោទប្រកាន់​តារា​ទាំង​ពីរ​ពីបទ​បោក​​បញ្ឆោត​វិនិយោគិន​ក្នុង​ការផ្សព្វផ្សាយ​រូបិយវត្ថុ​អេឡិចត្រូនិច​។​

​បណ្ដឹង ដែល​បាន​ប្តឹង​កាលពី​ថ្ងៃទី ៧ ខែ​មករា នៅ​តុលាការ​សហព័ន្ធ​ក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស អះអាងថា តារា​ល្បី​ទាំងពីរ​បាន​អួតអាង​អំពី​រូបិយវត្ថុ​អេឡិចត្រូនិច ដែល​លក់​ដោយ​ក្រុមហ៊ុន EthereumMax ឬ EMAX ដើម្បី​បង្កើន​តម្លៃ​របស់​វា និង​ធ្វើឱ្យ​ខ្លួន​ពួក​គេ​ទទួលបាន​ប្រាក់​ចំណេញ “​ពី​ការខាតបង់​របស់​អ្នកគាំទ្រ​និង​អ្នកវិនិយោគ​របស់​ពួកគេ​”​។​

​ពាក្យបណ្តឹង​បាន​និយាយថា “​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដោយ​សហការ​ជាមួយ​អ្នក​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ​ជា​ច្រើន​…​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មិន​ពិត​ឬ​បំភ័ន្ត​អំពី​រូបិយវត្ថុ​អេឡិចត្រូនិច EthereumMax តាមរយៈ​ការផ្សាយ​ពាណិជ្ជកម្ម​តាម​បណ្តាញ​សង្គម​និង​សកម្មភាព​ផ្សព្វផ្សាយ​ផ្សេងទៀត​”​។​

​យោងតាម​ពាក្យបណ្តឹង នាង​កា​ដា​សៀន​បាន​ផ្សព្វផ្សាយ​រូបិយវត្ថុ​អេឡិចត្រូនិច EthereumMax នៅក្នុង​សារ​បង្ហោះ​ខែ​មិថុនា​ឆ្នាំ ២០២១ នៅលើ Instagram នៅពេលដែល​នាង​មាន​អ្នកតាមដាន ២៥០ លាន​នាក់​។​

​នាង​បាន​សរសេរ​នៅក្នុង​សារ​បង្ហោះ​នោះ​ថា “​តើ​អ្នក​បាន​វិនិយោគ​លើ Crypto ហើយ​ឬ​នៅ​?” បន្ទាប់មក​មាន​ល្បះ​មួយ​ឃ្លា​ទៀត​សរសេរថា “​នេះ​មិនមែន​ជា​ដំបូន្មាន​ហិរញ្ញវត្ថុ​ទេ​”​ប៉ុន្តែ​ថា​នាង​ចង់​​ចែករំលែក “​អ្វី​ដែល​មិត្ត​របស់ខ្ញុំ​ទើបតែ​ប្រាប់​ខ្ញុំ​” អំពី​ថូ​កខិន (Token) EthereumMax​។ ពាក្យបណ្តឹង​បាន​និយាយថា នាង​បាន​បញ្ចូល​សញ្ញា​ទ្រង់​ជ្រូក #AD ដើម្បី​បង្ហាញ​ថា​សារ​បង្ហោះ​របស់​នាង​​គឺជា​ការផ្សាយពាណិជ្ជកម្ម​ដែល​បង់ប្រាក់​។​

​មេ​វេឌ័រ​បាន​ផ្សព្វផ្សាយ​រូបិយវត្ថុ​អេ​ឡិ​ច​ត្រូនិច EthereumMax នៅលើ​សង្វៀន​ប្រដាល់​របស់គាត់ ក្នុងអំឡុងពេល​ប្រកួត​ដែល​មាន​អ្នក​មើល​យ៉ាងច្រើន ជាមួយ​តារា YouTube ឡូ​ហ្គាន ផូល កាលពី​ខែ​មិថុនា ក្នុងចំណោម​ការផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​។​

​តំណាង​របស់​កា​ដា​សៀន​និង​មេ​វេឌ័រ​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​ទេ​។​

​ក្រុមហ៊ុន EthereumMax ក៏​មានឈ្មោះ​នៅក្នុង​ពាក្យបណ្ដឹង​ផងដែរ​៕

​ផ្ល​យ មេ​វេឌ័រ និង គីម កា​ដា​សៀន កំពុង​រង​ពាក្យបណ្តឹង​អំពី​ការផ្សាយ​បំភ័ន្ត​អំពី​រូបិយវត្ថុ​អេឡិចត្រូនិច EthereumMax