​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​មហា​សមុទ្រ​និង​បរិយាកាស​ជាតិ​អាម៉េរិក (NOAA) ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​មករា​បាន​​ឱ្យដឹងថា ប្រាំបួន​ឆ្នាំ​ចុង​ក្រោយ​ចន្លោះ​ឆ្នាំ ២០១៣-២០២១ បាន​ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម ១០ ឆ្នាំ ដែល​ក្តៅ​បំផុត​នៅលើ​កំណត់ត្រា​ដែល​នេះ​ជា​ទិន្នន័យ​ចុងក្រោយ​បំផុត​គូសបញ្ជាក់​អំពី​វិបត្តិ​​អាកាសធាតុ​ពិភពលោក​។

​សម្រាប់​ឆ្នាំ ២០២១ សីតុណ្ហភាព​ជា​មធ្យម​នៅ​ទូទាំង​ផ្ទៃ​ដី​សកលលោក​គឺ ០,៨៤ អង្សា​សេ​លើស​ពី​កម្រិត​មធ្យម​នៃ​សតវត្សរ៍​ទី ២០ ដោយ​ធ្វើឱ្យ​ឆ្នាំ​នេះ​ក្លាយជា​ឆ្នាំ​ក្តៅ​បំផុត​ទី​ប្រាំមួយ​នៅក្នុង​កំណត់ត្រា​រួម ដែល​គិត​ចាប់តាំងពី​ឆ្នាំ ១៨៨០ ។​

​លោក រូស​សែ​ល វ៉ូ​សេ ជា​ប្រធាន​ផ្នែក​ឃ្លាំមើល​អាកាសធាតុ​នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ព័ត៌មាន​បរិស្ថាន​នៃ NOAA បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ជា​ការពិត​ទាំងអស់នេះ​ត្រូវបាន​ជំរុញ​ដោយ​ការ​កើន​​ឡើង​នៃ​កំហាប់​ឧស្ម័ន​ក្តៅ​ដូចជា​កាបូនឌីអុកស៊ីត​”​។​

​លោក​និយាយថា “​ប្រហែលជា​មាន​ឱកាស ៩៩ ភាគរយ​ដែល​ឆ្នាំ ២០២២ នឹង​ជាប់​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០, ឱកាស ៥០-៥០ ប្រហែល​ជា​វា​នឹង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង ៥ និង​ឱកាស ១០ ភាគរយ ដែល​វា​នឹង​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​” ដោយ​មិន​រាប់បញ្ចូល​ព្រឹត្តិការណ៍​មើលមិនឃើញ​ដទៃទៀត ដូចជា ការផ្ទុះ​ភ្នំភ្លើង​ដ៏​ធំ ឬ ផ្កាយព្រះគ្រោះ​ដ៏​ធំ​មក​បុក​ផែនដី​។​

NOAA​ក៏​ប្រើ​អំឡុង​រយៈពេល ២១ ឆ្នាំ​ពី​ចន្លោះ​ឆ្នាំ ១៨៨០ ដល់ ១៩០០ ជា​ការប្រៀបធៀប​ជំនួស​មួយ​ផង​ដែរ ដើម្បី​វាយតម្លៃ​ស្ថានភាព​មុន​ឧស្សាហកម្ម ហើយ​បាន​រកឃើញថា​សីតុណ្ហភាព​លើ​ផ្ទៃ​ដី​និង​មហា​​សមុទ្រ​ពិភពលោក​ក្នុង​ឆ្នាំ ២០២១ គឺ ១,០៤ អង្សា​សេ​លើស​ពី​កម្រិត​មធ្យម​។​

​ការវិភាគ​ដាច់ដោយឡែក​នៃ​សីតុណ្ហភាព​សកល​ដែល​ចេញផ្សាយ​ដោយ​ណា​សាបាន​ដាក់​ឆ្នាំ ២០២១ ស្មើ​នឹង​ឆ្នាំ ២០១៨ ជា​ឆ្នាំ​ក្តៅ​បំផុត​ទី​ប្រាំមួយ​ក្នុង​កំណត់ត្រា​។​

​កាលពី​ឆ្នាំមុន​ក៏​ឃើញ​មនុស្ស​ជិត​៧០០​នាក់​ស្លាប់​នៅ​សហរដ្ឋ​អាម៉េរិក​ដោយសារ​អាកាស​ធាតុ​ធ្ងន់ធ្ងរ​ផងដែរ ដូចជា​ព្យុះកំបុតត្បូង​អ៊ី​ដា និង​សីតុណ្ហភាព​ខ្ពស់​រហូតដល់ ៤៩​អង្សា​សេ​នៅ​តំបន់​ស៊ី​ស៊ី​លី​​របស់​អ៊ីតាលី​៕

​អាកាសធាតុ​ក្តៅ​កំពុង​បំផ្លាញ​ផែន​ទឹកកក​តំបន់​ប៉ូល​ដែល​ជា​ជម្រក​សត្វ​ខ្លាំឃ្មុំ​ទឹកកក​