​ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញៈ កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា សាលី អ៊ូ​មើ​ត នឹង​អវត្តមាន ពី​ព្រឹត្តិការណ៍​ប្រកួត​រង្វាន់ កម្រិត​ពិភពលោក Jet Ski World Cup and World Series 2021-2022 (​ជុំ​ទី​៣) នៅ​ប្រទេស​ថៃ ដោយសារតែ​គេ មាន​របួស​ប្រេះ​ឆ្អឹងខ្នង ដែល​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់ ជាបន្ទាន់ ។​

​កីឡាករ​រូបនេះ បញ្ជាក់ថា រូបគេ ពុំបាន​ដឹង​មុន​ថា មាន​របួស​បែប​នេះឡើយ ។ ដោយមាន​អា​ការៈឈឺចាប់ ពីមួយថ្ងៃ ទៅមួយថ្ងៃ គេ​ក៏​ទៅពិនិត្យ ទើប​ដឹងថា ប្រេះ​ឆ្អឹងខ្នង ហើយ​លោក​វេជ្ជបណ្ឌិត បាន​ប្រាប់​ឲ្យ​ផ្អាក​សកម្មភាព​ហ្វឹកហាត់ និង​ការប្រកួត ហើយ​ត្រូវធ្វើ​ការវះកាត់ ជាបន្ទាន់​ទៀតផង ។​

​អ៊ូ​មើ​ត បញ្ជាក់ថា របួស​នេះ អាច​កើតឡើង អំឡុងពេល​ប៉ះទង្គិច ក្នុងការ​ហ្វឹកហាត់ ប្រមាណ​ជា ១​ខែ​មុន តែ​ខ្លួន​មិន​ចាប់អារម្មណ៍ ឡើយ​។​

​ដោ​សារ​របួស​ដែល​មិនអាច​អោយធ្វើ​ការប្រកួត​បាន សូម្បីតែ​ការហ្វឹកហាត់​ផងដែរ បានធ្វើ​ឲ្យ​ម្ចាស់​មេដាយមាស កីឡា​អាស៊ី ឆ្នាំ​២០១៨ រូបនេះ មានការ​សោកស្ដាយ ជាខ្លាំង ព្រោះ​ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង ហ្វឹកហាត់​ជា​យូរ​មកហើយ ដើម្បី​ត្រៀម ការប្រកួត ពិភពលោក​នេះ ក្នុង​គោលបំណង ដណ្ដើម​លទ្ធផល​ល្អ និង​កិត្តិយស​ជូន ជាតិ តែ​បែរជា​ត្រូវ​ខកខាន​ទៅវិញ ខណៈ​ការប្រកួត ក៏​ហៀបនឹង​ចាប់ផ្ដើម​ផងដែរ​។​

​យ៉ាងណាក្ដី ពេលនេះ សាលី អ៊ូ​មើ​ត បានស្នើ​ពន្យារពេល ការវះកាត់​សិន ដើម្បី​ដឹកនាំ​កីឡាករ ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា បួន រូប​ទៀត ចូលរួម​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​ពិភពលោក ខាងលើ រួមមាន កីឡាករ ម៉ី​ន មូ​ស្ដា​ន​, កៃ​វ៉ាន់ ស៊ី​ដែន​, សាលី ហ្វី​លីន និង ម៉ី​ន អូស្មាន ។ បន្ទាប់មក ទើប​រូបគេ កំណត់​ពេលវេលា ធ្វើការ​វះកាត់ ដែល​អាច​នឹង​ធ្វើឡើង នា​ចុង​ខែម​ករានេះ ។​

​សម្រាប់​ព្រឹត្តិការណ៍ Jet Ski World Cup and World Series 2021-2022 គឺ​បែងចែក​ការប្រកួត​ជា ៣ ជុំ ដោយ​ជុំ​ទី​១ ប្រកួត​នៅ​ប្រទេស​ប៉ូឡូញ និង​ជុំ​ទី​២ ប្រកួត​នៅ​សហរដ្ឋអាមេរិក កាលពី​ចុងឆ្នាំ​២០២១ តែ​កីឡាករ​កម្ពុជា រួមទាំង សាលី អ៊ូ​មើ​ត ពុំបាន​ចូលរួម​នោះទេ ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ។
​ចំពោះ​ការប្រកួត​ជុំ​ទី​៣ នៅ​ថៃ ក្នុង​សប្ដាហ៍​នេះ គឺមាន​កីឡាករ​កម្ពុជា បួន រូប ចូលរួម លើកលែងតែ អ៊ូ​មើ​ត ប៉ុណ្ណោះ ដែល​អវត្តមាន​៕/V​