ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ឥឡូវនេះ ណូ​វ៉ាក់ ឌី​ចូ​កូវិក បានដឹងហើយថា រូប​គេ​នឹង​ត្រូវ​ជួប​ជាមួយ​មិត្ត​រួម​ជាតិ​សែ​ប៊ី មី​អូ​មៀរ កេក​ម៉ា​ណូវិក ក្នុង​ជុំទីមួយ​នៃ​ការប្រកួត​ការពារ​តំណែង​ជើងឯក Australian Open របស់គេ ប្រសិនបើ​តារាតេ​ន្នី​ស​រូបនេះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​លេង​។​

​ស្ថានភាព​ទិដ្ឋាការ​របស់​ឌី​ចូកូ​វិកបាន​គ្របដណ្តប់កា​រ​ចាប់អារម្មណ៍​រហូត​ដល់​ពេល​ការ​ចាប់ឆ្នោត​ផ្គូរ​ផ្គង​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​មករា​ដើម្បី​កំណត់​គូប្រកួត​សម្រាប់​ការប្រកួត​ទោល​ផ្នែក​​បុរស​និង​ស្ត្រី​នៅក្នុង​ការ​កម្មវិធី​កីឡា​វាយ​តេ​ន្នី​ស​ធំ​លើក​ទី​មួយ​ប្រចាំ​ឆ្នាំ ២០២២ ។​

​តែ​ទោះ​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​នៅតែ​កំពុង​ពិចារណា​ថា​តើ​ត្រូវ​និរទេស​ខ្លួន​ម្ចាស់​ជើងឯក Australian Open​ប្រាំបួន​សម័យ​និង​ជា​អ្នកការពារ​តំណែង​ជើងឯក​ដែល​មិន​បាន​​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវី​ដ​១៩ រូប​នេះ​ដែរ​ឬក៏​អត់​។​

​ដូច្នេះ​ឌី​ចូ​កូវិក​នៅតែ​ស្ថិត​ក្នុង​មន្ទិល​។​

​ឌី​ចូ​កូវិក ដែល​មាន​ចំណាត់ថ្នាក់​លេខ​១​លើ​ពិភពលោក​ផ្នែក​តេ​ន្នី​ស ត្រូវ​គេ​លុបចោល​ទិដ្ឋាការ នៅ​ពេល​មក​ដល់​ទីក្រុង​មែ​ល​ប៊​ន​កាលពី​សប្តាហ៍​មុន​នៅ​ពេល​ដែល​ការលើកលែង​ការចាក់​វ៉ាក់សាំង​របស់​​គេ​ត្រូវ​បាន​ចោទ​ជា​មន្ទិល ប៉ុន្តែ​រូបគេ​បានឈ្នះ​ការតស៊ូ​ផ្លូវច្បាប់​ផ្អែកលើ​មូលដ្ឋាន​នីតិវិធី​ដែល​អនុញ្ញាត​ឱ្យ​គេ​ស្នាក់​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​លោក អា​ឡិច ហាវ​កេ នៅតែ​ពិចារណា​លើ​សំណួរ​នេះ ចាប់តាំងពី​ចៅក្រម​បាន​ស្តារ​ទិដ្ឋាការ​របស់​ឌី​ចូ​កូវិ​ក​ឡើង​វិញ​កាលពី​ថ្ងៃ​ចន្ទ​៕

ឌី​ចូ​កូវិ​ក​អាច​នឹង​ប្រឈម​ការ​និរទេស​ចេញពី​អូស្ត្រាលី ប្រសិនបើ​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​លោក អា​ឡិច ហាវ​កេ ធ្វើ​ចំណាត់ការ​