ដោយៈ សរិទ្ធ / កណ្តាលៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពី បានយក ទូរស័ព្ទ ថតរូបអាក្រាតកាយរបស់នារី វ័យ ២០ ឆ្នាំម្នាក់ ក្នុងបន្ទប់ទឹក ។ ហេតុការណ៍ នេះ បានកើតឡើង នៅចំណុចបន្ទប់ទឹក មួយកន្លែងស្ថិតនៅផ្ទះ ជួលភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកព្រលឹម ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ។
យោងតាមរបាយការណ៍ ពីសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ មានវ័យ ២០ ឆ្នាំ។ ចំណែកជនសង្ស័យ មានឈ្មោះ អិន ធី ហៅ ខ្លី អាយុ៣៨ឆ្នាំ មុខរបរ កម្មករ រោងចក្រ ។
សមត្ថកិច្ច បានអោយដឹងទៀតថាៈ នៅវេលាកើតហេតុ ជនរងគ្រោះ កំពុងតែ ងូតទឹក ស្រាត នៅក្នុងបន្ទប់ទឹក ប្រើរួមគ្នា ។ ពេលនោះ ស្រាប់តែជនសង្ស័យ ដែលស្នាក់នៅ បន្ទប់ផ្ទះជួល ក្បែរគ្នា បានចូលបន្ទប់ទឹក ជាប់គ្នាជាមួយ ជនរងគ្រោះ ហើយបានដាក់ ទូរស័ព្ទ លួចថតរូបភាព តាមប្រហោងឥដ្ឋ ។
ពេលនោះ ត្រូវបានជនរងគ្រោះ ឃើញទូរស័ព្ទ ជនសង្ស័យ ក៏ទាញយក ហើយ ឆែកមើល ឃើញរូបអាក្រាតកាយ ជាប់ក្នុងទូរស័ព្ទរបស់ជនសង្ស័យ ។ ភ្លាមនោះ ជនសង្ស័យ បានសុំទូរស័ព្ទពីជនរងគ្រោះវិញ ហើយបានសុំទោសជនរងគ្រោះ និងលុបរូបភាពចេញ ពីក្នុងទូរស័ព្ទ ជនសង្ស័យវិញ ។
ក្រោយមក ជនសង្ស័យ បានទៅធ្វើការបាត់ ទើបជនរងគ្រោះទៅដាក់ពាក្យ បណ្ដឹង នៅប៉ុស្តិ៍ព្រែកហូរ តែម្ដង។ ពេលជនសង្ស័យ ចេញពីធ្វើការវិញ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ តែម្តង ៕/V-PC