ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នា​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២២ ថា​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០២១ មាន​ភាពល្អ​ជាង​ឆ្នាំ​២០២០​តែ​នឹង​បន្ត​ដាក់ចេញ​វិធានការ​បុ​រេ​សកម្ម​នានា ។

​លោក​បាន​អះអាងថា សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០២១ មាន​ភាពល្អ​ជាង​ឆ្នាំ​២០២០ ដែល​គាំទ្រ​ដោយ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ចពិភពលោក​ដែល​បាន​ជួយ​ជំរុញ​ការនាំចេញ គួបផ្សំ​និង​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​នូវ​វិធាន​ការគាំទ្រ​សេដ្ឋកិច្ច វិធានការ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៅក្នុង​សហគមន៍ និង​ការសម្រេច​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​បាន​ប្រមាណ ៩០% នៃ​ប្រជាជន​សរុប ដែល​បាន​បើក​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ដំណើរការឡើង​វិញ​ជា​លំដាប់​។​

​លោក​បាន​បន្ថែមថា កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​ប៉ាន់​ស្មានថា សម្រេចបាន​ក្នុង​រង្វង់ ៣% នៅ​ឆ្នាំ​២០២១ ធៀប​នឹង -៣,១% ឆ្នាំ​២០២០ ជាមួយ​អត្រា​អតិផរណា ២,៩% ដែលជា​កម្រិត​ទាប អាច​គ្រប់គ្រង​បាន​។

​លោក​បាន​បន្តទៀតថា ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ តាមរយៈ​ការលក់​ប្រាក់​ដុល្លារ​អាមេរិក​ជាង ៥០០ លាន ដើម្បី​ស្រូបយក​ប្រាក់រៀល​ពី​សេដ្ឋកិច្ច និង​រក្សា​អត្រា​ប្តូរប្រាក់​ទីផ្សារ​ឱ្យមាន​ស្ថិរភាព​ក្នុង​រង្វង់ ៤.០៩៩ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​ដាក់ចេញ​វិធានការ​បុ​រេ​សកម្ម​នានា ជាពិសេស ការបន្ត​ការបន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ និង​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ​វិត្ថារ​កម្ម ដែល​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មាន​សាច់ប្រាក់​គ្រប់គ្រាន់ សម្រាប់​ពង្រឹង​ស្ថានភាព​ដើមទុន និង​លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង​ហានិភ័យ​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​បន្ត​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ផ្តល់​ការអនុគ្រោះ​រៀបចំ​ឥណទាន​ឡើងវិញ សរុប​ចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រី​លាន​រៀល (៥,៥ ប៊ី​លាន​ដុល្លារ​អាមេរិក​) ដែល​បាន​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ​និង​អាជីវ​កម្មបាន​មួយកម្រិត​។​

​លោក​បាន​បន្ថែមថា ស្របតាម​ដំណើរការ​សេដ្ឋកិច្ច​និង​ការរស់នៅ​តាម​គន្លង​ថ្មី ធនាគារជាតិ​នៃ​កម្ពុជា​បាន​អភិវឌ្ឍ​និង​អនុញ្ញាតឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេ​ឡិ​ក​ត្រូ​និក ដែល​បាន​សម្រួល​ដល់​ការទូទាត់​និង​ការផ្ទេរ​ប្រាក់ ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ហើយ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ក៏បាន​ពង្រឹង​ជាប្រចាំ​នូវ​ការអនុវត្ត ច្បាប់ បទ​ប្បញ្ញត្តិ និង​កាតព្វកិច្ច​នានា​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​របស់​បុគ្គល​រាយការណ៍​៕​