​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ដែល​បាន​ជះ​ទឹក​អា​ស៊ីត ដាក់​ប្រពន្ធ បណ្ដាល អោយ​រលេះរលួយ ពេញ​ផ្ទៃមុខ ដោយសារ​ភ្លើង​ប្រច័ណ្ឌ ត្រូវបាន​ចៅក្រម សាលាដំបូង រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ «​ទារុណកម្ម និង​អំពើ​ឃោរឃៅ ដោយ​ប្រើ​ទឹក​អា​សុ​ី​ត​ខ្លាំង » ។​

​ជនជាប់ចោទ​ជា​ប្ដី​កំណាច ឈ្មោះ ហេង ចាន់​ឌី អាយុ​៤៣​ឆ្នាំ មានមុខ​របរ ជា​អ្នករត់ម៉ូតូឌុប មាន​ទីលំនៅ ភូមិ​២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

​តាម​អង្គហេតុ​នៃ​រឿង ជននេះ​បាន​ចុះចោល​ប្រពន្ធ ទៅ​មាន​ស្រី​ថ្មី រយៈពេល ៥ ឆ្នាំ​មកហើយ បន្ទាប់មក បាន​មកសុំ​រួមរស់ ជាមួយ​ប្រពន្ធ​វិញ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម ទើប​ធ្វើ​ឲ្យ​មាន​អំពើ ឃោរឃៅ​កើតឡើង ។ ដោយនៅ​យប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ ខណៈដែល ជនរងគ្រោះ ឈ្មោះ លី រ៉ានី ដើរ​ចេញពី​យាម​រោងចក្រ ទៅ​ក្បែរ​ជណ្ដើរ​ផ្ទះជួល ដែល​គាត់​ស្នាក់នៅ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បុរស​នោះ ក៏បាន​ធ្វើ​សកម្មភាព​ជះ​ទឹក​អា​សុ​ី​ត​ដាក់ បណ្ដាល ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ពេញ​ផ្ទៃមុខ និង​ខ្លួនប្រាណ ។​

​ក្រោយមក សមត្ថកិច្ច បាន​តាម​ទៅ​ចាប់ខ្លួន​ជន​កំណាច​នោះ ដល់​ខេត្តកំពង់ចាម ដាក់​ឃុំខ្លួន រហូតដល់​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០២១ ទើប​បើកសវនាការ​កាត់ទោស និង​ប្រកាស​សាលក្រម​ផ្ដន្ទាទោស នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០២២ នេះ ៕/V​