ដោយៈ សុផល / ភ្នំពេញ: ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (កយកា) បានផ្ថល់ជំនួយ ជារថយន្តសង្គ្រោះបន្ទាន់ ចំនួន ១០ គ្រឿង និងឧបករណ៍ តេស្តរហ័សកូវីដ១៩ ចំនួន ៣.៣៣៣ ប្រអប់ ដែលអាចធ្វើតេស្ត រកមេរោគកូវីដ១៩ ចំនួន ៨៣.៣២៥ ដង ទៅដល់ក្រសួងសុខាភិបាល។
ពិធីប្រគល់ ទទួលនេះ បានធ្វើឡើងនៅឃ្លាំងឱសថ នៃក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ហ្យន់ជូន នោ (Hyunjun RHO) នាយកទីភ្នាក់ងារកយការប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល។
មន្ទីសុខាភិបាលនីមួយៗ នៃខេត្តរតនគិរី និង មណ្ឌលគិរី នឹងទទួលបានរថយន្ត សង្គ្រោះបន្ទាន់ ចំនួន បី គ្រឿង និងឧបករណ៍ តេស្តរហ័សកូវីដ១៩ ចំនួន ១.០០០ ប្រអប់ ដែលអាចរកមេរោគកូវីដបាន ២.៥០០ តេស្ត ហើយរថយន្តសង្គ្រោះបន្ទាន់ និងឧបករណ៍តេស្តរហ័សកូវីដ១៩ ដែលនៅសល់ នឹងផ្តល់ជូនក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ តាមការចាំបាច់។
ជំនួយទាំងនេះ ត្រូវបានផ្តល់ជូន តាមរយៈគម្រោងពង្រឹងសុខភាពមាតា និងទារក នៅភាគឦសាន នៃប្រទេសកម្ពុជា។
ការផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់ និង ឧបករណ៍តេស្តរហ័សកូវីដ១៩នេះ និងជួយ ឲ្យ ក្រសួងសុខាភិបាល ក៏ដូចជា មូលដ្ឋានសុខាភិបាល នៅតំបន់ដាច់ស្រយាល ដើម្បីបង្កើនលទ្ធភាព ក្នុងការផ្ថល់សេវាសុខាភិបាល ដល់ក្រុមងាយរងគ្រោះ ជាពិសេសស្ត្រី និងទារក។
រថយន្តសង្គ្រោះបន្ទាន់ នឹងត្រូវបានប្រើប្រាស់ ដើម្បីបង្កើនការផ្តល់សេវា ឲ្យបានគ្រប់ ជ្រុងជ្រោយ ក្នុងការជួយ សង្គ្រោះជីវិតម្ថាយ ទារក និងកុមារ ក៏ដូចជា ដើម្បីបង្កើន ប្រសិទ្ធភាពការងាររបស់ អ្នកវិជ្ជាជីវ:សុខាភិបាល នៅក្នុងមូលដ្ឋានសុខាភិបាល ផងដែរ។ ជាបន្ថែមទៀត រថយន្តសង្គ្រោះបន្ទាន់នេះ នឹងជួយពង្រឹងប្រព័ន្ធ សុខាភិបាល ក្នុងការផ្តល់សេវាកម្ម ឲ្យមានគុណភាពខ្ពស់ និងពង្រឹងសហគមន៍ ក្នុងការប្រើប្រាស់សេវាសុខាភិបាល ឲ្យបានសមស្រប។ ម្យ៉ាងទៀត ឧបករណ៍ តេស្តរហ័សកូវីដ១៩ នឹងដើរតួយ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសតាមបណ្ថាខេត្តព្រំដែន ដូចជា ខេត្តរតនគិរី និង មណ្ឌលគិរី។ ការធ្វើតេស្តជាការឆ្លើយតបយ៉ាងរហ័ស ចំពោះការរីករាលត្បាត ហើយការផ្តល់ឧបករណ៍ តេស្តរហ័ស ជាមធ្យោបាយមួយ ក្នុងការជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
គម្រោងពង្រឹងសុខភាពមាតា និងទារក នៅភាគឦសាន នៃប្រទេសកម្ពុជា មានរយៈពេល ៤ ឆ្នាំ (២០១៩-២០២៣) ដែលត្រូវបានអនុវត្ត ក្រោមជំនួយឥត សំណងរបស់ សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ កយកា ក្នុងថវិការ ប្រមាណជា ប្រាំពីរ លានដុល្លាសហរដ្ឋអាមេរិច។ គម្រោងនេះ ត្រូវបានអនុវត្ត ក្នុងខេត្តរតនគីរី និង មណ្ឌលគីរី ដែលមានគោលបំណង ដើម្បីធ្វើឲ្យប្រសើរឡើង នូវសុខភាពមាតា និងទារក តាមរយៈការធ្វើឲ្យល្អប្រសើរ នូវគុណភាព និងការទទួលសេវាសុខភាព មាតានិងទារក។ គម្រោងនេះ មាន បួន ផ្នែកសំខាន់ៗ រួមមានៈ ១) ការកសាង សមត្ថភាពចំពោះបុគ្គលិកសុខាភិបាល , ២)ការធ្វើឲ្យល្អប្រសើរឡើង នូវមូលដ្ឋាន សុខាភិបាល , ៣) ពង្រឹងសេវាផ្សព្វផ្សាយ សម្រាប់តំបន់ដាច់ស្រយាល , ៤) លើកកំពស់ចំណេះដឹងសហគមន៏ ។
កន្លងមក គម្រោងនេះ បានផ្តល់ជំនួយជាមធ្យោបាយ ធ្វើដំណើរមួយចំនួន ដូចជា កាណូត ម៉ូតូ ទៅដល់មណ្ឌល់សុខភាព និងទៅដល់សហគមន៍ងាយរងគ្រោះ។ ជាបន្ថែមទៀត ទីភ្នាក់ងាកយកា នឹងប្រារព្ធពិធីបញ្ចុះបឋមសិលា សម្រាប់ការសាង សង់ មណ្ឌលសុខភាព និងអគារសុខភាពមាតានិងទារកក្នុងខេត្តរតនគិរី និង មណ្ឌលគិរី នៅសប្ថាហ៍ក្រោយ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ហើយការផ្តល់ រថយន្តសង្គ្រោះបន្ទាន់បន្ថែមទៀត ក៏មាននៅក្នុងផែនការរំកិល របស់ទីភ្នាក់ងារ កយកា ផងដែរ។
វិស័យសុខាភិបាល ជាសរសរស្ថម្ភមួយ ក្នុងយុទ្ធសាស្ត្រ ភាពជាដៃគូ របស់ទីភ្នាក់ងារ កយកា។ ក្រៅពីគម្រោង ដែលបានរៀបរាប់ខាងលើ ទីភ្នាក់ងារ កយកា ក៍បាន អនុវត្តន៍គម្រោង សុខាភិបាលសំខាន់ៗមួយចំនួន រួមមាន “ គម្រោងការកសាង សមត្ថភាព សម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យ ព្រះអង្គឌួង” គម្រោងពង្រឹងគុណភាព និងលើកកម្ពស់សមធម៌ សេវាសុខាភិបាល (H-EQIP) គម្រោងពង្រឹងសមត្ថភាព មន្ទីរពេទ្យកុមារជាតិ។ ម្យ៉ាងទៀត ចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទីភ្នាក់ងារកយកា បានអនុវត្តកម្មវិធីរបៀបវារៈ ដើម្បីកសាងភាពល្អប្រសើរ ក្នុងការប្រឆាំងកូវីដ១៩ តាមរយៈកិច្ចសហប្រតិបត្តការ អភិវឌ្ឍន៍ តាមរយៈការផ្តល់សម្ភារៈចំបាច់មួយចំនួន ដូចជា ទូយកសំណាក មេរោគកូវីដ១៩ គ្រែសែងអ្នកជំងឺកូវីដ១៩ ឧបករណ៍តេស្តរហ័សកូវីដ១៩ ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) និងម៉ាស ជាដើម៕/V