​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​:​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ នេះ គឺជា​ខួប​ទី​៣៧​ឆ្នាំ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កាន់តំណែងជា​នាយករដ្ឋមន្ត្រី​នៃកម្ពុជា ( ១៤ មករា ១៩៨៥-១៤ មករា ២០២២)​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ដែលមាន​វ័យក្មេង​ជាងគេ​បំផុត នៅក្នុង​ពិភពលោក ហើយក៏​ជា​នាយករដ្ឋមន្ត្រី ដែល​បាន​កាន់តំណែង​យូរ​ជាងគេ​បំផុតនៅក្នុង​ពិភពលោក​។​

៣៧​ឆ្នាំ​មកនេះ កម្ពុជា​បាន​ឆ្លងកាត់​មហា​ឧបសគ្គ​ធំៗ រាប់មិនអស់ ប៉ុន្តែ​កម្ពុជាមាន​ប្រមុខ​ដឹកនាំ​ដ៏​វៃឆ្លាត និងមានបទ ពិសោធន៍​បំផុត បាន​ដឹកនាំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ អោយមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​មានមុខមាត់​លើ​ឆាក​អន្តរជាតិ មកទល់​សព្វថ្ងៃ​។ នៅ​ឆ្នាំ​២០២២ នេះ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​កម្ពុ​ជា ក្រៅពី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ ហើយ​ត្រូវ​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ ក៏​កម្ពុជា ត្រូវបំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ទៀត ជា​ប្រធាន​អាស៊ាន និង​ត្រូវ​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​បេសកកម្ម ដើម្បី​ជាតិ​មាតុភូមិ ចាប់តាំងពី​ជំនាន់​ចូល​ព្រៃ​ម៉ាក​គី តស៊ូ​តាម​ការអំពាវនាវ​រប​ស់​សម្តេចព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ អំឡុង​ឆ្នាំ​១៩៧០ មក​ម៉្លេះ។ ក្រោយ​ផ្តួលរំលំ​របប​រដ្ឋប្រហារ​លន់នល់ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឆ្នាំ​១៩៧៧ បាន​យក​ជីវិត​ធ្វើ​ដើមទុន ដោយ​ត្រូវ​ព្រាត់ប្រាស់​ប្រពន្ធ​កូន ហើយ​រត់​ភៀសខ្លួន ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ទៅ​បង្កទ័ព​ជាមួយ​ឥស្សរជន​ផ្សេងទៀត ចូលមក​វាយ​រំដោះ សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម រហូត​ទទួលបាន​ជ័យជម្នះ នៅ​ថ្ងៃទី​៧​មករា ឆ្នាំ​១៩៧៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ក្នុង​រដ្ឋាភិបាល ចាប់តាំងពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ក្នុងតួនាទី​ជ​រដ្ឋមន្ត្រី ការបរទេសមុននឹង​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥​។ ក្នុងតួនាទី​កំពូល​ដ៏​សំខាន់​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ដៃ​ម្ខាង​កសាង​អភិវឌ្ឍន៍​ប្រទេស និង​ដៃ​ម្ខាង​ទៀត ទប់​ទល់នឹង​ការព្យាយាម វិលត្រឡប់​មកវិញ​នូវ​របប​ខ្មែរក្រហម​។

​រហូតដល់​ឆ្នាំ​១៩៨៧ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ជួបចរចា​ជាមួយ​សម្តេចព្រះ នរោត្តម សីហនុ និង​ភាគី​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ ដោយ​ប្រើពេល​រហូតដល់បួន​ឆ្នាំ ទម្រាំ​សម្រេចបាន​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១​។ សម្តេច​តេ​ជោបាន​នាំ​របបរាជានិយម មក​កម្ពុជា​ឡើងវិញ ហើយ​សម្តេច បាន​ដង្ហែ​សម្តេចព្រះ នរោត្តម សីហនុ យាង​និវត្ត​ត្រឡប់មក​កម្ពុជា​វិញ នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១​។ នៅ​ឆ្នាំ​១៩៩៣ កម្ពុជា​ក៏មាន​ការបោះឆ្នោត រៀបចំ​ដោយ​អ៊ុនតាក់​។

​ប៉ុន្តែ​ទោះជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ តែ​ប្រទេស​កម្ពុជា​យើង មិនទាន់មាន​សន្តិភាព​នៅឡើយ​ទេ ដោយសារតែ​ភាគី​ខ្មែរក្រហម នៅ​បន្ត​ចលនា​តស៊ូ តាម​ជាយដែន​កម្ពុជា​-​ថៃ ហើយ​ខ្មែរក្រហម ក៏​មិន​ចូលរួម​ការបោះឆ្នោត នា​ឆ្នាំ​១៩៩៣ ឡើយ​។ ការផ្ទុះអាវុធ នៅ​បន្ត​កើតមាន នៅ​តំបន់ ដែល​ខ្មែរក្រហម កាន់កាប់​តាម​ព្រំដែន​នោះ​។ រហូតដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទើប​ឈានទៅ​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា តាមរយៈ​ការចុះ​ចូល​របស់​មេដឹកនាំ​ខ្មែរក្រហម ដឹកនាំ​ដោយ​អៀង​សារី ខៀវ​សំផន និង​នួន​ជា​។​

​ក្នុងតួនាទី ជា​នាយករដ្ឋមន្ត្រី​កម្ពុជា រយៈកាល ៣៧​ឆ្នាំ​មកនេះ សម្តេច​តេ​ជោ ហ៊ុន សែន សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ ជាច្រើន សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា រួមមាន​ជាអាទិ៍​៖ ការរំដោះ​ប្រជាជន​កម្ពុជា ឱ្យ​រួច​ផុតពី​របប​វាលពិឃាត​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​។ ព្រឹត្តិការណ៍​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ ត្រូវបាន​ប្រជាជន​កម្ពុជា ប្រសិទ្ធ​នាម​ថា ជា​ថ្ងៃកំណើត​ទី​២​។ ក្រៅពីនោះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នេះហើយ ដែល​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ ជូន​ប្រជាជាតិ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ ឯកភាព​ជាតិ ព្រមទាំង​ធ្វើឱ្យមាន​វឌ្ឍនភាព​នៃរ​បប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅ​កម្ពុជា តាមរយៈ​ព្រឹត្តិការណ៍​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ការបោះឆ្នោតជាតិ ឆ្នាំ​១៩៩៣ រួមទាំង​គោលនយោបាយ​ឈ្នះ​ឈ្នះ ថ្ងៃ​២៩​ធ្នូ ឆ្នាំ​១៩៩៨​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​នាំមក​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​បាន និង​កំពុង​មាននៅ​កម្ពុជា​។ សម្តេច​តេ​ជោ ក៏​នាំមក​នូវ​កិត្យានុភាព​ជាតិ លើ​ឆាក​អន្តរជាតិ ដែល​កម្ពុជា កាន់​តែមាន​តួនាទី​សំខាន់​ឡើងៗ ក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ ពិសេស​នៅ​ឆ្នាំ​២០២២​នេះ កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ចូលខ្លួន ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា តាមរយៈ​ដំណើរ​ទស្សនកិច្ច លើកដំបូង ២​ថ្ងៃ នៅ​ណៃ​ពិដោ កាលពី​ថ្ងៃទី​៧-៨ ខែមករា ឆ្នាំ​២០២២​។

​ជារួមសម្តេច​តេ​ជោ ហ៊ុន សែន ជា​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់ ដែល​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវតែ​កត់ត្រា​ទុកជា “​វីរបុរស​ជាតិ​”​។ ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ច្បាស់លាស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​កម្ពុជា បានបញ្ចប់​សង្គ្រាម​ទាំងស្រុង ក្រោម​នយោបាយ ឈ្នះ ឈ្នះ ឈានទៅ​សម្រេចបាន​នូវ​ការបង្រួបបង្រួម​ជាតិ នាំមក​នូវ​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ជូន​ជាតិ​មាតុភូមិ​។ កម្ពុជា ក៏​ស្គាល់​ការអភិវឌ្ឍន៍​ជា​លំដាប់ បើទោះបីជា​ត្រូវ​រំខាន ដោយ​វិបត្តិ​កូ​វីដ​១៩ រួមទាំង​ក្រុមប្រឆាំង​មួយចំនួន​ក៏ដោយ​៕​សរន