ដោយៈ សុវណ្ណ​កុម្ភៈ / សៀមរាបៈ ការប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើង ឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១ ដែល​ប្រារព្ធ​ធ្វើ​ពេញ ១​ថ្ងៃ នៅ​ថ្ងែ​ទី​១២ ខែមករា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប បានបញ្ចប់​ដោយ​ជោគជ័យ ខណៈ​គណៈកម្មការ បច្ចេកទេស បាន​រកឃើញ​កីឡាករ កីឡាការិនី ជ័យលាភី លើ​វិញ្ញាសា ចំនួន​៧​។​

​ជ័យលាភី​លើ​ប្រភេទ​កង់​គួ​កៈ ១-​វិញ្ញាសា​កង់​គួ​ក​បុរស​ថ្នាល (Junior) ចំណាត់ថ្នាក់​លេខ​១ កីឡាករ ចេង ជេ​ម​លេខ វិញ្ញាសា​កង់​គួ​ក​បុរស​ឈុត​ធំ (Elite) លេខ​១ កីឡាករ លឹម តិច​ហ៊ុយ​, វិញ្ញាសា​កង់​គួ​ក​បុរស (Master) លេខ​១ កីឡាករ អេង លីន ។ ប្រភេទ​កង់​ភ្នំ​កង់​ភ្នំ (Man Master MTB) លេខ​១ កីឡាករ Vasco Ramsperger, កង់​ភ្នំ​បុរស (Elite) លេខ​១ កីឡាករ ឃឹម ម៉េង​ឡុង (Team SEA GAMES)​កង់​ភ្នំ​ថ្នាល (Man Junior MTB) លេខ​១ កីឡាករ ធី​ម លី​ម៉េង និង​វិញ្ញាសា កង់​ភ្នំ​នារី ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី ខេន ម៉ាឡៃ​។ ក្រៅពី​ចំណាត់ថ្នាក់​លេខ​១ ក៏មាន​ជ័យលាភី​លេខ​២ ដល់​លេខ​៥ លើ​វិញ្ញាសា​ទាំង ៧ នេះ ដូចៗ​គ្នា​ផងដែរ​។​

​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ កីឡា​ទោចក្រយាន លោក នូ ចំរើន ទទួលបន្ទុក ប្រធាន​គណៈកម្មការ បច្ចេកទេស​ការប្រកួត​នេះ បានបញ្ជាក់​ថាៈ យោងតាម​កម្មវិធី ប្រកួត​ប្រចាំឆ្នាំ របស់​សហព័ន្ធ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​គម្រោង​ថវិកា គាំទ្រ​សហព័ន្ធ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍ សហព័ន្ធ​កីឡា​ជាតិ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បានរៀបចំ​ការប្រកួត​កីឡា ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១ ចាប់​ពីថ្ងៃ​ថ្ងៃទី​១១-១៣ ខែមករា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ដែល​ត្រូវ​បានបញ្ចប់​នាពេលនេះ​។​

​ការប្រកួត​ឆ្នាំនេះ មាន​សមាគម ក្លិប ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​- កីឡាការិនី សរុប ២៤៩ នាក់ ក្នុងនេះ​មាន កីឡាករ ១៧៩ នាក់ និង​កីឡាការិនី ១៩ នាក់ និង​មន្ត្រី​គណៈកម្មការ រៀបចំ​ការប្រកួត ចំនួន ៧០ នាក់​។​

​ឆ្លងតាម​ការប្រកួត ដោយ​ស្មារតី​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង អស់ពី​សមត្ថភាព បច្ចេកទេស និង​អនុវត្ត​បានល្អ នូវ​ស្មារតី​សាមគ្គី ភាព​មិត្តភាព ព្រមទាំង​អនុវត្តបាន យ៉ាង​ល្អ នូវ​គោលការណ៍​លេង ដោយ​យុត្តិធម៌ (Fair Play) បាន​ជំរុញ​ឲ្យ ការប្រកួត​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

​សម្រាប់​ការប្រកួត​កង់​ភ្នំ ដែល​ប្រារព្ធ​ធ្វើឡើង នៅ​ឧទ្យាន​ភ្នំ​គូលែន ភូមិ​បន្ទាយស្រី ឃុំ​ឃ្នា​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ក៏​ទទួលបាន​ការជួយជ្រោមជ្រែង គាំទ្រ​យ៉ាងខ្លាំង ពី​អភិបាលស្រុក​បន្ទាយស្រី ហើយ​លោក​អភិបាលស្រុក ក៏​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​ទទួល​រៀបចំ ធ្វើជា​ម្ចាស់ផ្ទះ នៅ​ស្រុក​បន្ទាយស្រី លើក​ក្រោយៗ ទៀតផង​ដែរ​។​

​លោក កឹម សុខុន អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ថ្លែង​ក្នុងឱកាស​បិទ ការប្រកួត និង​ពិធី​បំពាក់​មេដាយ​ថាៈ លោក​ពិតជា​រីករាយ និង​កោតសរសើរ ចំពោះ​ការចូលរួម​ប្រកួតប្រជែង អស់ពី​សមត្ថភាព របស់​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស ដែល​ខិតខំ​អស់ពី​សមត្ថភាព ដើម្បី​ជំរុញ​ឲ្យ​ការប្រកួត​ជើងឯក ថ្នាក់ជាតិ ទទួលបាន​ជោគជ័យ ដើម្បី​បន្ត​ការអភិវឌ្ឍ ទាំង​គុណភាព​បច្ចេកទេស របស់​អត្ត​ព​លិ​ក និង​មន្ត្រី​បច្ចេកទេស ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​យើង​នៅសល់​រយៈពេល​ត្រឹម​ជាង ៤០០ ថ្ងៃ​ទៀត ប៉ុណ្ណោះ​៕/V​