​ក្រសួងផែនការ​កំណត់​ឱ្យ​អាជ្ញាធរ​កោះកុង​បន្ត​ចុះ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​

2166
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈមន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងផែនការ​ដាក់​ទិសដៅ​ការងារ​ដល់​អាជ្ញាធរខេត្ត​កោះកុង​បន្ត​ចុះ​កំណត់​ស្រាវជ្រាវ​ពី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​មូលដ្ឋាន​ឱ្យ​ច្បាស់លាស់​ដើម្បី​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងប្រទេស​។​

​ក្នុង​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ថ្នាក់​ខេត្ត​ជុំ​ទី​១១ ឆ្នាំ​២០១៧ លោក ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ​បាន​គូសបញ្ជាក់ នៅ​ថ្ងៃទី​៤​ខែមិថុនា​ថ្មីៗ​នេះ​ថា​ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជា​គោលដៅ​ចម្បង​របស់​រាជរដ្ឋាភិបាល​លើ​សកម្មភាព​លុបបំបាត់​ភាពក្រីក្រ​។​

ក្នុងនោះ​ផ្តល់​សេវា​តាម​តម្រូវការ​ចង់បាន​រប​ស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្ថា​ភាព​ទីទ័លក្រ​នៅ​កម្ពុជា​ខណៈ​កន្លងទៅ​និន្នាការ​នៃ​ការប្រើប្រាស់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ជាង​៦៣​ភាគរយ​អន្តរាគមន៍​ដោះស្រាយ​។​

​លោក​អគ្គនាយកដ្ឋាន​ផែនការ​បន្ថែមថា​ភាពក្រីក្រ​ជា​បញ្ហា​មួយ​ដ៏​ស្មុគស្មាញ​ដែល​កើតចេញពី​កត្តា​កំណើនប្រជាជន​កង្វះ​ការអប់រំ​សន្តិសុខ​ស្បៀងអាហារ កង្វះ​អនាម័យ​សុខភាព និង​ការរើសអើង​ក្នុងសង្គម​ជាដើម​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​លោក​ក៏​ជំ​រុញឱ្យ​អាជ្ញាធរ​មន្ទីរ​និង​អង្គការ​សង្គម​ស៊ិ​វិល​ពាក់ព័ន្ធ​នៅក្នុង​ខេត្តកោះកុង​ទាំងអស់​បន្ត​សហការគ្នា​ចុះ​ធ្វើ​បច្ចុប្បន្នភាព​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​សុ​ក្រិត​ច្បាស់លាស់ និង​គួរឱ្យ​ទុកចិត្ត​បំផុត ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឱ្យបាន​ឆាប់រហ័ស​។​

​ដោយឡែក​លោក​ផៃ​ធូ​ន​ផ្លា​ម​កេស​ន​អភិបាល​ស្តីទី​ខេត្តកោះកុង​យល់ថា​ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ ពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន ជាការ​ងារ​ដ៏​សំខាន់​ចំពោះមុខ​មួយ​ដែល​ត្រូវតែ​អនុវត្ត ស្របពេល​ពួកគេ​កំពុងមាន​តម្រូវការ​នូវ​សេវាសាធារណៈ​ផ្សេងៗ​ជា​ចាំបាច់ សម្រាប់​ការរស់នៅ​។​

​អភិបាល​ស្តីទី​ខេត្តកោះកុង បង្ហាញ​ដែរ​ថា នៅ​ឆ្នាំ​២០១៧ កន្លងទៅ អាជ្ញាធរ និង​មន្ទីរជំនាញ​ខេត្តកោះកុង បានធ្វើ​បច្ចុប្បន្នភាព​អត្តសញ្ញាណ​កម្ម គ្រួសារ​ក្រីក្រ​ចំនួន​១១៣​ភូមិ ៧​ក្រុង​ស្រុក និង​២៨​ឃុំ​សង្កាត់ ដោយ​អាជ្ញាធរ​គ្រោង​នឹង​ផលិត​ប័ណ្ណ​សមធម៌​ផ្តល់​សេវា​គាំពារ​សុខភាព​ចែកជូន​ពលរដ្ឋ​ក្រីក្រ​ទាំងអស់​ឥតគិតថ្លៃ​។

របាយការណ៍​របស់​ក្រសួងផែនការ បង្ហាញថា អត្រា​នៃ​ភាពក្រីក្រ​ទូទាំងប្រទេស​កម្ពុជា បាន​ធ្លាប់​ចុះ​ពី​២២,៤៥​ភាគរយ​នៅ​ឆ្នាំ​២០១០ មក​នៅត្រឹម​១៥,៥២​ភាគរយ​នៅ​ឆ្នាំ​២០១៥ និង​បាន​បន្ត​ថយចុះ​មក​នៅ​១៥,២២​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៦៕S/

​ក្រសួងផែនការ​កំណត់​ឱ្យ​អាជ្ញាធរ​កោះកុង​បន្ត​ចុះ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​