ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួងបរិស្ថាន បានបង្ហាញ​ពី​ទិន្នន័យ នៃ​វត្តមាន សត្វព្រៃ ជាច្រើន​ប្រភេទ នៅក្នុង​តំបន់ការពារ​ធម្មជាតិ របស់​ប្រទេស​កម្ពុជា ក្នុងភូមិ​សាស្ត្រ ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន បាន​ថ្លែង​ឱ្យដឹង នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ នេះ​ថាៈ សត្វ​ជិត​ផុត​ពូជ ប្រភេទ​ទទួលរង​គ្រោះថ្នាក់ ប្រភេទ​ទទួល​គំរាមកំហែង ចំនួន ១០ ប្រភេទ ត្រូវបាន​កត់សម្គាល់ តាមរយៈ​ទិន្នន័យ ប្រមូលបាន​ពី​រូបថត ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​មន្ត្រី​ជំនាញ នៃ​ក្រសួងបរិស្ថាន បាន​អនុវត្ត​សិក្សា ក្រោម​ការគាំទ្រ​ពី គម្រោង​និរន្តរភាព តំបន់​ទេសភាព និង​ទេសចរណ៍ ធម្មជាតិ​កម្ពុជា នៃ​ក្រសួងបរិស្ថាន​។​

​បើ​យោងតាម​លទ្ធផល នៃ​ការសិក្សា​របស់ គម្រោង​និរន្តរភាព តំបន់​ទេសភាព និង​ទេសចរណ៍ ធម្មជាតិ​កម្ពុជា នៃ​ក្រសួងបរិស្ថាន រយៈពេល ២ . ៥ ខែ​ពី​ចុងខែ​តុលា ឆ្នាំ​២០២១ ដល់​ដើមខែ​មករា ឆ្នាំ​២០២២ នេះ ក្រសួងបរិស្ថាន បាន​រកឃើញ​វត្តមាន ប្រភេទ​សត្វព្រៃ មាន​ដោយ​កម្រ ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ទទួលរង​គ្រោះថ្នាក់ ប្រភេទ​ទទួល​គំរាមកំហែង ចំនួន ១០ ប្រភេទ រួមមាន ដំរី​អាស៊ី ខ្ទីង ប្រើស​ស្បូវ កែះ ខ្លាឃ្មុំ​តូច ខ្លាឃ្មុំ​ធំ ឆ្កែព្រៃ ជ្រូកពោន ឬ ជ្រូកព្រុល សំពោច ក លឿង និង​ស្វា​ត្រោស និង​ប្រភេទ​ថនិកសត្វ បក្សី​មួយចំនួនទៀត មាន​វត្តមាន នៅក្នុង​តំបន់ការពារធម្មជាតិ នៅក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង​។​

​លោក​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបញ្ជាក់​ថាៈ ក្រសួងបរិស្ថាន សូម​ថ្លែង​អរគុណ ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​ជំនាញ មន្ទីរ​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​មូលដ្ឋាន នៃ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង គាំទ្រ​ដោយ​គម្រោង​និរន្តរភាព តំបន់​ទេសភាព និង​ទេសចរណ៍ ធម្មជាតិ​កម្ពុជា នៃ​ក្រសួងបរិស្ថាន សម្រួល​ក្រោម​ហិរញ្ញប្បទាន ពី​ធនាគារពិភពលោក​។​

​លោក​បាន​ថ្លែងថាៈ ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ ក្រុមមន្ត្រី​ជំនាញ ក្រសួងបរិស្ថាន បានដាក់​ម៉ាស៊ីន ថត​ស្វ័យប្រវត្តិ​ចំនួន ៤៩ ទីតាំង ដែល​ក្នុងនោះ ក្នុង​ដែន​ជម្រក សត្វព្រៃ នៅ​ខេត្តពោធិ៍សាត់ ចំនួន ២៣ គ្រឿង ខេត្តបាត់ដំបង ចំនួន ១៦ គ្រឿង និង​ខេត្តកោះកុង ចំនួន ១០ គ្រឿង ក្នុង​គោលបំណង​ដើម្បី ១) បង្កើន​ចំណេះដឹង ពី​វិធីសាស្ត្រ​សិក្សា និង​ប្រមូល​ទិន្នន័យ​ជីវៈចម្រុះ ២) ស្វែងរក​វត្តមាន និង​អវត្តមាន ប្រភេទ​សត្វ មាន​ដោយ​កម្រ ជិត​ផុត​ពូជ ទទួលរង​គ្រោះថ្នាក់ និង​គំរាមកំហែង ៣)​វាយតម្លៃ​ស្ថានភាព និង​របាយ​សត្វព្រៃ​សំខាន់ៗ​។​

​គួររំលឹកថា វា​គឺជា​លើក​ទី​២ ហើយ ក្នុង​ក្របខណ្ឌ នៃ​គម្រោង​និរន្តរភាព តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា មន្ត្រី​ជំនាញ នៃ​ក្រសួងបរិស្ថាន បាន​ប្រមូល​ទិន្នន័យ ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ទទួលបាន​រូបភាព និង​វិ​ដេ​អូ​សត្វព្រៃ ក្នុង​តំបន់ការពារធម្មជាតិ​។ ការប្រមូល​ទិន្នន័យ លើក​ទី​១ ធ្វើឡើង​កាលពី​ថ្ងៃទី​២៩ ខែឧសភា ដល់​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ដែនជម្រកសត្វព្រៃ ក្នុងភូមិ​សាស្ត្រ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​បានដាក់​ជាច្រើន​ខែ​រួចមក​។
​រូបភាព​សត្វព្រៃ ជិត​ផុត​ពូជ រង​ការគំរាមកំហែង និង​មាន​ដោយ​កម្រ​មួយចំនួន​ដូចជា សត្វ​ដំរី​អាស៊ី ខ្លា​ពពក ខ្លាំ​ឃ្មុំ​តូច ខ្ទីង ប្រើស ដែល​ថត​បាន​ភាគច្រើន ដើរ​ជា​ហ្វូង និង​មាន​កូនតូចៗ ជាច្រើន ពិសេស​សត្វ​ដំរីព្រៃ ក្នុង​មួយ​ហ្វូង មានកូន​តូច ដំរី​ជំទង់ និង​ពេញវ័យ ក្នុង​មួយក្រុមៗ មាន​ដំរីព្រៃ ចន្លោះ​ពី​១០ ទៅ ២០ ក្បាល​។​

​សូមបញ្ជាក់ថា គម្រោង​និរន្តរភាព តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា ក្រោម​ហិរញ្ញប្បទាន ពី​ធនាគារពិភពលោក ហើយ​គម្រោង​នេះ បានចាប់ផ្តើម​អនុវត្ត ជា​ផ្លូវការ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ និង​គ្រោង​នឹង​បញ្ចប់ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​។​

​គម្រោង​នេះ មាន​គោលបំណង ធ្វើឱ្យ​ប្រសើរ​នូវ ការគ្រប់គ្រង តំបន់ការពារធម្មជាតិ ជំរុញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ ទេសចរណ៍ធម្មជាតិ និង​ដើម្បី​បង្កើន​ច្រ​វ៉ា​ក់ តម្លៃ​អនុផល​ព្រៃឈើ នៅ​តំបន់​ទេសភាព ជួរ​ភ្នំក្រវាញ និង​បឹង​ទន្លេសាប​។
​គម្រោង​នេះ ចែកជា ៥ សមា​សភា​គៈ ១) ការពង្រឹង​សមត្ថភាព​ក្នុងការ​រៀបចំ​ផែនការ និង​ការគ្រប់គ្រង តំបន់​ទេសភាព ក្នុង​តំបន់ការពារធម្មជាតិ ២) ពង្រឹង​ឱកាស សម្រាប់​អភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិ និង​ច្រវាក់​តម្លៃ​អនុផល​ព្រៃឈើ ៣) ជំរុញ​នូវ​ការតភ្ជាប់​ខ្សែ​ផ្លូវចេញចូល នៅតាម​ជនបទ ៤) ការគ្រប់គ្រង​គម្រោង ការត្រួតពិនិត្យ និង​ការវាយតម្លៃ និង ៥) ការឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន​។​

​ការដែល​ជ្រើសរើស ដែនជម្រកសត្វព្រៃ ស្ថិតក្នុង​ភូមិសាស្ត្រ​ពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង ដើម្បី​ដាក់​ម៉ាស៊ីន ថត​ស្វ័យប្រវត្តិ​នេះ ត្រូវបាន​លោក នេត្រ ភក្ត្រា ឱ្យដឹងថា ដោយសារតែ​តំបន់ការពារធម្មជាតិ​នេះ គ្របដណ្តប់ ដោយ​ប្រភេទ​ព្រៃ ស្រោង ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ លាយឡំ​ដោយ​ព្រៃ​ឫស្សី និង​វាលស្មៅ​។

លើសពីនេះ​ទៀត ទីតាំង​ភូមិសាស្ត្រ ក្នុង​ដែនជម្រកសត្វព្រៃ ក្នុងភូមិ​សាស្ត្រ​ខេត្ត ទាំង ៣ នេះ មាន​អូរ​បឹងបួរ ស្ទឹង​ជា​ប្រភពទឹក ដែលជា​ទីជម្រក​ប្រសើរ សម្រាប់​សត្វព្រៃ និង​សម្រាប់​ជួយ​គាំទ្រ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែល​ចាំបាច់​តម្រូវឱ្យ មានការ គ្រប់គ្រង និង​អភិរក្ស ស្របតាម​គោលការណ៍​ណែនាំ និង​បច្ចេកទេស​។ ជាមួយនឹង ដំណឹង​ដ៏​ល្អ នៃ​ការរកឃើញ​វត្តមាន សត្វព្រៃ​កម្រ​ជាច្រើន​នេះ ក្នុងនាម​ក្រសួងបរិស្ថាន លោក​រដ្ឋលេខាធិការ បាន​អំពាវនាវ ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ចូលរួម ទាំងអស់គ្នា ដើម្បី​បញ្ឈប់​ការបរិភោគ សាច់សត្វ​ព្រៃ ការប្រើប្រាស់ ផលិតផល ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ ដែល​សុទ្ធសឹង​អាច​បង្ក​ហានិភ័យ​ខ្ពស់ ដល់​សុខភាព មនុស្ស ហើយ​មក​ចូលរួម​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​របស់ កម្ពុជា​នេះ ឱ្យបាន​គង់វង្ស សម្រាប់​មនុស្ស រាប់​ជំនាន់​ទៅមុខទៀត​៕/V