​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ លោក ចូ ដេវីស ដែល​ធ្វើការ​នៅ​អាង​ស្តុក​ទឹកធម្មជាតិ​រ៉ា​ត់លែ​ន បាន​ពន្យល់​បកស្រាយ​ថា “​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​ក្រុមប្រឹក្សា​ស្រុក ហើយ​ខ្ញុំ​បាន​និយាយថា​ខ្ញុំ​គិតថា​ខ្ញុំ​​បាន​រកឃើញ​ដាយ​ណូ​ស័រ​”​។​

​ក្នុងអំឡុង​ការងារ​រៀបចំ​ទ្រង់ទ្រាយ​អាង​ស្តុក​ទឹក​នេះ​ឡើង​វិញ​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ គាត់​បាន​ឃើញ​របស់​ចម្លែក​លេចចេញ​ពី​ភក់​។​

​វា​មិនមែន​ជា​ដាយ​ណូ​ស័រទេ ប៉ុន្តែ​វា​គឺជា​ហ្វូ​ស៊ីល​សត្វ​មំសាសី​សមុទ្រ​ប្រវែង ១០ ម៉ែត្រ​ហៅថា អ៊ី​ច​ធី​យ៉ូស័​រ (ichthyosaur) ឬ នាគ​សមុទ្រ​។​

​ហើយ​វា​ជា​ការ​រក​ឃើញ​ធំ​បំផុត​មិន​ធ្លាប់​មាន​ចំពោះ​សត្វ​ប្រភេទ​នេះ​នៅក្នុង​ចក្រភព​អង់គ្លេស​។​

​លោក​ដេ​វីស​បាន​ប្រាប់ BBC News ថា “​ខ្ញុំ​បាន​មើលទៅ​វា​ដូច​ជា​ដុំ​ថ្ម ឬ ទួល​ភ្នំ​ក្នុង​ភក់ ហើយ​ខ្ញុំ​និយាយថា នេះ​មើលទៅ​មាន​លក្ខណៈ​សរីរាង្គ ខុសប្លែក​គ្នា​បន្តិច​។​បន្ទាប់មក​យើង​បាន​ឃើញ​អ្វី​មួយ​​ដែល​មើល​ទៅ​ដូច​ជា​ឆ្អឹង​ថ្គាម​”​។​

​ក្រុមប្រឹក្សា​បាន​និយាយ​ទៅកាន់​លោក​ដេវីស​ថា “​យើង​មិន​មាន​នាយកដ្ឋាន​ដាយ​ណូ​ស័រ​នៅ​ក្រុមប្រឹក្សា​ស្រុក​រ៉ា​ត់លែ​ន​ទេ ដូច្នេះ​យើង​នឹង​ទាក់ទង​ឱ្យ​នរណា​ម្នាក់​តេ​មក​រកលោក​វិញ​”​។ ក្រុម​អ្នកជំនាញ​ផ្នែក​កោសល្យវិច័យ​ហ្វូ​ស៊ីល​ត្រូវបាន​នាំ​មក​ដើម្បី​ពិនិត្យមើល​កាន់តែច្បាស់​។​

​ពួកគេ​បាន​សន្និដ្ឋានថា​វា​ជា​សត្វ​អ៊ី​ច​ធី​យ៉ូស័​រ ដែល​ជា​ប្រភេទ​សត្វ​មំសាសី​សមុទ្រ​មាន​ឈាម​ក្តៅ ដកដង្ហើម​មិន​ខុស​គ្នា​ពី​សត្វ​ផ្សោត​នោះ​ទេ​។ ពួក​វា​អាច​មាន​ប្រវែង​រហូតដល់ ២៥ ម៉ែត្រ និង​រស់នៅ​លើ​ផែន​​ដី​ចន្លោះ​ពី ២៥០ លាន​ទៅ ៩០ លាន​ឆ្នាំមុន​។​

​លោក​បណ្ឌិត ឌី​ន ឡូ​ម៉ាក់ ជា​អ្នកជំនាញ​ផ្នែក​កោសល្យវិច័យ​ហ្វូ​ស៊ីល​មក​ពី​សាកលវិទ្យា​ល័យ​ម៉ាន់​ឆេ​ស្ទើ​ត្រូវបាន​នាំយក​មក​ដើម្បី​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ជីក​កំណាយ​។ គាត់​បាន​ហៅ​ការរកឃើញ​នេះ​ថា “​ពិតជា​មិន​ធ្លាប់​មាន​ពីមុនមក​” ហើយ​ដោយសារ​តែ​ទំហំ​និង​ភាព​ពេញលេញ​របស់​វា វា​គឺជា “​ការរកឃើញ​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​បុរាណវិទ្យា​អង់គ្លេស​”​។​

“​ជាធម្មតា​យើង​គិត​ថា​សត្វ​អ៊ី​ច​ធី​យ៉ូស័​រនិង​សត្វ​ល្មូនសមុទ្រ​ផ្សេងទៀត​គឺ​រក​ឃើញ​តែ​នៅតាម​បណ្តោយ​ឆ្នេរ​ជួ​រ៉ា​ស​ស៊ី​ក​ក្នុង​ខេត្តដ័​រសេត​ឬ​ឆ្នេ​រយ៉​កសាយ​អឺ កន្លែង​ដែល​ពួក​វា​ភាគច្រើន​ត្រូវបាន​ប្រទះឃើញ​ដោយ​ការហូរ​ច្រោះ​នៃ​ច្រាំង​ថ្ម​។ នៅទីនេះ នៅ​ទីតាំង​លើ​ដីគោក​ឆ្ងាយ​ពី​សមុទ្រ​គឺជា​រឿង​មិន​ធម្មតា​ទេ​”​។​

​រ៉ា​ត់លែ​ន​មាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ ប៉ុន្តែ​កាលពី ២០០ លាន​ឆ្នាំមុន កម្រិត​ទឹកសមុទ្រ​គឺ​ខ្ពស់ ដូច្នេះ​មានន័យថា រ៉ា​ត់លែ​ន​ត្រូវ​បាន​គ្របដណ្តប់​ដោយ​មហាសមុទ្រ​រាក់​៕

ហ្វូ​ស៊ីលនា​គសមុទ្រ​ឈ្មោះ អ៊ី​ច​ធី​យ៉ូស័​រ ត្រូវបាន​រកឃើញ​នៅ​អាង​ស្តុក​ទឹក​រ៉ា​ត់លែ​ន​