ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានប្រកាស កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ និង បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​បី​ឃុំ​សង្កាត់ នាបី​ស្រុក​ក្រុង នៅក្នុង​ខេត្តបន្ទាយមានជ័យ ។ កម្មវិធី​នោះ បានធ្វើ​ដាច់ដោយឡែក​ពីគ្នា ពីថ្ងៃ​ទី​១២ , ១៣ និង ១៤ ខែមករា ឆ្នាំ​២០២២ ។​

​ការប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ នៃ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​ខ្លះ នៃ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក នា​ថ្ងៃទី​១២ ខែមករា មាន​ក្បាលដី ប៉ាន់ប្រមាណ​ជាង បួន ពាន់ និង​នៅ​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ មាន​ក្បាលដី ប្រមាណ ប្រាំ​ពាន់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​

​ចំណែក ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​១ និង​ភូមិ​ចក សង្កាត់​ព្រះ​ន្លា ក្រុង​សិរីសោភ័ណ មាន​ក្បាលដី ចំនួន ៣,២៥៧ ក្បាលដី ។ កម្មវិធី​នេះ បានធ្វើ​ឡើង នៅ​វត្ត​ចម​សុទ្ធា វេស ហៅ​វត្ត​ស្វាយ​ចាស់ នា​រសៀល​ថ្ងៃទី ១៣ មករា ២០២២ ក្រោម​អធិបតីភាព លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ។​

​លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ ក្នុង​ការបិទ​ផ្សាយ ជា​សាធារណៈ នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុងភូមិ ១ និង ភូមិ​ចក ដែលមាន​ក្បាក​ដី ៣.២៥៧ ក្បាលដី​នេះ គឺ​ក្នុង​រយៈពេល ១៥ ថ្ងៃ ទុក​ឲ្យ​ម្ចាស់​ដី មក​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ធ្វើការ​កែតម្រូវ​។ ភូមិ​១ មាន​ដី ១.៨១១ ក្បាលដី និង​ភូមិ​ចក មាន​ដី ១.៤៤៦ ក្បាលដី ក្នុងនោះ មាន​ដី​លំនៅដ្ឋាន ដី​កសិកម្ម ដី​អាងទឹក ដី​ទំនាស់ និង​ដី​គ្មាន​ទិន្នន័យ​។​

​លោក អាង ណា​រិ​ទ្ធ បាន​ឲ្យ​ដឹង​បន្តថាៈ ចំពោះ​ការប្រកាស​កំណត់ តំបន់​ធ្វើការ​វិនិច្ឆ័យ នៃ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ចុះបញ្ជី​ដីធ្លី និង​នីតិវិធី​នៃ ការចុះបញ្ជី ដីធ្លី មាន​លក្ខណៈ​ប្រព័ន្ធ និង​ចំពោះ ទាំង​ម្ចាស់​ក្បាលដី ដែល​ស្ថិតក្នុង​ការបិទ​ផ្សាយ ជា​សាធារណៈ នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ វា​មាន ប្រាំ ដំណាក់កាល ទើប​អាច​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ លើ​អចលនវត្ថុ ឬ​ហៅថា ប្លង់រឹង បានៈ​
១.​ត្រៀម​រៀបចំ គឺជា​ការកំណត់​ធ្វើការ​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ជូនដំណឹង​កិច្ចប្រជុំ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ​។​
២.​ប្រតិបត្តិការ​បច្ចេកទេស ចុះ​វាស់វែង និង​ធ្វើការ​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​
៣.​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ ម្ចាស់​ដី ដែលមាន​រយៈពេល ១៥ ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ដែល ពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះ និង​ស្ថានភាព​គ្រួសារ និង​ក្បាលដី​របស់ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា ក្នុងករណី​មាន​ទិន្នន័យ​ខុសឆ្គង គឺ​ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២ រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក ផងដែរ​។ ផុត​រយៈពេល កំណត់ នៃ​ការបោះ​ផ្សាយ បងប្អូន​ប្រជាពលរដ្ឋ មិនអាច​ជំទាស់​បន្តបាន​ទៀតឡើយ​។​
៤.​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​ពី​លទ្ធផល នៃ​ការបិទ​ផ្សាយ​ជា សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ របស់​គណៈកម្មការ​រ​ដ្ឋ​បាល ជូន​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការផ្ដល់​សិទ្ធិ ចំពោះ​ក្បាលដី​ណា ដែល​មិនទាន់មាន ទំនាស់ ។​
៥.​ចុះបញ្ជី​ចេញ​ប័ណ្ណ និង​ចែក​ប័ណ្ណ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​លើ​អ​លន​វត្ថុ​ជូន​ម្ចាស់​ដី ។​
​ពោលគឺ ដូច​ម្ចាស់​ក្បាលដី នៅ​ភូមិ​១ និង​ភូមិ​ចក សង្កាត់​ព្រះ​ពន្លា គឺ​នៅសល់ ពីរ ដំណាក់កាល​ទៀត អាច​ចេញ និង​ចែក​ប័ណ្ណ ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ហើយ​។​

​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ ការបិទ​ផ្សាយ ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​នេះ មាន​រយៈពេល ១៥ ថ្ងៃនេះ ជា​ពេលវេលា​កំណត់​ចុងក្រោយ សម្រាប់​អ្នកកាន់កាប់​ដី និង​អង្គភាព​ពាក់ព័ន្ធ មក​ពិនិត្យ​ទិន្នន័យ ដើម្បី​បញ្ជាក់ថា ទិន្នន័យ​ក្បាលដី របស់លោក​អ្នក លោកស្រី ពិតជា​ត្រឹមត្រូវ ឬ​អត់​។ ប្រសិនបើ​មាន​កំហុសឆ្គង ដោយ​ប្រការ​ណាមួយ ដូចជា ចុះឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ​ភេទ ទំហំ​ដី និង​ប្រភេទ​ទ្រព្យ ជាដើម​នោះ ម្ចាស់​ដី ត្រូវធ្វើ​ការស្នើសុំ កែតម្រូវ ក្នុងកំឡុងពេល ១៥ ថ្ងៃនេះ ។ ក្រោយពី​ការបិទ​ផ្សាយ​នេះ ចប់​ជា​ស្ថាពរ អ្នកកាន់កាប់​ដី និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ មិនអាច​តវ៉ា​បាន​ទៀត ឡើយ​។​

​អាស្រ័យហេតុនេះ ក្រោយពេល​១៥ ថ្ងៃ នៃ​ការបិទ​ផ្សាយ ត្រូវបាន​បញ្ចប់ ក្រុមការងារ ដែល​ប្រចាំការ នៅ​ទីនោះ សូម ធ្វើការ​សហការ​ជាមួយ អាជ្ញាធរ​ដែនដី ជាពិសេស លោក​មេភូមិ​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ បើ​ពិនិត្យ​ទិន្នន័យ​ក្បាលដី ឲ្យ​បាន គ្រប់គ្នា ។​

​លោក អ៊ុំ រាត្រី អបអរសាទរ​ចំពោះ​បងប្អូន​ម្ចាស់​ក្បាលដី ដែល​បាន​ឈានដល់ ដំណាក់កាល​នេះ នៃ​ការចុះបញ្ជី​សុរិយោដី ក្បាលដី ហើយ​ក៏បាន​ថ្លែងអំណរគុណ ដល់​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដែល​បានដាក់​គោលនយោបាយ ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ ៕/V​