​ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញៈ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​បញ្ចេញ​នូវ កាលបរិច្ឆេទ សម្រាប់​ការប្រកួត​កីឡា វាយ​សី​ដណ្ដើម​ពានរង្វាន់ ៧ មករា សម្រាប់​ឆ្នាំ​២០២២ នេះហើយ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា ដែលជា​អគ្គលេខាធិការ របស់​សហព័ន្ធ បាន​ឲ្យ​ដឹងថាៈ សម្រាប់​ឆ្នាំនេះ ការប្រកួត​ដណ្ដើម​ពានរង្វាន់ ៧​មករា គឺជា​ការប្រកួត លើក​ទី​២១ ហើយ​។ ការប្រកួត នឹងធ្វើ​នៅ​ទីលាន​សម្ព័ន្ធ​កីឡា​វាយ​សី ខេត្តសៀមរាប ដោយមាន​រយៈពេល ២ ថ្ងៃ គឺ​ពី​ថ្ងៃទី​២៨ ដល់ ២៩ ខែមករា ឆ្នាំ​២០២២ ។​

​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ ធ្វើឡើង​ដោយ​ចំណាយ​ថវិកា របស់​សហព័ន្ធ រួមជាមួយ សម្ព័ន្ធ​កីឡា​វាយ​សី ខេត្តសៀមរាប រួមជាមួយ​នឹង ការជួយឧបត្ថម្ភ​រប​ស់​សម្ព័ន្ធ​កីឡា វាយ​សី តាម​បណ្ដា​ខេត្ត​នានា ។​

​ការប្រកួត​នេះ គឺជា​ការ​ផ្ដល់ឱកាស ដល់​កីឡាករ ទាំង​កម្រិត​ជម្រើសជាតិ កម្រិត​ថ្នាល រួមជាមួយ​កីឡា​វ័យ​ចំណាស់ ដើម្បី​ឲ្យ​ពួកគាត់ ដែល​ភាគច្រើន ធ្លាប់ជា​កីឡាករ វាយ​សី​ល្បីៗ ដើម្បី​គាត់​បាន​ជួយ​គ្នា និង​រំលឹក​ឡើង​វិ​ញេ ពី​អតីតកាល​របស់​ពួកគាត់ ។​

​សូមបញ្ជាក់ថា សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​បង្កើតឡើង នូវ​ព្រឹត្តិការណ៍ ប្រកួត​ប្រចាំឆ្នាំ​របស់ខ្លួន ជាច្រើន គឺ​ក្រៅពី​ការប្រកួត​ជើងឯក​ជាតិ ដែល​ធ្វើឡើង ក្រោម​ថវិកា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ បាន​ស្វែងរក​ការជួយ ឧបត្ថម្ភ ពី​ផ្នែក​ឯកជន ដើម្បី​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​នានា ដើម្បី​បង្កើន សមត្ថភាព​កីឡាករ កីឡាការិនី​របស់ខ្លួន ។​

​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បានដាក់​គោលដៅ ប្រជែង​យក​មេដាយមាស ឲ្យ​បាន​យ៉ាងតិច ក៏​មួយគ្រឿង ដែរ​។​

​សូមបញ្ជាក់ថា កីឡា​វាយ​សី​កម្ពុជា គឺជា​ប្រភេទ​កីឡា​មួយ ដែល​កំពុង​តែមាន សក្ដានុពល ដោយសារតែ​សហព័ន្ធ បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍ ប្រកួត​ប្រចាំឆ្នាំ​ជាច្រើន ៕/V​