ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ បាន​អះអាងថា ទ្រព្យសកម្ម​របស់​ប្រព័ន្ធ​ធនាគារ​មាន​កំណើន ១៦% ដល់​ដល់ ២៧៨,៦ ទ្រី​លាន​រៀល ស្មើនឹង ៦៨,២ ប៊ី​លាន​ដុល្លារ ។

​ប្រភព​ដដែល​បាន​បន្តថា ឥណទាន​អតិថិជន​កើន ២១,២% ដល់ ១៨៦,៤ ទ្រី​លាន​រៀល ស្មើនឹង ៤៥,៧ ប៊ី​លាន ដុល្លារ ហើយ​ដោយឡែក​ប្រាក់​បញ្ញើ អតិថិជន​មាន​កំណើន ១៥,៤% ដល់ ១៥៧,១ ទីលាន​រៀល ស្មើនឹង ៣៨,៥ ប៊ី​លាន​ដុល្លារ ។​

​លោក អ៊ុក សា​រ៉ា​ត ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ទូទាត់​សង​ប្រា​ក់បាន​ឲ្យឹ​ដឹងថា ប្រព័ន្ធ​ទូទាត់​សង​ប្រា​ក់នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ និង​កំពុង​វិ​វត្ត​ទៅរក​ការទូទាត់​ឌីជីថល​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ សេវា និង​ឧបករណ៍​ទូទាត់​ថ្មីៗ​។​

​លោក​បាន​បន្តថា ក្នុង​ឆ្នាំ​២០២១ ការទូទាត់​អេឡិចត្រូនិក​បាន​កើនឡើង ធៀប​នឹង​ឆ្នាំ​២០២០ ដោយ​ប្រតិបត្តិ​ការទូទាត់​អេឡិចត្រូនិក​មាន​ចំនួន ៦៩៨,៨ លាន​ប្រតិបត្តិការ គិត​ជា​ទឹកប្រាក់ ១៩៩,៧៦ ប៊ី​លាន​ដុល្លារ​អាមេរិក ស្មើនឹង ៧៨៧% នៃ​ផលិតផល​សរុប​។

​លោក​បាន​បន្តថា ជាមួយនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គ្រឹះស្ថាន ធនាគារ​និង​ហិរញ្ញវត្ថុ​មួយចំនួន​បានដាក់​ឱ្យប្រើ​ប្រាស់​សេវា​ផ្ទេរប្រាក់ និង​ទូទាត់ ឆ្លងដែន​តាមរយៈ​មធ្យោបាយ​ឌីជីថល​បន្ថែម​ពីលើ​ការផ្តល់សេវា​តាម​ភ្នាក់ងារ និង​បញ្ជរ​៕​/PC