ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ នៅពេលបុរសទាំងពីរនាក់នោះ បានជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្ត បើកបុកចំពីមុខ ពេញទំហឹង កាលពីវេលាម៉ោង ៥និង៤៥នាទី ព្រលប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក ហុងដា Beat ពណ៌ខៀវ បិតស្កុតខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-1741 ជិះគ្នា ពីរនាក់ ក្នុងទិសដៅពីខាងកើត ទៅខាងលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4724 ដឹកទំនិញ បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូចំពីមុខ ពេញទំហឹង បណ្តាលឲ្យស្លាប់ ម្នាក់ រងរបួសធ្ងន់ម្នាក់ អ្នកបើកបររថយន្ត ឃើញសភាពមិនស្រួល ចុះរត់គេចបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ ត្រូវបានរថយន្តគ្លីនិកឯកជន ដឹកយកទៅ សង្គ្រោះ។ ចំណែកសពត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យស្លាកស្នាម ស្រាវជ្រាវ ស្វែង រកក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ។ រីឯរថយន្ត និងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋានរាជធានីភ្នំពេញ វាស់វែង យកទៅរក្សាទុករង់ចាំ ដោះស្រាយតាមច្បាប់៕/V-PC