​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អូស្ត្រាលី​កំពុង​ជួបប្រទះ​វិបត្តិ​សុខភាព​ជាតិ​ជា​លើកដំបូង​ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម ខណៈ​ការដកចេញ​ការ​រឹតបន្តឹង​បាន​នាំឱ្យ​ករណី​កូវី​ដ​១៩ កើនឡើង​យ៉ាង​ឆាប់រហ័ស​។​

​ប្រការ​នេះ​កំពុង​បង្ក​ភាពចលាចល​នៅ​គ្រប់​ផ្នែក​ទាំងអស់ ខណៈ​បន្ទប់​មន្ទីរពេទ្យ​ចាប់ផ្តើម​ពេញ គ្លីនិក​មិន​អាច​ទទួលបាន​វ៉ាក់សាំង​និង​ការផ្គត់ផ្គង់​ឧបករណ៍​ធ្វើតេស្តិ៍​គ្រប់គ្រាន់​ហើយ​ធ្នើ​ដាក់​គ្រឿងទេស​គឺ​​ទទេ​ស្អាត​ដោយសារ​ខ្វះ​បុគ្គលិក ដែល​មាន​សុខភាព​ល្អ​។​

​ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​បាន​បន្ត​កើនឡើង សំណួរ​ជា​ច្រើន​បាន​ចោទសួរ​ជុំវិញ​ថា​តើ​រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋ​នានា​គួរតែ​បាន​ត្រៀម​ខ្លួន​ប្រសើរ​ជាង​នេះ​ឬ​អត់​ទេ​បន្ទាប់​ពី​ចំណាយពេល​ជិត​ពីរ​ឆ្នាំ​ដើម្បី​​ធ្វើ​រឿងនេះ​។​

​វិបត្តិ​ចុងក្រោយបង្អស់​នេះ​ក៏​ពាក់ព័ន្ធ​នឹង​ឪពុកម្តាយ​ដែល​ចង់ឱ្យ​កូន​របស់​ពួក​គេ​ចាក់​វ៉ាក់សាំង​មុនពេល​ចាប់ផ្តើម​ឆ្នាំ​សិក្សា​នៅ​ចុង​ខែ​នេះ​ផងដែរ​។​ការចាក់​វ៉ាក់សាំង​ត្រូវបាន​អនុញ្ញាត​សម្រាប់​កុមារ​​ដែល​មាន​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ ដោយ​ចាប់ពី​ដើម​សប្តាហ៍​នេះ​ប៉ុន្តែ​ឪពុក​ម្តាយ​ភាគច្រើន​បាន​រកឃើញ​ថា​ការចាក់​វ៉ាក់សាំង​តាម​កាលវិភាគ​ត្រូវ​បាន​លុបចោល​បន្ទាប់ពី​វេជ្ជបណ្ឌិត​និង​ឱសថស្ថាន​អស់​​ការផ្គត់ផ្គង់​វ៉ាក់សាំង​។​

​នាយករង​ផ្នែក​វេជ្ជសាស្ដ្រ​លោក ម៉ៃ​ឃើ​ល ឃី​ដ បាន​ទទូច​កាលពី​ថ្ងៃ​អង្គារ​ទី ១១ ខែ​មករា​ថា “​មិនចាំបាច់​ភ័យ​ស្លន់ស្លោ​ទេ​”​ហើយ​ថា​អូស្ត្រាលី​មាន​ការផ្គត់ផ្គង់​គ្រប់គ្រាន់​ដើម្បី​ចាក់​វ៉ាក់សាំង​កុមារ​ដែល​​មាន​សិទ្ធិ​ទាំងអស់​នៅ​ចុង​ខែ​នេះ​។​

​រហូតមក​ទល់​ពេល​ថ្មីៗ​នេះ អូស្ត្រាលី​ដែលមាន​ប្រជាជន​ប្រហែល ២៥,៧ លាន​នាក់​បាន​ជួបប្រទះ​ការ​ផ្ទុះឡើង​តិចតួច​ប៉ុណ្ណោះ​នៃ​កូវី​ដ​១៩​។ គិត​ត្រឹម​ថ្ងៃទី ១ ខែ​ធ្នូ អូស្ត្រាលី​បាន​កត់ត្រា​ករណី​ឆ្លង​សរុប​ប្រហែល ២១៣.០០០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​ឆ្លង​បាន​ផ្ទុះ​ឡើង​រហូត​ដល់​ជាង ១,២ លាន​នាក់​ចាប់​តាំងពី​នោះ​មក​។​

​កាលពី​ថ្ងៃ​ពុធ​ទី​១២​មករា អូស្ត្រាលី​កត់ត្រា​ករណី​ឆ្លងកូវី​ដ ១០៣.៦៨៩ នាក់ រួមមាន ៤០.១២៧ នាក់​នៅ​រដ្ឋ​វិច​ធឺ​រៀ ៣៤.៧៥៩ នាក់​នៅ​រដ្ឋ​ញូ​វ​សៅ​វែល និង ២២.០៦៩ នាក់​នៅ​រដ្ឋ​ឃ្វីន​លែ​ន​៕

ប្រជាជន​ឈរ​រង់ចាំ​ធ្វើតេស្តិ៍​រក​កូ​វីដនៅ​ទីក្រុង​មែល​ប៊​ន​កាលពី​ថ្ងៃទី​៥​មករា​២០២២