ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២ មករា​ថា មេរោគ​អូ​មី​ក្រុង​បង្ក​ឱ្យ​ឈឺ​ស្រាល​ជាង​មេរោគ​ដែល​តា​ប៉ុន្តែ​វា​នៅ​​តែ​ជា “​មេរោគ​គ្រោះថ្នាក់​” ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អគ្គនាយក WHO លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស បាន​និយាយថា ប្រទេស​ជាង ៩០ មិនទាន់​សម្រេច​បាន​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង ៤០​ភាគរយ​​នៃ​ប្រជាជន​សរុប​របស់​ពួកគេ​ទេ ហើយ​ជាង​៨៥ ភាគរយ​នៃ​ប្រជាជន​នៅ​ទ្វីបអាហ្វ្រិក​មិនទាន់​ចាក់​វ៉ាក់សាំង​ដូសទី​មួយនៅ​ឡើយ​។​

​លោក​បាន​និយាយថា “​យើង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មេរោគ​នេះ​ឆ្លង​ដោយ​សេរី​នោះទេ ជាពិសេស​នៅពេលដែល​មនុស្ស​ភាគច្រើន​នៅ​ជុំវិញ​ពិភពលោក​នៅ​តែ​មិន​បាន​ចាក់​វ៉ាក់សាំង​”​។​

​នៅក្នុង​របាយការណ៍​ស្តី​ពី​រោគរាតត្បាត​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ WHO បាន​និយាយថា​ករណី​ឆ្លង​បាន​កើនឡើង ៥៥ ភាគរយ​ឬ ១៥ លាន​ករណី​ក្នុង​សប្តាហ៍​រហូត​ដល់​ថ្ងៃទី ៩​ខែ​មករា​លើស​​ពី​មួយ​សប្តាហ៍​មុន ដែល​នេះ​ជា​ការឆ្លង​ច្រើន​បំផុត​ដែល​បាន​រាយការណ៍​ក្នុង​មួយ​សប្តាហ៍​។​

​លោកតេ​ត្រូស​និយាយថា “​ការកើនឡើង​ការឆ្លង​ដ៏​ធំ​នេះ​កំពុង​ត្រូវបាន​ជំរុញ​ដោយ​មេរោគ​អូ​មី​ក្រុង ដែល​កំពុង​ជំនួស​មេរោគ​ដែល​តា​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​”​។​

​លោក​បាន​និយាយថា មនុស្ស​ភាគច្រើន​ដែល​កំពុង​សម្រាក​ព្យាបាល​កូ​វីដនៅ​មន្ទីរពេទ្យ​ជុំវិ​ញ​ពិភពលោក​គឺ​មិន​បាន​ចាក់​វ៉ាក់សាំង​ទេ ហើយ​ប្រសិនបើ​ការចម្លង​មិន​ត្រូវបាន​កាត់បន្ថយ​ទេនោះ​វា​នឹង​កាន់​​តែ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការលេចឡើង​នូវ​មេរោគ​បំប្លែង​មួយទៀត ដែល​អាច​ឆ្លង​លឿន​ជាង និង​សាហាវ​ជាង​អូ​មី​ក្រុង​ទៅទៀត​៕

​បុគ្គលិក​ពេទ្យ​កំពុង​ធ្វើតេស្តិ៍​រក​កូ​វីដនៅ​មណ្ឌល​មួយ​នៅ​ទីក្រុង​ម៉ៃ​អា​មី​រដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃទី​១១​មករា​២០២២​