ដោយ: សុផល / ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យ លទ្ធភាព អភិវឌ្ឍកម្មវិធី(App) ដែលមានឈ្មោះហៅថា គម្រោង PR Care សម្រាប់ តាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្ត គម្រោងសាងសង់ វាយតម្លៃមធ្យោបាយ នៃអនុវត្តគម្រោង នៅតាមការដ្ឋានជាដើម។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សា អំពីគម្រោងរៀបចំ អភិវឌ្ឍកម្មវិធី (App) សម្រាប់តាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្ត គម្រោងសាងសង់ វាយតម្លៃមធ្យោបាយ នៃអនុវត្តគម្រោង នៅតាមការដ្ឋាន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធ ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង និងមន្ត្រីជំនាញមកពី អង្គភាព ក្រោមឱវាទក្រសួងផងដែរ។
សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាព អភិវឌ្ឍកម្មវិធី(App) មួយដែលមានឈ្មោះថា គម្រោង PR Care ក្នុងគោល បំណងតាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយ នៃអនុវត្តគម្រោង នៅតាមការដ្ឋាន ដូចជា ធនធានមនុស្ស សម្ភារៈគ្រឿងចក្រ តាមដានរបាយការណ៍ វឌ្ឍនភាពការងារសម្រេចបាន ប្រចាំខែ ប្រកបដោយប្រសិទ្ធភាព ចាប់តាំងពីការដំណើរការបើកការដ្ឋាន សាងសង់ រហូតដល់ការសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ថ្លែងទៅកាន់អង្គប្រជុំ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានណែនាំឱ្យក្រុម ការងារ បច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង ជួយពិនិត្យ កែសម្រួល និងសហការ ឱ្យបានជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការ នៃការអភិវឌ្ឍកម្មវិធីនេះ អាចសម្រេច បានជោគជ័យ តាមការគ្រោងទុក និងអាចដាក់ឱ្យដំណើរការ ដើម្បីជួយសម្រួល ដល់ការងារតាមដាន និងគ្រប់គ្រងការងារសាងសង់ និងជួសជុលថែទាំផ្លូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕/V-PC