ដោយ​: សុផល / ភ្នំពេញ​: មូលនិធិ​ជប៉ុន រួមសហការ​ជាមួយ ស្ថានទូត​ជប៉ុន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា (CJCC) នឹង​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន ២០២២ នៅ​ថ្ងៃទី​១៤ – ១៦ – ២២ និង ២៣ ខែមករា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ (​នៅ​រោងភាពយន្ត មេជី​ស៊ី​នេ​ផ្លិ​ច បាយ​ស្មា​ត សាខា​ផ្សា​ទំនើប​អី​អន សែន​សុខ​)​។ ការចូលរួម​ទស្សនា ដោយ​មិន​គិតថ្លៃ​។​

​មហោស្រព​ភាពយន្ត​ជប៉ុន ត្រូវបាន​ប្រារព្ធ​ឡើង ជា​រៀងរាល់ឆ្នាំ ចាប់​តាំង ពី​ឆ្នាំ ២០១៥ ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ វប្បធម៌ រវាង​ជប៉ុន និង​កម្ពុជា​។​

​កម្មវិធី​បើក​មហោស្រព​ភាពយន្ត​នេះ នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែមករា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ៤:០០ នាទី​រសៀល ទៅ នៅ​សាល​លេខ​៣ រោងភាពយន្ត មេជី​ស៊ី​នេ​ផ្លិ​ច​បាយ​ស្មា​ត សាខា​ផ្សា​ទំនើប​អ៊ី​អន សែន​សុខ ក្រោម​អធិបតីភាព លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន លោក អ៊ុ​សូ​ហ្គា​យ៉ា ហ៊ុ​យឺ​គិ នាយក​នៃ មជ្ឈមណ្ឌល អាស៊ី​នៃ​មូលនិធិ​ជប៉ុន ការិយាល័យ​ទំនាក់ទំនង នៅ​ទីក្រុង​ភ្នំពេញ ព្រមទាំង​ភ្ញៀវកិត្តិយស ជាច្រើនរូប​ទៀត​។

​ភាពយន្ត​ដែល​ត្រូវ​ចាក់​បញ្ចាំង សម្រាប់​កម្មវិធី​បើក គឺមាន​ចំណងជើង​ថា Poupelle of Chimney Town​។​

​កំឡុងពេល​មហោស្រព មាន​ភាពយន្ត ជាច្រើន​ប្រភេទ ត្រូវបាន​សម្រិតសម្រាំង សម្រាប់​ការចាក់ បញ្ចាំង​នៅ​រោងភាពយន្ត ដូចដែល​បាន​ជម្រាបជូន​ខាងលើ​។ ភាពយន្ត​ទាំងនោះ រួមមាន ភាពយន្ត​បែប​មនោសញ្ចេតនា ស៊ើបអង្កេត គំនូរជីវចល វាយប្រហារ និង​កំប្លែង​ជាដើម​។ ភាពយន្ត​ដែល​នឹងត្រូវ​ចាក់​បញ្ចាំង ទាំងនេះ ឆ្លុះបញ្ចាំង​អំពី ជីវភាព​រស់នៅ របស់​ប្រជាជន សង្គម និង​វប្បធម៌​ជប៉ុន ហើយ​ម​ហោ ស្រព​នេះ ក៏​ផ្ដល់ឱកាស​ដ៏​ល្អ មួយ​សម្រាប់​អ្នកទស្សនា​អាច​ស្គាល់ ពី​ប្រទេស និង​ប្រជាជន​ជប៉ុន​។​

​ភាពយន្ត​ជប៉ុន ចំនួន​១០​រឿង នឹងត្រូវ​ចាក់​បញ្ចាំង ជាមួយ​ចំណងជើង​រង ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស (​សម្រាប់​រឿង​គំនូរជីវចល មួយចំនួន មានការ​បញ្ចូល​សម្លេង ជា​ភាសា​ខ្មែរ​) សម្រាប់​តារាង​កាលបរិច្ឆេទ​នៃ​ការចាក់ បញ្ចាំង មាន​ផ្សព្វផ្សាយ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក មហោស្រព​ភាពយន្ត​ជប៉ុន​៖

https:/www.facebook.com/jffcambodia/posts/4979325678756536 និង​គេហទំព័រ​មហោស្រព​ភាពយន្ត ជប៉ុន​៖https://jfphn.org/project/jf2022/ ។ ការចូលរួម គឺ​ដោយ​សេរី និង​ឥតគិតថ្លៃ ៕/V​-PC