ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ឡាន​ហោះនា​ពេលអនាគត ដែល​រចនា​ឡើង​សម្រាប់​ការធ្វើដំណើរ​ក្នុង​ទីក្រុង ដែល​អាច​ហោះ​ដល់​ល្បឿន ២១៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​កម្ពស់ ៩១៤ ម៉ែត្រ បានបញ្ចប់​ការហោះហើរ​សាកល្បង​ដោយ​ជោគជ័យ​នៅ​ទីក្រុង​ឌូ​បៃ​។​

​ក្រុមហ៊ុន Bellwether Industries ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​បានបញ្ចប់​ការហោះហើរ​សាកល្បង​របស់​ខ្លួន​នូវ​គំរូ​ឡាន​ហោះ​អគ្គិសនី Volar eVTOL កាលពី​ខែ​វិច្ឆិកា​ប៉ុន្តែ​ទើប​​តែ​បាន​បង្ហាញ​រូបភាព​នៃ​ការសាកល្បង​កាលពី​ថ្ងៃ​ពុធ​ទី​១២​មករា​ប៉ុណ្ណោះ​។​

​យោង​តាម​ក្រុមហ៊ុន​បានឱ្យដឹងថា ឡាន​ហោះ​អនាគត​ពាក់កណ្តាល​សម្រេច​នេះ​បាន​ហោះ​នៅ​រយៈកម្ពស់ ៤ ម៉ែត្រ​ជាមួយនឹង​ល្បឿន ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​គំរូ​ឡាន​ហោះ Bellwether Volar eVTOL ត្រូវបាន​រចនា​ឡើង​សម្រាប់​ម្ចាស់​ឯកជន​ដើម្បី​ជំនួស​រថយន្ត​ធម្មតា ដោយ​ផ្តល់​នូវ​កន្លែង​ទំនេរ​នៅលើ​ដី​គោក​សម្រាប់​អ្នកជិះ​កង់​និង​អ្នក​ថ្មើរជើង និង​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ប៉ុន្តែ​វា​ក៏​អាច​ផ្តល់​នូវ​ការដឹកជញ្ជូន​ដូច Uber ផងដែរ​។​

​ក្រុមហ៊ុន​មាន​គម្រោង​បង្កើត​គំរូ​ឡាន​ហោះ​ពេញលេញ​ដើម្បី​ត្រៀម​រួចរាល់​និង​សាកល្បង​នៅ​ឆ្នាំ ២០២៣​។ ឡាន​ហោះ​នេះ​អាច​រក​ទិញ​បាន​នៅ​ឆ្នាំ ២០២៨ សម្រាប់​ការដឹកជញ្ជូន និង​ឆ្នាំ ២០៣០ សម្រាប់​កម្មសិទ្ធិឯកជន ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ហោះហើរ​ទៅ​ធ្វើការ​ប្រកបដោយ​ប្រណីត​ភាព​។​

​ក្រុមហ៊ុន​និយាយថា “​យើង​ជឿ​ថា​មនុស្ស​នឹង​ធ្វើ​ដំណើរ​នៅលើ​មេឃ​ជៀស​មិន​រួច​ទេ​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាង​មុខ​”​។​

​ក្រុមហ៊ុន​និយាយថា វា​គឺជា​ឡាន​ហោះ​ដំបូង​គេ​បង្អស់​របស់​ពិភពលោក​ដែល​មិន​មាន​ស្លាបចក្រ​ធំៗ ដែល​ធ្វើឱ្យ​វា​ល្អ​បំផុត​សម្រាប់​ការប្រើប្រាស់​ក្នុង​ទីក្រុង ទោះបីជា​ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​ច្បាស់​ថា​តើ​ខ្លួន​នឹង​ផ្តល់ជូន​អតិថិជន​ក្នុង​តម្លៃ​ប៉ុន្មាន​ក៏ដោយ​៕

​គំរូ​ឡាន​ហោះ Bellwether Volar eVTOL​សាកល្បង​ដោយ​ជោគជ័យ​នៅ​ទីក្រុង​ឌូ​បៃ