ដោយ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត/ភ្នំពេញៈខ្ញុំឈ្មោះ ភូ កាដាំ ហៅ ឡា អាយុ២៧ (ឆ្នាំ១៩៧៨)។ ខ្ញុំមានតួនាទីជាលេខាកងធំ នៅវរសេនាតូច៤០៥។ ខ្ញុំមានស្រុកកំណើតនៅភូមិពាមជីមាត ឃុំពាមជីមាត ស្រុកកោះញ៉ែក តំបន់១០៥ ខេត្តមណ្ឌលគិរី។ ខ្ញុំរៀនសាលាពាមជីមាតពីថ្នាក់ទី១២ រហូតដល់ថ្នាក់ទី៧ (ពីសង្គមចាស់)។ នៅឆ្នាំ១៩៦៦ ខ្ញុំបានទៅប្រឡងដើម្បីចូលរៀនថ្នាក់ទី៦ នៅទីរួមខេត្តមណ្ឌលគិរី ប៉ុន្តែខ្ញុំប្រឡងមិនជាប់ក៏ត្រឡប់មកជួយធ្វើស្រែឪពុកម្ដាយវិញ។ នៅពាក់កណ្ដាលឆ្នាំ១៩៦៦ ខ្ញុំចូលបដិវត្តន៍តាមរយៈឈ្មោះ ធា។ នៅពេលដែលខ្ញុំចូលបដិវត្តន៍ដំបូងខ្ញុំមិនទាន់មានតួនាទីអ្វីទេ ខ្ញុំគ្រាន់តែមានឈ្មោះនៅក្នុងបដិវត្តន៍តែប៉ុណ្ណោះ។
ផ្លូវទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ (ឈីម ពៅ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅក្នុងឆ្នាំ១៩៦៧ ខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងជាមួយប៉ូលីសនៅពាមជីមាត។ ក្រោយពីខ្ញុំចូលធ្វើបាតុកម្មបានចំនួនមួយថ្ងៃ ប៉ូលីសនៅប៉ុស្ដិ៍ពាមជីមាត ឈ្មោះ ម៉ន បានស្គាល់ខ្ញុំ បន្ទាប់មកហៅខ្ញុំនិងមនុស្ស៣នាក់ទៀតឲ្យទៅជួប។ អ្នកទៅជួបប៉ូលីស ម៉ន មានឈ្មោះ យ៉ា គឺជាជំនួយការស្រុកកោះញ៉ែក តំបន់១០៥, វិន គឺជាអនុលេខាកងតូចនៅវរសេនាតូច៤០៥ យោធាតំបន់១០៥ និង ផូ ហៅ ទឹម គឺជាអនុលេខាកងតូច នៅវរសេនាតូច៤០៥។ នៅពេលដែលខ្ញុំទៅជួបជាមួយ ម៉ន សួរខ្ញុំថា «ប្អូនធ្វើជាខ្មែរក្រហមឬបានជាប្អូនប្រឆាំងជាមួយជាតិឯង?» យើងខ្ញុំទាំងបួននាក់ឆ្លើយប្រាប់ប៉ូលីស ម៉ន ថា «ពួកខ្ញុំធ្វើខ្មែរក្រហមមែន»។ ម៉ន ប្រាប់ខ្ញុំថា «ប្អូនជាទាហានខ្មែរក្រហមមិនឈ្នះទាហានសម្ដេច សីហនុ ទេព្រោះទាហានសម្តេចសីហនុមានកាំភ្លើង ហើយចុះទាហានខ្មែរក្រហមមានអ្វី? ហូបតែស្លឹកឈើ ស្លាប់ពេញតែព្រៃ»។ ម៉ន ស្នើឲ្យខ្ញុំធ្វើជាគិញឲ្យគាត់។
ក្រោយពីខ្ញុំបានសម្រេចចិត្តធ្វើជាគិញ ស៊ើបរកខ្មែរក្រហម ខ្ញុំ, យ៉ា, ទឹម និង វិន បានរាយការណ៍ទៅឲ្យប៉ូលីស ម៉ន ថាយើងមានតាធ្វើខ្មែរក្រហម ហើយត្រូវរបួសបែកមុខនៅពេលដែលគាត់ចូលរួមធ្វើបាតុកម្ម។ ឥឡូវទៅលាក់ខ្លួននៅស្រែលំម៉ាន់។ ម៉ន បាននាំប៉ូលីសមួយចំនួនទៅចាប់បាន តាជិន, តាចែម, តានូ និង តាណា យកទៅដាក់នៅបន្ទាយពាមជីមាត។ ប្រជាជនទាំងអស់នៅក្នុងឃុំពាមជីមាត បានរត់ចូលព្រៃអូរឌឿ ហើយពួកខ្ញុំទាំងបួននាក់ទៅជាមួយដែរ។ ចាប់តាំងពីពេលនោះមកខ្ញុំបានដាច់ការទាក់ទងជាមួយប៉ូលីស ម៉ន ម្យ៉ាងដោយផ្លូវធ្វើដំណើរចេញចូលឆ្ងាយ ។ ខ្ញុំនៅតែរក្សាទំនាក់ទំនងជាមួយឈ្មោះ វិន, ទឹម និង យ៉ា។ ខ្ញុំធ្វើការនៅក្នុងព្រៃបានរយៈពេល២ទៅ៣ថ្ងៃ ឡាំង ចុះមកទទួលប្រជាជនហើយពេលជួបខ្ញុំ ឡាំង យកខ្ញុំទៅនៅជាមួយគាត់នៅមន្ទីរ៦០។
ទន្លេនៅក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ (អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តមណ្ឌលគិរី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅឆ្នាំ១៩៦៨ បងឡេង (នៅក្នុងឆ្នាំ១៩៧៨ លេខាវរសេនាតូចរបស់តំបន់១០៥) បានចេញពីធ្វើយោធាបដិវត្តន៍ដែលគ្រប់គ្រងដោយយួន ហើយ បងឡេង មកធ្វើជាប្រធានក្រុមឈ្លបនៅ អូរឌឿ។ នៅដើមឆ្នាំ១៩៧០ ឡាំង ចាត់តាំងឲ្យខ្ញុំមកធ្វើជាយោធានៅតំបន់១០៥វិញ។
នៅឆ្នាំ១៩៧១ អង្គការបានដកអង្គភាពរបស់ខ្ញុំឲ្យទៅធ្វើការនៅឃុំស្រែជិះ។ មុនពេលទៅ បងឡេង បានហៅខ្ញុំទៅប្រជុំនៅភូមិប្រង់ រួមមានឈ្មោះ យ៉ា, ស៊ិន ផៃ គឺជាអនុសេនាធំ នៅវរជាមួយបង ឡេង យោធាតំបន់១០៥, ចាម គឺជាអនុសេនាធំ នៅវរជាមួយបង ឡេង យោធាតំបន់១០៥, វិន, ទឹម និង សុត គឺជាប្រធានកម្មករជួសជុលឡាន។ បងឡេង ឲ្យយើងដាក់ផែនការថ្មីដើម្បីធ្វើសកម្មភាព។ ទោះបីយើងត្រូវបែងចែកឲ្យទៅធ្វើការងារនៅតាមតំបន់រៀងខ្លួនក្ដី គឺយើងនៅតែធ្វើសកម្មភាពបំផ្លាញកន្លែងយើងធ្វើការ។ ក្រោយមក ខ្ញុំអប់រំកម្លាំងបាន៧នាក់មានឈ្មោះ ធុន, ស្រាំ, វែង, ឈឹម, ស៊ាន, ក្លេះ និង អន្សា។ ពេលខ្ញុំកំពុងច្រូតស្រូវ ខ្ញុំបានហៅអ្នកទាំង៧នាក់ខាងលើមកប្រជុំឲ្យធ្វើសកម្មភាពប្រឆាំងបដិវត្តន៍ មិនឲ្យកងទ័ពនេះនៅបានស្រួលឡើយ។ នៅពេលយាមយប់ មានអ្នកលួចទៅគោះត្រដោកទាំងយប់បណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញមន្ទីរ។
នៅខែធ្នូ ឆ្នាំ១៩៧២ អង្គការដកយោធាតំបន់១០៥ ទាំងអស់មករៀននយោបាយនៅមន្ទីរក-១៧ មានបង ឡាំង គឺជាអ្នកបង្រៀន។ ខ្ញុំបានទៅរៀនដែរ ហើយបានជួប បងឡេង និងខ្សែរយៈរបស់ខ្ញុំទាំងអស់នៅក្នុងយោធាតំបន់។ ទៅរៀនបានរយៈពេល៥ថ្ងៃ ខ្ញុំ, ឡេង, ផៃ បានជួបពិភាក្សាជាមួយគ្នា។ យើងចង់សម្រេចផែនការថ្មី ទី១ គឺកម្ទេចកម្លាំងកម្មាភិបាលយោធាមួយចំនួន។ នៅម៉ោង៩យប់ យើងបាននាំគ្នាមកប្រជុំនៅមាត់អូរច្បារ ដែលមានអ្នកចូលរួមគឺ ១) បងឡេង លេខាវរសេនាតូច របស់តំបន់១០៥ ២) ស៊ិន ឆៃ អនុលេខាកងធំ នៅក្នុងវររបស់ បងឡេង ៣) ចាម អនុលេខាកងធំ នៅក្នុងវររបស់ បងឡេង ៤) សុត ពីមុននៅតំបន់១០៥ក្រោយមកមានតួនាទីជាអ្នកមើលការខុសត្រូវខាងកម្មករជួសជុលឡានតំបន់១០៥។ បងឡេងនិយាយថា «ខ្ញុំមានផែនការថ្មី សម្រាប់ធ្វើសកម្មភាពកម្ទេចលេខាតំបន់ គឺបងឡាំង និងកម្មាភិបាលមួយចំនួនទៀតដែលមិនដើរតាមយើង»។ មិត្តត្រូវចុះទៅកសាងកម្លាំងជាមុនសិន។
កងទ័ពបដិវត្តន៍ខ្មែរក្រហមកំពុងដាក់មីនបិទផ្លូវនៅព្រំដែនវៀតណាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ក្រោយការប្រជុំខ្ញុំកសាងបានកម្លាំងបានចំនួន២នាក់មានឈ្មោះ រ៉ាមី និង ឈ្មោះ លី។ ពេលរៀនបានរយៈពេល៧ថ្ងៃ អង្គការឲ្យសម្រាក១ថ្ងៃ។ នៅថ្ងៃសម្រាក បងឡេង បបួលខ្ញុំឲ្យទាក់ទងជាមួយយួន កុក វៀត។ បងឡេង នាំខ្ញុំនិងមិត្តផៃ ទៅជួបយួន កុក វៀត នៅឃុំអ.៤ព្រោះកាលនោះវៀតកុងមកនៅក្នុងទឹកដីកម្ពុជាហើយ។ បងឡេង និយាយភាសាយួនជាមួយយួន កុក វៀត ប្រហែលជាកន្លះម៉ោង ទើបបងឡេងបកប្រែជាភាសាឡាវឲ្យខ្ញុំស្ដាប់។ យួន យល់ព្រមជួយយើងឲ្យតែយើងហ៊ានធ្វើសកម្មភាព ទោះជោគជ័យឬបរាជ័យយួននៅតែឲ្យយើងរត់ទៅប្រទេសយួន។ ផែនការនេះមិនទាន់បានធ្វើផងក៏បែកការណ៍ ហើយអង្គការចាប់ខ្លួន រ៉ាមី និង លី។ ខ្ញុំចេញពីសាលាបាន២ថ្ងៃ អង្គការមានផែនការដេញយួនឲ្យចេញពីស្រុកខ្មែរ។ អង្គការតំបន់ចាត់តាំងខ្ញុំ និងមិត្តយើងមួយចំនួនឲ្យទៅការពារសកម្មភាពយួននៅតាមព្រំដែនស្រុកកោះញ៉ែក។ ពេលដើរដល់ភូមិកងឡែ យើងបានទៅជួបជាមួយមិត្ត ឡេង និងបងផៃ ។ បងឡេងប្រាប់ខ្ញុំថា ឥឡូវសភាពការណ៍យួនត្រូវអង្គការដេញឲ្យទៅដីយួនវិញ ធ្វើឲ្យការទាក់ទងជាមួយ កុក វៀត មានការលំបាក។
ខ្ញុំត្រឡប់មកអង្គភាពវិញបានប្រាំពីថ្ងៃ អង្គការឲ្យខ្ញុំទៅយាមទៀតគឺយាមចាប់ពីខ្លប់ទៅដល់ភូមិកងឡែ។ ពេលដល់ភូមិកងឡែ ខ្ញុំបានទៅជួបជាមួយ បងឡេង និងមិត្តផៃ។ បងឡេង បានទៅជួបជាមួយ កុក វៀត នៅឃុំអ.៤លើ ពេលដែលវៀតកុងរៀបសម្ភារចេញពីស្រុកខ្មែរ។ កុក វៀត ប្រាប់ថា ថ្ងៃក្រោយបើមានធ្វើសកម្មភាពអីគឺត្រូវទៅទាក់ទងគាត់នៅភ្នំបូគោ ឬភ្នំណុះទ្រោក ក្នុងទឹកដីយួន ម្ដុំភូមិក្រាក់ និងដីខ្មែរខាងដាក់ដាំ។
នៅខែមករា ឆ្នាំ១៩៧៣ អង្គការចាត់តាំងខ្ញុំឲ្យទៅយកថ្នាំពេទ្យនៅមន្ទីរពេទ្យយោធាតំបន់ នៅភូមិស្រែហ៊ុយ ហើយខ្ញុំបានជួបឈ្មោះ ទង គឺជាប្រធានផ្សំថ្នាំពេទ្យនោះទីនោះ។ ក្រោយពីកើតមានការបាញ់មន្ទីរយោធាតំបន់ អង្គការចាប់អារម្មណ៍ថា យួនចូលធ្វើសកម្មភាព ហើយអង្គការចាត់តាំងឲ្យសមាជិកអង្គភាពរបស់ខ្ញុំមួយចំនួន រួមជាមួយអង្គភាពបងឡេង ទៅយាមការពារនៅព្រំដែនខ្មែរ-យួន ចាប់តាំងពីដាក់ដាំរហូតដល់ទន្លេស្រែពក។
នៅខែមិថុនា ឆ្នាំ១៩៧៣ អង្គការឲ្យខ្ញុំទៅរៀននយោបាយនៅភូមិភាគឧត្តរចាស់ រហូតដល់ខែកញ្ញា ទើបអង្គការឲ្យត្រឡប់មកវិញ។
នៅខែមករា ឆ្នាំ១៩៧៤ អង្គការបានដកអង្គភាពរបស់ខ្ញុំ និងអង្គភាព បងឡេ ឲ្យទៅនៅភូមិស្រែហ៊ុយ ស្រុកកោះញ៉ែក ជាមួយគ្នា។ នៅខែឧសភា ឆ្នាំ១៩៧៤ ដដែល មានការប្រជុំនៅក្នុងមន្ទីរបងឡេង មានខ្ញុំ, មិត្តផៃ, មិត្តចាម, វិន និង ទឹម។ បងឡេង លើកឡើងថា អង្គការឲ្យលើកទំនប់មួយប្រើរយៈពេល១ខែឲ្យរួចរាល់។ នៅខែធ្នូ ឆ្នាំ១៩៧៤ ខ្ញុំចុះទៅណែនាំមិត្ត សូន និង មិត្តខាំ ធ្វើខាងពាណិជ្ជកម្មឲ្យត្រៀមខ្លួនធ្វើសកម្មភាពថ្មី។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការឲ្យបងឡេង ទៅរៀននយោបាយនៅមន្ទីរក-១៧ រយៈពេល១ខែ ទើបបងឡេង ត្រឡប់មកអង្គភាពវិញ។ នៅពេលល្ងាច ខ្ញុំបានទៅជួបបងឡេង នៅមន្ទីររបស់គាត់។ យើងបានពិភាក្សាថាឥឡូវនេះអង្គការឲ្យយើងទៅល្បាតតាមព្រំដែន ដូច្នេះយើងប្រាកដជាបានជួបជាមួយ កុក វៀត ហើយនេះគឺជាការសម្រេចពីបងម៉ី (អនុលេខាតំបន់១០៥)។ ក្រោយមកបាន១ថ្ងៃ អង្គការបានចាត់តាំងអង្គភាពរបស់ខ្ញុំ និងអង្គភាពបងឡេង ទៅយាមល្បាតនៅដាក់ដាំ ស្រុកអូររាំង និងដើរស៊ើបការណ៍នៅភ្នំណុះទ្រោក។ ក្រោយមកបងឡេង បានប្រមូលកម្លាំងរបស់ខ្ញុំទាំងអស់ មានឈ្មោះ សំបុក្រ, សិន ផៃ និង ទឹម ត្រៀមខ្លួនទៅទាក់ទងយួន។ យើងបានចូលទៅភ្នំណុះទ្រោកដើរតម្រង់ទៅទីកន្លែងដែលយើងធ្លាប់បានទាក់ទងគ្នាតាំងពីឆ្នាំ១៩៧៣ ដែលមានចម្ងាយពីព្រំដែនខ្មែរ៥០០ម៉ែត្រ ក្នុងខេត្តឡុកនិញ។ ទៅដល់ជិតមន្ទីរ កុក វៀត ឃើញយោធាយួនដើរពេញព្រៃ។ ខ្ញុំនាំគ្នាលីកាំភ្លើងឡើងលើធ្វើជាសញ្ញាហើយដាក់មកលើស្មាលីវិញ។ កងទ័ពយួនឃើញខ្ញុំប្រុងខ្លួនគ្រប់គ្នា បន្ទាប់មកមានយួនម្នាក់មកសួរខ្ញុំទៅណា? បងឡេងប្រាប់ថា មកធ្វើការជាមួយបង កុក វៀត។ យួនម្នាក់បានសួរថា ឈ្មោះអ្វីបានសួររក កុក វៀត ហើយក្រោយមក កុក វៀត ក៏ដើរចេញមក។ បងឡេង បានរាយការណ៍អំពីផែនការ បងម៉ី ដាក់មកនៅក្នុងឆ្នាំ១៩៧៥ បងម៉ី ចង់ឲ្យកងទ័ពបង កុក វៀត ចូលទៅបោះទីតាំងនៅក្នុងទឹងដីប្រទេសកម្ពុជា នៅទីតាំង ដូចជា ភ្នំណុះទ្រោកស្ថិតភាគខាងជើងប្រទេសកម្ពុជា អូរហ៊ុច អូរតាង និងទូយោសាំង។ ទីតាំងដែលយើងឲ្យបងដាក់ទីតាំងកងទ័ពនេះអំណោយផលខ្លាំងណាស់ កន្លែងដែលគ្មានកម្លាំងទ័ព ទីតាំងងាយស្រួកវាយចូលប្រទេសកម្ពុជា និងវាយយកខេត្តមណ្ឌលគិរី។ កុក វៀត បានសួរអំពីចំនួនកម្លាំងតំបន់ដែលមាន និងចំនួនកម្លាំងកងពលមុន ពេលសម្រេចចិត្តយល់ព្រមបោះទីតាំងក្នុងទឹកដីកម្ពុជា។ យើងបានប្រាប់កម្លាំងយោធាតំបន់របស់យើងទៅ កុក វៀត មាន២កន្លែងនៅភូមិក្រងតស់ និង ស្រែអំពូម ហើយកម្លាំងកងពលបានដាក់ឈរជើងចាប់ពីទន្លេស្រែពកដល់ស្រុកកែវសីម៉ាហើយកម្លាំងទាំងនោះយើងបានដាក់ដុំៗទេ។
នៅខែមករា ឆ្នាំ១៩៧៦ អង្គការបានឲ្យខ្ញុំរៀនបច្ចេកទេស ដើម្បីចូលសមរភូមិវាយយួន។ ខ្ញុំរៀនចប់រយៈពេលមួយខែ អង្គការប្រកាសលើកផែនការវាយយួនដែលបោះទីតាំងនៅទូយោសាំង ក្នុងទឹកដីខ្មែរ។ មុនលើកផែនការវាយយួន បងឡេងឲ្យខ្ញុំ មិត្តទឹម មិត្តវិន បងផៃ និងមិត្តចាម ទៅប្រជុំ ហើយបងឡេង ប្រាប់ថា ឥឡូវនេះអង្គការឲ្យយើងទៅវាយយួនហើយ។ នៅខែកុម្ភៈ ឆ្នាំ១៩៧៦ អង្គការបានឲ្យខ្ញុំ មិត្តសំបុក្រ និងមិត្តវិន ចូលសមរភូមិទូយោសាំងជាមួយគ្នាឯ ផៃ និង មិត្តចាម ទៅសមរភូមិភ្នំណុះ ជាមួយបងឡេង។ ពេលដល់សមរភូមិទូយោសាំង អង្គការបានឲ្យខ្ញុំសម្រុកប្រយុទ្ធ ចំណែក សំបុក្រ និង វិន គឺនៅកាន់កាំភ្លើងធំ។ នៅពេលប្រយុទ្ធនោះខ្ញុំត្រូវរបួសដោយយួនបានបាញ់បេ៤០ មកត្រូវជើងនិងដៃរបស់ខ្ញុំ។ អង្គការបញ្ជូនខ្ញុំទៅសម្រាកនៅមន្ទីរពេទ្យ។ ខ្ញុំដេកពេទ្យរយៈពេល១ឆ្នាំទើបដៃជើងជាសះស្បើយអាចដើរបានប៉ុន្តែមិនបានឆ្ងាយ។
នៅខែមករា ឆ្នាំ១៩៧៧ បងបាំង បានយកខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យយោធាតំបន់ព្រោះជើងរបស់ខ្ញុំដាច់សរសៃ។ នៅខែកក្កដា ឆ្នាំ១៩៧៧ ដដែល ខ្ញុំបានទៅជួបបងឡេង នៅមន្ទីរភ្នំក្រោល បន្ទាប់ពីដាច់ការទាក់ទងជាមួយគាត់យូរ។ បងឡេង ប្រាប់ខ្ញុំពីសភាពការណ៍កន្លងមក បងម៉ី ត្រូវអង្គការចាប់ខ្លួនហើយអ្វីដែលបានរម្ភនោះបើ បងម៉ី ឆ្លើយដាក់យើងប្រាកដជាមិនរស់ទេ។ យើងមានអ្នកដឹកនាំបន្តគឺ បងខាំភូន គឺជាអនុលេខាតំបន់១០៥។
នៅខែធ្នូ ឆ្នាំ១៩៧៧ បងឡេង បានស្កាត់មកជួបខ្ញុំនៅមន្ទីរ១០៦ នៅពេលអង្គការឃាត់ខ្លួនខ្ញុំដើម្បីតាមដាន។ ពេលជួបគ្នា បងឡេង ប្រាប់ខ្ញុំថា យួនចូលវាយដល់ដាក់ដាំហើយឥឡូវមិត្តចូលទៅរៀបចំកម្លាំងរបស់យើងឲ្យរួចរាល់។ ខ្ញុំបានឆ្លើយប្រាប់គាត់ថា ខ្ញុំអស់ទ័ពកាន់ទៀតហើយឥឡូវទៅណាមិនរួចទេព្រោះអង្គការតាមដាន។ បងឡេង ប្រាប់ខ្ញុំកុំឲ្យព្រួយដោយឥឡូវនេះមានកម្លាំងយួនវាយមកដល់គ្រប់កន្លែង ខាងយើងក៏វាយហើយខាងបូព៌ាក៏វាយទៀត ហើយដោយខ្លាចបែកការណ៍បង ឡេង ប្រញាប់ទៅវិញ។ មកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៨ អង្គការបានចាប់ខ្លួនខ្ញុំមកទីនេះតែម្តង។
កំណត់ចំណាំ ៖ អត្ថបទនេះ ដកស្រង់ចេញពីចម្លើយសារភាពឯកសារJ00090។ រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះ យើងមិនអាចសន្និដ្ឋានបានថា ចម្លើយសារភាពរបស់ ភូ កាដាំ ហៅ ឡា ពិតឬយ៉ាងណានោះទេ?