ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖ កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មករា​បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​២​ដើម នៅក្នុង​ការបាញ់​កាំជ្រួច​លើក​ទី​៣​របស់​ខ្លួន​នៅក្នុង​ខែ​នេះ ដោយ​ទំនង​ជា​ការឆ្លើយតប​ទៅ​​នឹង​ទណ្ឌកម្ម​ថ្មី​របស់​អាម៉េរិក​ចំពោះ​ការសាកល្បង​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​អះអាងថា​ជា​កាំជ្រួច​លឿន​ជាង​សម្លេង​កាលពីពេល​ថ្មីៗ​។​

​នាយសេនាធិការ​ចំរុះ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយថា កាំជ្រួច​ត្រូវបាន​បាញ់​ចេញពី​តំបន់​ដីគោក​មួយ​នៅក្នុង​ខេត្ត​ព្យុង​ហ្កាន​ខាងជើង​។​

​ចំណែក​ការិយាល័យ​នាយករដ្ឋមន្ត្រី​និង​ក្រសួង​ការពារជាតិ​ជប៉ុន ក៏​បាន​ចាប់​បាន​សញ្ញា​នៃ​ការបាញ់ នៅ​ពេល​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​អំពាវនាវ​អោយ​នាវា​នានា​យកចិត្តទុកដាក់​គេចចេញ​ពី​វត្ថុ​ដែល​ធ្លាក់​​មក​ពី​លើ​។​

​នៅ​ប៉ុន្មាន​ម៉ោង​មុន​ការបាញ់​បង្ហោះ កូរ៉េ​ខាងជើង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​វាយប្រហារ​រិះគន់​រដ្ឋាភិបាល​អាម៉េរិក​ចំពោះ​ការដាក់ទណ្ឌកម្ម​ថ្មី​ដោយសារតែ​ការសាកល្បង​កាំជ្រួច​របស់​ខ្លួន​និង​​បាន​ព្រមាន​អំពី​ចំណាត់ការ​ខ្លាំងក្លា​និង​ជាក់ស្តែង​ខ្លាំង​ឡើង បើសិនជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​ប្រកាន់​«​គោលជំហរ​ប្រឈមមុខ​»

​ទណ្ឌកម្ម​បាន​ដាក់​លើ​ជនជាតិ​កូរ៉េ​ខាងជើង​៥​នាក់ ដោយសារ​តួនាទី​របស់​គេ​នៅ​ក្នុង​ទទួលបាន​គ្រឿង​បរិក្ខា​និង​បច្ចេកវិទ្យា​សំរាប់​កម្មវិធី​កាំជ្រួច​របស់​កូរ៉េខាងជើង​ក្នុង​ការឆ្លើយតប​ទៅនឹង​ការសាកល្បង​​កាំជ្រួច​របស់​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​។​អាម៉េរិក​ក៏បាន​និយាយថា ខ្លួន​នឹង​ស្វះស្វែង​សុំ​ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ​លើ​កូរ៉េខាងជើង​ថែមទៀត​។​

​ការបាញ់​បង្ហោះ​កាំជ្រួច​លឿន​ជាង​សម្លេង​ពី​មុន​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ក្រោម​ការត្រួត​មើល​ពី​មេដឹកនាំ​គីម ជុង​អ៊ុន ដែល​បាន​និយាយថា​វា​បង្កើន​ខែល​សង្គ្រាម​នុយគ្លេអ៊ែ​ររ​បស់​ប្រទេស​ជា​ខ្លាំង​។​

​កូរ៉េខាងជើង​ត្រូវបាន​គេ​មើលឃើញ​ថា​កំពុង​បង្កើន​ការសាកល្បង​កាំជ្រួច​ថ្មីៗ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​និង​អាច​គេ​ផុត​ពី​ខែល​ការពារ​កាំជ្រួច​របស់​ស​ត្រូវ​។​ទោះជា​យ៉ាងណា អ្នកជំនាញការ​ខ្លះ​​បាន​និយាយថា លោក​គីម​កំពុង​វិល​ទៅ​រក​តិច​និច​ចាស់​គឺ​បាញ់​កាំជ្រួច​ដើម្បី​ដាក់​សម្ពាធ​មុន​ចូលរួម​ចរចា​ក្នុង​បំណង​ទទួលបាន​សម្បទាន​៕