ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៤ រួចរាល់ហើយនៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីតាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានបង្ហោះសារនិងរូបថតចាក់វ៉ាក់សាំងឲ្យដឹងថា«ពីរនាក់បានហើយ!ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំង ដូសជំរុញដើម្បីការពារកូវីដ-១៩ ។ គ្មានជម្រើសអ្វីឲ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារ និង៣កុំនោះទេ»។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានសរសេរទៀតថា៖«ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារខ្ញុំមិនឲ្យឆ្លងកូវីដ -១៩ បានឡើយ ។ ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ ។ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយគឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាច ការពារខ្លួនខ្ញុំបាន»។

ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋានទាំងដូសជំរុញដើម្បី ការពារខ្លួនយើង គ្រួសារយើង ភូមិ-ឃុំយើង និងជាតិយើង៕